វិសាលភាពភ្នំធម្មជាតិមានរាប់រយក្នុងភូមិសាស្ត្រខេត្តកំពត
- កំពត
ខេត្តកំពត ៖ ខេត្តជាប់សមុទ្រធំជាងគេទី៣នៃប្រទេសកម្ពុជា និងល្បីល្បាញដោយសារម្រេច និង
ខេត្តកំពត ៖ ខេត្តជាប់សមុទ្រធំជាងគេទី៣នៃប្រទេសកម្ពុជា និងល្បីល្បាញដោយសារម្រេច និង
ខេត្តកំពត ៖ ខេត្តជាប់សមុទ្រធំជាងគេទី៣នៃប្រទេសកម្ពុជា និងល្បីល្បាញដោយសារម្រេច និងទុរេន គឺខេត្តកំពត ។ សម្រាប់រសជាតិទុរេន ត្រូវបានទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។ ចំណែកម្រេចមានគុណភាពល្អជាប់ចំណាត់ថ្នាក់ពិភពលោក ។ ខេត្តនេះមានរមណីយដ្ឋានធម្មជាតិនិងសំណង់អគារប្រវតិ្តសាស្ត្រសម័យអាណានិគមជាច្រើន សម្រាប់ភ្ញៀវទស្សនានិងស្វែងយល់ ។
ខេត្តកំពត ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានឆ្នេរសមុទ្រប្រវែង៨០គីឡូម៉ែត្រ និងមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកោះកុងខេត្តកំពង់ស្ពឺនៅភាគខាងជើង ខាងកើតជាប់នឹងខេត្តតាកែវ ខាងលិចជាប់នឹងខេត្តព្រះសីហនុនិងខេត្តកែប ហើយភាគខាងត្បូងជាប់នឹងឈូងសមុទ្រថៃ ។
ក្រុងកំពត គឺជាក្រុងមួយសម្បូរទៅដោយអគារហាងចិនច្រើនជាងគេក្នុងសម័យអាណានិគមបារាំង និងមានសម្រស់ស្រស់ស្អាតគួរជាទីស្ញប់ស្ញែងកាលពីអតីតកាល ។ ទីក្រុងដ៏តូចហើយស្ងប់ស្ងាត់មួយនេះ គឺជាច្រកផ្លូវទៅកាន់ឧទ្យានជាតិព្រះមុនីវង្ស ដែលល្បីរន្ទឺតាមរយៈអាកាសធាតុត្រជាក់ពេញមួយឆ្នាំ និងអគារប្រវតិ្តសាស្ត្របន្សល់ទុកពីសម័យអាណានិគម ។
លើសពីនេះ ខេត្តកំពតក៏ធ្លាប់ជាខេត្តកំពង់ផែមួយដ៏សំខាន់ក្នុងការធ្វើជំនួញផងដែរ នៅមុន
ទសវត្សរ៍ឆ្នាំ១៩៥០ ។ ប៉ុន្តែក្រោយមកក៏គ្មានប្រតិបតិ្តការ ព្រោះតែមានការសាងសង់កំពង់ផែនៅខេត្តព្រះសីហនុ តែបច្ចុប្បន្នខេត្តកំពតក៏មានកំពង់ផែថ្មីសន្លាងមួយដែលទើបសម្ពោធកាលពីពេលថ្មីៗនេះ ។ នៅក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់អាណានិគមបារាំង សំណង់បែបអាណានិគមជាច្រើនត្រូវបានសាងសង់នៅខេត្តកំពតច្រើនជាងនៅខេត្តដទៃ ។ ជាក់ស្តែង អគារផ្ទះម៉ូដបារាំងដែលសង់ជាជួរ មានពិតានខ្ពស់ៗ ព្រមទាំងអគារពណ៌លឿង ពណ៌ពងមាន់នៅអមព្រែកជាភ័ស្តុតាងស្រាប់ ។
ខេត្តកំពត ក៏ជាភូមិសាស្ត្រមួយសម្បូរទៅដោយភ្នំផងដែរ ដែលតាមតួលេខបានបង្ហាញថា មានរហូតដល់ជាង១០០ ។ ភ្នំដែលគេស្គាល់គ្រប់គ្នានោះ គឺភ្នំបូកគោ ស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រពីក្រុងកំពត ត្រូវបានរកឃើញដោយជនជាតិបារាំងមួយរូបឈ្មោះ រូលួស ហើយត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ។
នៅសម័យសង្គមរាស្ត្រនិយម ភ្នំបូកគោត្រូវបានអតីតព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋសម្តេចព្រះ នរោត្តម សីហនុ កសាងសំណង់សាធារណៈជាច្រើននៅលើខ្នងភ្នំ ប្រៀបបាននឹងបុរីមួយ ដែលមន្ត្រីរាជរដ្ឋាភិបាលជំនាន់នោះទៅលំហែកាយ ។ ភ្នំបូកគោនេះមានកម្ពស់ ១ ០៧៥ម៉ែត្រ មានកន្លែងលេងកម្សាន្តដូចជា ទឹកជ្រោះ៣ថ្នាក់ ពពកវិល ការទស្សនាវាលទំនាប និងលំហសមុទ្រដាច់កន្ទុយភ្នែកមានចម្ងាយ៧គីឡូម៉ែត្រពីទីតាំងកម្សាន្តខ្នងភ្នំ ។
ភ្នំបូកគោ ត្រូវបានរកឃើញនៅក្នុងឆ្នាំ១៩១៦តែបានរៀបចំអភិវឌ្ឍន៍ទៅជាកន្លែងសម្រាកលំ
ហែកាយដ៏ពេញនិយមនៅសម័យអាណានិគមនិយមបារាំង និងក្នុងសម័យសង្គមរាស្ត្រនិយមនាទសវត្សរ៍ឆ្នាំ១៩៦០ ។ ប៉ុន្តែទីលំហែកាយដ៏ល្បីមួយនេះ ត្រូវបានបោះបង់ចោលចំនួន២ដង ក្នុងនោះលើកទី១ នៅឆ្នាំ១៩៤០ និងលើកទី២ នៅឆ្នាំ១៩៧២ ។
នៅឆ្នាំ១៩៩៣ តំបន់ភ្នំបូកគោកបានក្លាយទៅជា«ឧទ្យានជាតិ»ហើយក្លាយជារមណីយដ្ឋាន
នៅឆ្នាំ១៩៩៧ បើកឱ្យអ្នកទេសចរចូលទៅលេងកម្សាន្តជាលើកដំបូង ។
«ភ្នំបូកគោ»មានឈ្មោះបែបនេះតាំងពីបុរាណមកម៉្លេះ ព្រោះភ្នំនេះបើក្រឡេកមើលពីក្រុងកំពតទៅ ឃើញមានទិដ្ឋភាពដូច«បូកសត្វគោឡើងក» ទើបចាស់ៗជំនាន់ដើមដាក់ឈ្មោះថា«ភ្នំបូកគោ» ។ ភ្នំនេះជាសាខាឬជាចំណុះឱ្យជួរ«ភ្នំកំចាយ» ដែលមានវិសាលភាពរាប់រយគីឡូម៉ែត្រក្រឡា ។ ចំណុចកំពូលភ្នំបូកគោ នៅរដូវវស្សាចុះអ័ព្ទស្ទើរគ្រប់ម៉ោង មើលគ្នាពីចម្ងាយមិនឃើញទេ ជួនកាលអ្នកទេសចរអាចដេញចាប់ពពកលេងជាការកម្សាន្តផងដែរ ។
ទស្សនិយភាពភ្នំកំពង់ត្រាចភ្នំកំពង់ត្រាច ក៏ជាភ្នំធម្មជាតិមួយក្លាយជារមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រដ៏ទាក់ទាញ។
ភ្នំកំពង់ត្រាច មានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅតំបន់ទេសភាពប្លែកភ្នែក ខ្យល់អាកាសបរិសុទ្ធ ព្រោះមានរូងភ្នំ មានខ្យល់ត្រជាក់ ដែលអាចធ្វើឱ្យអ្នកទៅកម្សាន្តទទួលបានអារម្មណ៍ស្រស់ស្រាយ ។
រូងភ្នំមានទិដ្ឋភាពស្រស់ស្អាត ទឹកល្អាងដ៏ត្រជាក់ចិត្ត និងទីសក្ការៈផ្សេងៗដ៏ស័ក្តិសិទ្ធិធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ មានអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ក្រោយពេលចូលទៅកាន់រូងភ្នំកំពង់ត្រាច ។ នៅកណ្តាលភ្នំ ភ្ញៀវទេសចរអាចផ្តិតយកទិដ្ឋភាពផ្ទៃមេឃដ៏ធំល្វឹងល្វើយ អមដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ អាចទស្សនាសិលាចារឹកជាច្រើន និងមានសំឡេងសត្វយំ ។ ចំណែកឯនៅផ្នែកខាងក្រៅ ភ្ញៀវទេសចរឃើញផ្ទាំងថ្មធំៗ វាលស្រែធំទូលាយ និងមានរទេះសេះផ្តល់សេវាកម្មកម្សាន្តជុំវិញភ្នំផងដែរ ។ រីឯនៅជាប់ជើងភ្នំ មានបង្កប់ល្អាងមួយដែលមានទឹកថ្លាឈ្វេង គឺល្អាងព្រះចន្ទ ដែលភ្ញៀវទេសចរអាចងូតទឹកលេងបានយ៉ាងសប្បាយ ។
នៅភ្នំកំពង់ត្រាច គេអាចទស្សនាថ្មសំណាករូបភាពផ្សេងៗ ដែលបង្កប់ដោយប្រវត្តិសាស្ត្រ វប្បធម៌ មានអាយុកាលដ៏យូរលង់ មានកន្លែងសក្តិសិទ្ធិដើម្បីបួងសួងសុំសេចក្តីសុខផងដែរ ។
ភ្នំកំពង់ត្រាច បានបើកទទួលភ្ញៀវទេសចរទៅកម្សាន្តយូរហើយ ដែលទីនោះមានលក្ខណៈធម្មជាតិមិនទាន់មានអ្វីត្រូវកែលម្អបន្ថែមទេ ។
ភ្នំនេះស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច មានចម្ងាយ
៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត ។
រមណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់នេះ មានកម្ពស់ពី ១៥០ម៉ែត្រ ទៅ ២០០ម៉ែត្រ ។ ភ្នំនេះលាក់ទុករឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ។
ភ្នំថ្មកំបោរមួយនេះ មានល្អាងតូចធំរាប់សិបកន្លែង និងមានរូងភ្នំធំរួមមាន រូងឋានព្រះចន្ទ រូងឋានព្រះអាទិត្យ ល្អាងស្ការ ហនុមាន រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទង់ជាដើម ។
ខេត្តកំពត មានភ្នំចំនួន១២០ ក្នុងនោះភ្នំចំនួន៣០ បាននិងកំពុងខួងនិងបំផ្ទុះយករ៉ែ ។
ខាងក្រោមនេះជាការបង្ហាញពីឈ្មោះភ្នំនានានៅតាមស្រុក ៖
ស្រុកអង្គរជ័យមានភ្នំចំនួន៩
-ភ្នំស្ទាំង ទីតាំងដាក់រំសេវបំផ្ទុះយកថ្ម
-ភ្នំស្នាយអញ្ជិត(ដាក់រំសេវបំផ្ទុះយកថ្ម)
-ភ្នំខ្ញាំ(ដាក់រំសេវបំផ្ទុះយកថ្ម)
-ភ្នំតូច និងភ្នំត្នោត មានវត្តនៅពីលើ តែជើងភ្នំគេកំពុងកាយយកក្រួសធ្វើអាជីវកម្ម
-ភ្នំសែនហាន ប្រវែង១០គីឡូម៉ែត្រលាត
សន្ធឹងដល់ស្រុកអង្គរជ័យ ។
-ភ្នំត្រែល(ការដ្ឋានយកក្រួស) ។
-ជួរភ្នំម្រោង ប្រវែង៤គីឡូម៉ែត្រ និងខាងត្បូង
ភ្នំជាប់ភូមិសាស្ត្រស្រុកបន្ទាយមាស ។
-ភ្នំចាន់គីរី មានវត្តអារាមជាទីសក្ការៈ ។
ស្រុកបន្ទាយមាស
-ភ្នំថ្មល្ងៀង(ធ្វើអាជីវកម្មកាយដីយកក្រួសលក់) ។
-ភ្នំតូច (ធ្វើអាជីវកម្មកាយដីភ្នំលក់) ។
-ភ្នំស្ដេចគង់ (ធ្វើអាជីវកម្មកាត់ថ្មជាបន្ទះៗនាំទៅស្រុកចិន) ។
-ភ្នំល្ងមានវត្ត
-ភ្នំកន្លង់(គ្រោងធ្វើរោងចក្រជី)
-ភ្នំរំពើន មានវត្ត
-ភ្នំរានសែន(ធ្វើអាជីវកម្មថ្ម)
-ភ្នំកូនសត្វ(ធ្វើអាជីវកម្មថ្ម)
-ភ្នំទូកមាស(ធ្វើអាជីវកម្មថ្មនិងមានរូងដែលមានប្រចៀវរាប់លានក្បាល)
-ភ្នំជន្លួញ(ធ្វើអាជីវកម្មថ្ម)
-ភ្នំខ្លុង ។
ស្រុកកំពង់ត្រាចមានភ្នំចំនួន១៧
-ភ្នំរាប
-ភ្នំគោកកំបោរ ជាប់នឹងប្រទេសវៀតណាម
-ភ្នំគងលាន់
-ភ្នំលក(ធ្វើអាជីវកម្មកាយក្រួស)
-ភ្នំបុណ្យ
-ភ្នំស្រងាម(ធ្វើអាជីវកម្មយកដីលក់)
-ភ្នំថ្កូវ(ធ្វើអាជីវកម្មកាយដីលក់)
-ភ្នំដំរី(ពលរដ្ឋដាក់រំសេវបំផ្ទុះយកថ្ម)
-ភ្នំកំពង់ត្រាច ជារមណីយដ្ឋាន
-ភ្នំស
-ភ្នំក្រោលគោ
-ភ្នំអង្គរជ័យ(កាយដីបាយអធ្វើអាជីវកម្មជិតអស់ហើយ)
-ភ្នំថ្មដា
-ភ្នំប្រាសាទ
-ភ្នំសិរមាន់(ធ្វើអាជីវកម្ម)
-ភ្នំទទឹងថ្ងៃ
-ភ្នំសាឡី ។
ស្រុកទឹកឈូមានភ្នំចំនួន៣៣
-ភ្នំសរ
-ភ្នំបន្ទាយចាស់(ធ្វើអាជីវកម្មយកថ្មដឹកចាក់លុបសមុទ្រនិងកិនយកថ្ម)
-ភ្នំត្នោត(ធ្វើអាជីវកម្មថ្ម)
-ភ្នំទឹកជូរ(ធ្វើអាជីវកម្មថ្ម ស្ថិតនៅក្នុងឃុំថ្មី)
-ភ្នំទ្វារ កន្លែងគោរពលោកយាយម៉ៅ
-ភ្នំខ្ពប
-ភ្នំទ្វារថ្មី
-ភ្នំគុកធ្យូង
-ភ្នំដុប(កាយដីភ្នំរលាយហើយ)
-ភ្នំធំ មានរូងបារាំងនៅលើកំពូលភ្នំ
-ភ្នំប្រក
-ភ្នំពោតរុកតាឈូក
-ភ្នំបោះរបង
-ភ្នំឆ្លើយ
-ភ្នំខ្ញាយ
-ភ្នំប្រវឹកពង
-ភ្នំដុំរទេះ
-ភ្នំប្រទាក់ក្រឡា
-ភ្នំឈ្ងោក(មានប្រាសាទក្នុងរូង)
-ភ្នំក្បាលរមាស ឬភ្នំសេដាអោន
-ភ្នំដងនង្គ័លលាតសន្ធឹងប្រវែង២០គីឡូម៉ែត្រ
-ភ្នំជ្រោះតាទាល
-ភ្នំដុំស្រឡៅទូង
-ភ្នំដុំជ្រោះរន្ធ
-ភ្នំដុំព្រៃថ្មី
-ភ្នំទន្សង
-ភ្នំចំណោតខ្មោច
-ភ្នំតាប៉ុក(កាយដីធ្វើអាជីវកម្ម)
-ភ្នំកែវ
-ភ្នំកូនសត្វ
-ភ្នំវេហា
-ភ្នំបោរ
-ភ្នំតូចតាងឹល
-ភ្នំខ្នុរ វែងជាងគេ សម្បូររីសតសាងសង់នៅលើភ្នំនោះ ។
ស្រុកជុំគិរី មានភ្នំចំនួន៩
-ភ្នំតាកុច
-ភ្នំជ្រោះម្លូ
-ភ្នំកែវ
-ភ្នំដំរីរមៀល
-ភ្នំធំ វែងណាស់តែក៏មានចំណុចខ្លះមាន
ឈ្មោះដែលអ្នកស្រុកហៅ
-ភ្នំអន្លង់ដំរី
-ភ្នំខ្នងតាកុល
-ភ្នំព្រះ
-ភ្នំលះបង់ និងមានភ្នំច្រើនទៀតដែលលោកមេឃុំពុំបានស្គាល់ឈ្មោះអស់ ។
ស្រុកដងទង់មានភ្នំចំនួន១៤
-ភ្នំល្អាង(រោងចក្រស៊ីម៉ង់ត៍)
-ភ្នំត្រយឹង
-ភ្នំស្វាធ្លាក់
-ភ្នំតូចស្រងឹល
-ភ្នំទិព្វ ការដ្ឋានថ្ម
-ភ្នំក្រហម
-ភ្នំប៉ាងហាងឬភ្នំឡ
-ភ្នំស្រូវ(ដាក់រំសេវបំផ្ទុះយកថ្ម) ពលរដ្ឋធ្លាប់បាត់បាត់បង់ជីវិតម្នាក់ដែរ
-ភ្នំក្បាលទីង
-ភ្នំទឹកក្រហម
-ភ្នំថ្មដុប
-ភ្នំពេញ (អ្នកស្រុកទៅដាក់រំសេវបំផ្ទុះជាប្រចាំ)
-ភ្នំតូច
-ភ្នំទទុង(មានរោងចក្រផលិតស៊ីម៉ង់ត៍) ។
ស្រុកឈូកមានភ្នំចំនួន១១
-ភ្នំធំ
-ភ្នំក្រុង
-ភ្នំជ្រោះទឹក មានការដ្ឋានថ្ម
-ភ្នំខ្នងក្របីងាប់ -ភ្នំខ្នងអារ៉ែន -ភ្នំស្ពានយក្ស
-ភ្នំម្លូ
-ភ្នំចងឯក
-ភ្នំខ្លាខាំប៉ែន
-ភ្នំនារាយណ៍
-ភ្នំជ្រោះកំរែង ។
នៅមានភ្នំច្រើនទៀត ដែលលោកមេឃុំតាកែនមិនបានស្គាល់អស់ ។ ចំណែកឯលោកមេឃុំអភិវឌ្ឍន៍តេជោ និយាយថា ជួរភ្នំក្នុងស្រុកឈូក ចាប់ពីបូកគោរហូតដល់តំបន់៣១៧តេជោអភិវឌ្ឍន៍ មានប្រវែងប្រមាណ៥០គីឡូម៉ែត្រ ។
ក្រុងកំពតមានភ្នំចំនួន២
-ភ្នំកកេះជីក (កាយយកដីលក់)
-ភ្នំដូង ស្ថិតក្នុងសង្កាត់ត្រើយកោះ ក៏សុទ្ទតែមានអ្នកបោះបង្គោលយកអស់ដែរ ។
ក្រុងបូកគោ មានជួរភ្នំឧទ្យានជាតិ និងមានភ្នំព្រែកអំពិល កំពុងតែមានអ្នករំលោភបំពានយកដីរដ្ឋ និងកាយដីភ្នំចាក់លុបសមុទ្រ ។
គេនៅចាំបានថា កាលពីឆ្នាំ២០១៨ មានរបាយការណ៍របស់មន្ទីររ៉ែនិងថាមពលខេត្តកំពត រកចំណូលបានពីរ៉ែជីកកាយភ្នំតែ៥លានដុល្លារ ប៉ុន្តែឆ្នាំក្រោយៗទៀតមិនមានរបាយការណ៍ឱ្យដឹងទៀតឡើយ ៕
ចែករំលែកព័តមាននេះ