ខេត្តព្រះសីហនុ ៖ ជួបជាមួយជនរងគ្រោះស្ថិតនៅលើគ្រែពេទ្យ យុវជនឈ្មោះ ចិត្ត ស៊ាងលី អាយុ១៨ ឆ្នាំ ដែលជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៩ ខែមិថុនា ២០២៤ ស្ថិតនៅចំណុចផ្លូវអូត្រេស ក្នុងនៅភូមិ៥ សង្កាត់លេខ៤ ខេត្តព្រះសីហនុ បានស្នើដល់សមត្ថកិច្ចសូមមេត្តាជួយសម្រួលដល់ភាគីម្ខាងទៀត ដោយសារតែភាគីម្ខាងទៀតជាមនុស្សប្រកបដោយគុណធម៌ បើទោះជាជនជាតិចិនក៏ដោយ ព្រោះរូបខ្លួនជាអ្នកខុសក៏ដោយ ក៏ជនជាតិចិនបានសម្រួលដល់គាត់មិនទាមទារសំណង តែថែមទាំងជួយចេញរាល់ការព្យាបាលរបស់គាត់ទៀត ឆ្លើយតបទៅនឹងកិច្ចសម្ភាសន៍ជាមួយម្ដាយសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ស្ថិតនៅក្នុងមន្ទីរពេទ្យមន្ទីរពេទ្យបង្អែកចំការចេក យុវជនស៊ាង លី ដែលជាកូនកំព្រាឪពុកម្ដាយរស់នៅជាមួយជីដូន និងកំពុងស្នាក់នៅជាកូនលោកក្នុងវត្តអូត្រាស់ សុំស្នើយ៉ាងទទូចដល់សមត្ថកិច្ច សូមមេត្តាជួយសម្របសម្រួលនិងដោះលែងគូភាគីករណីគ្រោះថ្នាក់ចរាចរណ៍របស់គាត់អោយមានសេរីភាពឡើងវិញផង ដោយសារមកដល់រសៀលថ្ងៃទី២០ មិថុនា គាត់កំពុងស្ថិតក្នុងការគ្រប់គ្រងសមត្ថកិច្ចជិត48មកហើយ។
ប្រភពដដែលបានរៀបរាប់អំពីដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះថា គឺករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលមកពីគាត់ទាំងស្រុង ។ នៅមុនពេលកើតហេតុ គាត់បានដឹកព្រះសង្ឃរួមជាមួយនឹងប្អូនប្រុសរបស់គាត់ចេញពីវត្តអូត្រេះ រហូតមកដល់ចំណុចកើតហេតុ ដោយសារបាំងរថយន្តមើលមិនឃើញ រថយន្តភាគីម្ខាងទៀត គាត់ក៏បានបន្ថែមល្បឿន តែជាអកុសលក៏បានទៅបុកជាមួយរថយន្តរបស់ជនជាតិចិនពីចំហៀងយ៉ាងពេញទំហឹង ធ្វើឲ្យគាត់រងរបួសបាក់ក.ដៃ និងបាក់ជើង ។ ឯប្អូនប្រុសរបស់គាត់បាក់ស្មា ចំណែកព្រះសង្ឃរងរបួសបន្តិចបន្តួច។
ក្រោយកើតហេតុ ភាគីខាងរថយន្តបានឲ្យមិត្តភក្តិមកពិនិត្យជួយសម្របសម្រួលដល់រូបគាត់យ៉ាងយកចិត្តទុកដាក់ ។ មិនត្រឹមតែប៉ុណ្ណោះ បានចេញសំណងថ្លៃព្យាបាលទាំងស្រុងមកលើភាគីគាត់ក្នុងទឹកចិត្តមនុស្សធម៌រកអ្វីប្រៀបផ្ទឹមពុំបាន បើពុំមានការជួយឧបត្ថម្ភពីគាត់នោះទេ រូបគាត់ក៏ពុំដឹងរំពឹងអ្វីឡើយ ព្រោះគាត់ជាក្មេងកំព្រា រស់នៅអាស្រ័យវត្ត ។ ដូច្នេះ សរុបសេចក្តីមក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ពួកគាត់ទាំងពីរភាគីពុំមានប្តឹងផ្តល់គ្នានោះទេបានព្រមព្រៀងគ្នា ប្រកបដោយគុណធម៌និងសុជីវធម៌ ។
ដោយឡែក ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នៃការឃាត់ខ្លួនជនជាតិចិននេះផងដែរ លោកវរសេនីយ៍ឯក គឹម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះជនជាតិចិននៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានបញ្ជូនទៅកាន់តុលាការ កាលពីល្ងាចថ្ងៃទី២០ មិថុនា នេះ ក្រោមបទចោទបើកបរខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកដទៃជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
ចំពោះនីតិវិធីបន្តគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ខាងសមត្ថកិច្ចប៉ូលិសរបស់លោកពុំមានសិទ្ធិក្នុងការសម្រេចនោះទេ ។ លើកទីមួយហើយ ដែលភាគីគ្រោះថ្នាក់ចរាចរណ៍ អំពាវនាវសមត្ថកិច្ចដោះលែងភាគីម្ខាងទៀតដោយមូលហេតុមួយនេះ ។
ចែករំលែកព័តមាននេះ