ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់បញ្ចប់​គោរមងារ​ឧកញ៉ា ស្រី ស៊ី​ណា

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ បញ្ចប់​គោរមងារ ឧកញ៉ា ពី​ឧកញ៉ា​ស្រី ស៊ី​ណា តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​រម្លឹក​ថា ហេតុការណ៍​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លា​.​ប់ និង​២​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ត្រង់​ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជន​ដៃដល់​ម្នាក់​ឈ្មោះ ស្រី ស៊ី​ណា គ្រាន់តែ​ទំនាស់​រឿង​ស្នួ​ហាល​ខោអាវ​លើ​របង​ព្រំផ្ទះ ដែល​នៅ​ជាប់​គ្នា ក្នុង​បុរី​ប៉េង​ហួត ។

ក្រោយ​បាញ់ប្រហារ​រួច អតីត​ឧកញ៉ា ស្រី ស៉ី​ណា បាន​គេចខ្លួន​ពី​កន្លែង​កើតហេតុ រហូត​ដល់​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ដដែល នៅ​ចំណុច​ផ្លូវជាតិ​៥១ ភូមិ​អន្ទង់​ក្រ​វែ​ន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ី​ណា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដើម្បី​យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី ដែល​ក្នុង​នោះ ជនសង្ស័យ​ចំនួន​២​នាក់​ទៀត ក៏​ត្រូវ​ឃាត់ខ្លួន​ផង​ដែរ ម្នាក់​ជា​អ្នក​ដឹក​ជនសង្ស័យ​ទៅ​ធ្វើ​សកម្មភាព និង​ម្នាក់​ទៀត ដឹក​ជនសង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​ឡើង​ជិះ​រថយន្ដ ។

ក្រោយ​បញ្ចប់​ការ​សួរនាំ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​៣​នាក់ ដោយ​ម្នាក់​ជា​ជន​ដៃដល់​អតីត​ឧកញ៉ា ស្រី ស៊ី​ណា និង​២​នាក់​ទៀត ជា​អ្នក​ឌុ​ប ដើម្បី​ទៅ​ធ្វើ​សកម្មភាព និង​ក្រោយ​ធ្វើ​សកម្មភាព បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ