ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋចិញ្ចឹមសត្វជ្រូក និងម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូកនៅតាមតំបន់នីមួយៗ នៃខេត្តឧត្តរមានជ័យនាំគ្នាព្រួយបារម្ភទៅលើក្រុមហ៊ុនមួយដែលគេអះអាងថា ជាក្រុមហ៊ុនមានយីហោឌឿន សាមិត្ត មានច្បាប់នាំសត្វជ្រូករស់ចេញពីប្រទេសថៃរាប់ម៉ឺនក្បាលចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តឧត្តរមានជ័យល្បីថា ឆ្ពោះទៅប្រទេសវៀតណាមចូលតាមមាត់ច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុមា ឆ្នាំ២០២៤ កន្លងទៅនេះ ។

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វជ្រូក និងប្រជាពលរដ្ឋដែលចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារបានឲ្យកោះសន្តិភាពដឹងថា គេបានលិចឮក្រុមហ៊ុនឌឿនសាមិត្តនេះ នាំសត្វជ្រូករស់កាលពីប៉ុន្មានឆ្នាំមុន ហើយបានបាត់ស្រមោលអស់យូរមកហើយ ខណៈនេះស្រាប់តែចេញមុខបោះសំឡេងមកសាជាថ្មីម្តងទៀតនាំសត្វជ្រូករស់ចេញពីប្រទេសថៃយ៉ាងគគ្រឹងគគ្រេង ពួកគាត់ជាអ្នកចិញឹមសត្វនៅខេត្តឧត្តរមានជ័យបានដាក់ការសង្ស័យទៅលើក្រុមហ៊ុននេះថា សត្វជ្រូកនៅលើរថយន្ត បើដូចនេះមែន វាអាចផលប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វជ្រូកក្នុងស្រុកយ៉ាងធ្ងន់ធ្ងរទៀតហើយ ។

ទាក់ទិនក្រុមហ៊ុននាំសត្វជ្រូករស់ចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ លោកបញ្ញា រិទ្ធ ប្រធានស្នាក់ការប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារអន្តរជាតិអូរស្មាច់នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះថា ក្រុមហ៊ុនឌឿនសាមិត្តនេះមានច្បាប់ចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាំសត្វជ្រូករស់ចេញពីប្រទេសថៃមានចំនួន៣ម៉ឺនក្បាល គឺចំនួន៣ច្រកគឺច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ច្រកទ្វារម៉ាឡៃ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងច្រកទ្វារភ្នំដីស្ថិតក្នុងខេត្តបាត់ដំបង ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុននេះនាំសត្វជ្រូករស់ចេញពីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាំចូលចំនួន២រថយន្តថៃយកមកទំលាក់ពីលើរថយន្តថៃរួចស្តុបរក្សាទុកនៅចំណុចភូមិផ្អុង សង្កាត់កូនគ្រៀលក្រុងសំរោង បន្ទាប់មក ត្រូវបានលើកដាក់នៅលើរថយន្តខ្មែរដឹកជញ្ជូនបន្តដោយគ្រាន់តែឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះទៅប្រទេសវៀតណាមតែប៉ុណ្ណោះ ចំណែកការត្រួតពិនិត្យនិងចំនួនសត្វជ្រូកសួទៅខាងជំនាញ។

គួររំលឹកថា កោះសន្តិភាពបានខិតខំព្យាយាមធ្វើការលម្អិតរាល់ព័តមាន និងខិតខំធ្វើការទំនាក់ទំនងទៅដល់មន្ត្រីជំនាញពាក់ព័ន្ធរាល់ម៉ោងធ្វើការ ខណៈនេះកោះសន្តិភាពកាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានទូស័ព្ទជួបលោកសូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ លោកបានឆ្លើយយ៉ាងខ្លីថា រវល់ជាប់ប្រជុំនៅម៉ោង១១ និង២០នាទីព្រឹក ជាប់រវល់ប្រជុំដដែល សង្ស័យគេចពីការសុំបំភ្លឺរឿងរសើបនេះ ។

ដោយឡែក លោកតាញ់ បុត្តា ប្រធានការិយាល័យបសុព្យាបាលសត្វនៃមន្ទីរកសិកម្មខេត្តទូរស័ព្ទចូលចំនួន២ដងនៅម៉ោង០៩ និង២០នាទី និងម៉ោង១១ជាង តែមិនមានអ្នកលើក សង្ស័យពិបាកឆ្លើយជាមួយកោះសន្តិភាពទេដឹង?
ចែករំលែកព័តមាននេះ