ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តពោធិ៍សាត់ ពិនិត្យរក​សារធាតុ​ញៀន ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា សរុប​ជាង​២០០​នាក់

1 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្តពោធិ៍សាត់ ដោយ​មាន​កិច្ចសហការ និង​សម្របសម្រួល ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​ពិសេស…

ខេត្តពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ រដ្ឋបាល​ខេត្តពោធិ៍សាត់ ដោយ​មាន​កិច្ចសហការ និង​សម្របសម្រួល ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​ពិសេស លោក​វរសេនីយ៍ឯក ហែម មុន្នី ស្នងការ​រង​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បាន​បើក​យុទ្ធនាការ​ធ្វើតេស្ត​រហ័ស ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​ហាត់​ការ​នៃ​សាលាខេត្ត​ពោធិ៍សាត់ សរុប​ចំនួន ២០៧​នាក់ ដើម្បី​រក​សារធាតុ​ញៀន​តាម​ទឹកមូត្រ ។

ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក ខូ​យ រី​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​អភិបាលរង​ខេត្ត ផង​ដែរ ។

លោក ខូ​យ រី​ដា មាន​ប្រសាសន៍​ថា ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​លេខ ០១​បប ចុះ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។ ជា​ការ​ចូលរួម​ក្នុង​ការ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៍​ដូច​ជា​សេចក្ដីណែនាំ​របស់​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ផង​ដែរ​។ ម្យ៉ាងវិញទៀត ការ​ធ្វើតេស្ត​រកសា​ធាតុ​ញៀន លើ​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​នា​ពេល​នេះ ក៍​ដើម្បី​ចូលរួម​ចំណែក​ធានា​ប្រសិទ្ធភាព នៃ​ការ​អនុវត្ត​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៩ ដែល​ជា​អាទិភាព​នយោបាយ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ការ​លើកកម្ពស់​ជំនឿ​ទុកចិត្ត ប្រសិទ្ធភាព​ការងារ និង​អភិបាលកិច្ច​ល្អ នៅ​ក្នុង​ស្ថាប័ន មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​។

សូម​បញ្ជាក់​ថា ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នេះ មាន​ថ្នាក់ដឹកនាំ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​ហាត់​កា​នៃ​រដ្ឋបាល​ខេត្ត មន្ត្រី​ជួរ​ក្រោយ​នៃ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ សរុប​ចំនួន​២០៧​នាក់​ស្រី​៨១​នាក់​។ បន្ទាប់​ពី​ក្រុមការងារ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​រដ្ឋបាល​ខេត្ត​រួច នឹង​បន្ត​ធ្វើតេស្ត​រក​សារធាតុ​ញៀន​នៅ​តាម​បណ្តា​រដ្ឋបាល​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​សមាជិក​ភូមិ ក៍​ដូច​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន និង​ក្រុម​គ្រូពេទ្យ​បន្ត​ទៀត ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ ភាព​ត្រឹមត្រូវ ក៏​ដូច​ជា​បញ្ជាក់​ពី​ការ​ចូលរួម​គាំទ្រ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ