ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិនលោ.ត​ពីលើ​អគារ​ ក្រោយ​ពីថៅកែ​បង្ខាំ.ង​បង្អ.ត់អាហារ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ​​​ ៖ បាតុភាព​ទាក់ទិន​នឹង​​ជន​ជាតិ​​ចិន​​ ផុត​ពីរឿង​​មួយ​ដល់​រឿង​មួយ​ចាប់​ពី​​ពាក់កណ្តាល​ខែមិថុនា​មក​​ ហើយ​ករណី​ថ្មី​មួយទៀត​​ក៏​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដែរនៅ​ក្រុងព្រះសីហនុ​ ។

ស្ថិត​ក្នុង​សភាព​ទទឹក​ជោក​រងា​ញ័រញាក់ ងើប​ចេញពី​អូរ​ទឹក​ស្អុយ​ ជនជាតិ​ចិន​ម្នាក់ត្រូវ​បាន​អ្នក​ស្រុក​ប្រទះ​ឃើញ កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤កន្លងទៅ នៅ​ចំណុច​អូ​អិ​ល​វី​ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​​ព្រះ​សីហ​នុ​ ដោយ​បាន​លើកដៃ​សំពះ​ឱ្យ​ជួយ​ដល់​រូប​គាត់​និង​មិត្ត​ភ​ក្កិ​ម្នាក់​ទៀត ដែល​ត្រូវ​បាន​មនុស្ស​នៅ​ក្នុងកា​ស៊ី​ណូ​ហ័​ងហ្គ័​ង​ ចាប់ខ្លួន​ចូល​ទៅ​ក្នុងកា​ស៊ី​ណូ​វិញ ។

ជុំវិញ​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ អ្នក​ដែល​បានឃើញ​ជន​រង​គ្រោះ​ដំបូង​គេ និយាយ​ថា នៅ​វេលា​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​១៧ ខែមិថុនានោះខណៈ​​ចុងភៅ​របស់​គាត់​ងើប​ពី​ដំណេក​ ស្រាប់តែ​ប្រទះ​ឃើញ​មនុស្ស​ប្រុស​ម្នាក់​នៅ​ក្នុង​អូរទឹក​ស្អុយ​ លើកដៃ​សំពះក្នុង​សភាព​គួរ​ឲ្យ​អាណិត​ជា​ពន់ពេក ។ ភ្លាមៗ​នោះ ​រូប​គាត់​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​និង​រថយន្ត​សង្គ្រោះ​មក​ដឹក​បុរសរូបនេះទៅ​កាន់​មន្ទីរពេទ្យ​ចម្ការ​ចេក ។

ប្រភព​ដដែល​បាន​បន្ត​​ថា បន្ទាប់​ពី​រូប​គាត់​ជួយ​សង្គ្រោះ​និង​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ឲ្យ​រួច​ហើយ បុរសម្នាក់​នោះ​បានប្រាប់​ថា រូប​គេបម្រើ​ការនៅ​អន​ឡាញ​ខុសច្បាប់​នៅ​ក្នុង​កាស៊ីណូ​ហ័​ង​​ហ្គ័​ង ហើយ​ត្រូវ​​បាន​ថៅកែ​បង្ខាំង​មិន​ឲ្យ​ចាកចេញនិង​បង្អត់​អាហារ ក្រោយ​ពី​រូប​គេ​សុំ​លាឈប់ ។ ដោយ​សារ​​ថៅកែ​មិន​ព្រមឱ្យ​ចាកចេញ​នោះ រូប​គេ​និង​​​មិត្តភក្តិ​ម្នាក់​ទៀត បាន​សម្រេចចិត្ត​លួច​គាស់​​​​​​​បង្អួច ហើយ​លោត​ចេញ​មក​ក្រៅ តែមិត្ត​​ភ​ក្តិ​​រ​បស់​គេ​ម្នាក់​នោះរង​របួស​បាក់ជើង​មិន​អាច​ដើរ​និង​លូន​បាន ហើយ​ក៏​ត្រូវ​មនុស្ស​មួយ​ក្រុម​របស់​ថៅកែចាប់​យក​ទៅ​កន្លែង​ដើម​​វិញ ។ ឯ​រូប​គេ​បាន​ព្យាយាម​គេចខ្លួន​តាម​ប្រឡាយ​​ទឹក​ស្អុយ​ រហូត​ត្រូវ​បាន​ជួយ​សង្គ្រោះ ។បុរស​ចិន​រូបនេះ ​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ សូមជួយ​រំដោះ​មិត្តភក្តិ​របស់​ខ្លួន​ដែល​ត្រូវ​​ខាង​កាស៊ីណូ​ចាប់​យក​ទៅ​វិញផង ។

បុរស​ចិន​រូបនេះ​ឈ្មោះ Bin Bin អាយុ​២២​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្ត​ហ៊ឺ​ណា​ន​ ប្រទេស​ចិន បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ចម្ការ​ចេក​ ក្រុងព្រះសីហនុ​ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ ប្រធាន​រដ្ឋបាល​នៃ​កាស៊ីណូ​ ហ័​ងហ្គ័​ង បាន​បង្ហើប​ថា ជន​រង​គ្រោះ​ពិតជា​បម្រើការ​នៅក្នុង​បរិវេណ​កាស៊ីណូ​ប្រាកដមែន ប៉ុន្តែ​មិនមែន​បម្រើ​ការនៅក្នុង​កាស៊ីណូ​ទេគឺបម្រើការឲ្យ​​ថៅកែ​ផ្សេង ​ដែល​បាន​មក​ជួល​ប្លុក​ក្នុង​កាស៊ីណូ​ដើម្បី​បើក​អាជីវកម្ម ។

ជុំ​វិញករណី​នេះ​ សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខាង​កាស៊ីណូ​នៅ​ពុំ​ទាន់​អាចទាក់ទង​ជាមួយ​នឹង​ថៅកែ​របស់​បុរស​ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បាន​នៅឡើយ​ទេ​ ។

លោក សំ ប្រាក់ នាយ​ប៉ុស្តិ៍​នគរ​បាលរដ្ឋបាល​សង្កាត់​លេខ​៤ បាន​ថ្លែង​ប្រាប់​បណ្ដាញព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​១៧ ខែមិថុនា​នោះថា​ ជុំវិញ​ការ​អះអាង​របស់​ជន​រង​គ្រោះ​ថា​ជា​ករណី​បង្ខាំង​មនុស្ស​មិនមែន​ជា​រឿង​ពិត​នោះ​ទេ ព្រោះ​ថៅកែ​មិន​បាន​បង្ខាំង​ឡើយ គឺ​ឱ្យ​បុគ្គល​ខាងលើ​ចេញចូល​សេរី​តាម​ច្បាប់​ស្ដីពីការងារ ។ ប៉ុន្តែ ​មិនដឹង​ជា​យ៉ាងម៉េច​ បានជា​បុគ្គល​ទាំង​២​នាក់នេះ​​គាស់​បង្អួចលោត​ចុះ​ពីលើ​អគារ​ ហើយ​អះអាង​ថា​ជា​ករណី​បង្ខាំង​មនុស្ស​ទៅ​វិញ ។

បច្ចុប្បន្ន​បុរស​ម្នាក់​ទៀត​ដែល​អះអាង​ថា​ខាង​កាស៊ីណូ​ឃាត់ខ្លួន​នោះ ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ជាមួយ​គ្នា ។ ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី​ ណុ​ប​ បញ្ញា​ ស្នង​ការរង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ថ្លែង​ថា​ ជុំវិញ​ករណី​ខាងលើ​នេះ​សមត្ថកិច្ចបាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​ទៅ​តាម​នីតិវិធី ៕