រាជធានីភ្នំពេញ ៖ សង្ស័យទំនាស់រវាងអ្នកជិតខាង រឿងស្នួលហាលខោអាវ ចូលព្រំដី រហូតឈានដល់ការផ្ទះអាវុ.ធបណ្ដាលឱ្យបុរសម្នាក់ស្លា.ប់ និងមនុស្សប្រុសស្រី ២នាក់ទៀត រងរបួសធ្ងន់ ក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង០៣និង៥០នាទីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ។
បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងជាឋមថា ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយរួមជាមួយរថយន្ដ និងកាំភ្លើងខ្លី នៅម៉ោង៥និង៣០នាទីល្ងាច នៅតាមផ្លូវ៥១ ស្ថិតនៅក្នុងភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា ក្រោយឃាត់ខ្លួនខ្មាន់កាំភ្លើង កំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ ។
ដោយឡែកសមត្ថកិច្ច បានឲ្យដឹងថា ខ្មាន់កាំភ្លើង គឺឧកញ៉ា ស្រី ស៊ីណា អាយុ៥០ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន និងដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយ ។ ក្រៅពីខ្មាន់កាំភ្លើង កម្លាំងនគរបាល ក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀតផងដែរ ។
សមត្ថកិច្ច បានបន្ថែមថា ជនរងគ្រោះមានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ។ ខណៈគូដណ្ដឹង(បុរស)បានបាត់បង់ជីវិត និងស្ត្រីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។ ព័ត៌មានលម្អិត នឹងផ្សាយជូនជាបន្តបន្ទាប់ ៕














ចែករំលែកព័តមាននេះ