អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បាននិយាយថា ផលិតកម្មអង្ករពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងប្រមាណជា០,៩ ភាគរយធៀបនឹងឆ្នាំមុនដែលមានទិន្នផលសរុបប្រមាណជាជិត៥៣៥ លានតោនក្នុងរដូវកាល ប្រមូលផលនៃឆ្នាំ២០២៤និង២០២៥ ។

របាយការណ៍ទស្សនវិស័យស្បៀងអាហារពិភពលោកដែលអង្គការនេះ បានចេញផ្សាយនៅទីក្រុងរ៉ូម កាលពីថ្ងៃទី១៤ ខែមិថុនា បាននិយាយថា ផលិតកម្មអង្ករអាស៊ីត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាច្រើនជាមួយនឹងការប្រមូលផលសរុបក្នុងតំបន់កើនឡើងដល់ទៅ ០,៦ភាគរយពោលគឺកើនដល់ ជិត ៤៧៩ លានតោន។
ជាមួយនឹងទិន្នផលល្អប្រសើរនេះ FAO រំពឹងថា តំបន់ដាំដុះស្រូវរបស់ចិននឹងកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះជាប់ៗគ្នា រយៈពេលបីឆ្នាំ។
ផ្អែកតាមការព្យាករណ៍អាចជាចំណុចវិជ្ជមានសម្រាប់កម្ពុជាហើយក៏អាចជាឱកាសសម្រាប់កម្ពុជាពង្រឹងជំហរនៃការនាំចេញនៅលើទីផ្សារអន្តរជាតិ ។

អង្គការនេះបាននិយាយថា សម្រាប់អ្នកនាំចេញនៅអាស៊ីអាគ្នេយ៍ ការរំពឹងទុកគឺ «ធ្លាក់ចុះ« សម្រាប់វៀតណាម មីយ៉ាន់ម៉ា និង ថៃ តែមានការរំពឹងទុកថាការនាំចេញរបស់កម្ពុជាមានភាពវិជ្ជមាន ដោយសារតម្រូវការឆ្លងដែនដ៏ខ្លាំងក្លាពីប្រទេសវៀតណាមសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញឡើងវិញ។
អង្គការនេះ រំពឹងថាផលិតកម្មអង្កររបស់កម្ពុជានឹងកើនឡើង ១,៨ ភាគរយដល់ ៧,៩ លានតោននៅឆ្នាំនេះ ។ ប្រទេសចិន ត្រូវបានព្យាករណ៍ថាជាប្រទេសផលិតអង្ករបានច្រើនជាងគេក្នុងរដូវកាលនេះ បន្ទាប់មកគឺឥណ្ឌា បង់ក្លាដែស ឥណ្ឌូនេស៊ី វៀតណាម ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងប៉ាគីស្ថាន។
ប្រភពដដែលបាននិយាយទៀតថា ការព្យាករណ៍នៃការកើនឡើងនៅថៃ ត្រូវបានកាត់បន្ថយដោយសារការពន្យាពេលនៃការបង្កបង្កើនផលដោយសារតែ ភាពមិនច្បាស់លាស់ជុំវិញកំណែទម្រង់ដែលបានប្រកាសចំពោះកម្មវិធីគាំទ្ររបស់រដ្ឋាភិបាលផង និងការទម្លាក់ទឹកភ្លៀងមកយឺតផង ៕
ចែករំលែកព័តមាននេះ