៤ខែដើមឆ្នាំវៀតណាមនាំចេកចេញទៅប្រទេសចិន នៅក្នុងបរិមាណសរុបរហូតដល់ទៅ៣៥.៥០០តោន នៅក្នុងបរិមាណទឹកប្រាក់សរុបប្រមាណជា១៤៥ លានដុល្លារ តែសម្រាប់កម្ពុជាទោះបីជាមិនដល់វៀតណាមក៏ពិតមែន តែក៏អាចនាំចេញទៅចិន និងប្រទេសផ្សេងៗបានបរិមាណគិតជាទឹកប្រាក់ជាង៦២លានដុល្លារដែរ ។
តាមសារព័ត៌មាន VN Express បានរាយការណ៍ថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះចិនបាននាំចេញចេកច្រើនមែនទែន ចូលទៅផ្សារចិន ដោយរុញហ្វីលីពីនដែលធ្លាប់ជាអ្នកនាំចេញកំពូលនោះមកត្រឹមលេខ២វិញ ។
ប្រភពដដែលបានឲ្យដឹងថា ទោះបីជាតម្លៃចេកធ្លាក់ចុះចុះ១៦% ពោល គឺធ្លាក់ដល់មួយតោនត្រឹមប្រមាណជាជិត៤០៨ ដុល្លារក៏ពិតមែន តែបរិមាណនៃការនាំចេញនេះ គឺលើសលុបទើបវៀតណាមអាចសម្រេចបានទីផ្សារទំហំដល់ទៅជាង ១៤៥លានដុល្លារ ។
ប្រភពដដែលបានបន្តថា បរិមាណនៃការចេញចេកពីវៀតណាមចូលទីផ្សារចិន គឺមានទំហំដល់ទៅ៤៩ ភាគរយឯណោះ ខណៈដែលចិនបាននាំចេញចេកពីហ្វីលីពីន កម្ពុជា ឡាវ និង ថៃ បន្ថែមទៀត ។
តាមស្ថិតិរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំកម្ពុជានាំចេញចេកសរុប មានទឹកប្រាក់៦២,៥៨ លានដុល្លារ ពោល គឺមានការធ្លាក់ចុះប្រមាណជាជិត៣៤ ភាគរយបើធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២៣ ដែលនៅពេលនោះកម្ពុជាអាចសម្រេចការនាំចេញចេកបានសរុប នៅក្នុងទឹកប្រាក់ប្រមាណជា ៩៤,៦១ លានដុល្លារ ។
ទីផ្សារចេកកម្ពុជា គឺមានចិន វៀតណាម កូរ៉េខាងត្បូង ជប៉ុនជាដើម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សមត្ថភាពផលិត និងចំណែកទីផ្សារចេករបស់កម្ពុជានៅគោលដៅនាំចេញ គឺនៅមានតិច បើធៀបនឹងប្រទេសដ៏ទៃទៀត នៅឡើយទោះបីជាកម្ពុជាមានកក្តានុពលសម្រាប់ផលិតកម្មចេកសម្រាប់ការនាំចេញក៏ដោយ ។
ដំណាំចេកនៅកម្ពុជាទើបតែមានឱកាសហក់ចូលទីផ្សារអន្តរជាតិនៅក្នុងអំឡុងប្រមាណជា ៥ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ខណៈដែលចេកពីមុនមក គឺជាដំណាំកសិកម្មដែលសម្រាប់បម្រើ តែសេចក្តីត្រូវការនៅក្នុងស្រុកប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ