ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​ជ្រាប​ទេ? ខេត្តកំពង់ចាម​មាន​ភ្នំ​តូច​ធំ​ជាង​៤០

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ខេត្តកំពង់ចាម ភ្នំដែល​កើតឡើង​តាម​ធម្មជាតិ និង​ភ្នំ​ខ្លះ​មានការ​តំណា​ល​​

ខេត្តកំពង់ចាម ៖ នៅ​ខេត្តកំពង់ចាម ភ្នំដែល​កើតឡើង​តាម​ធម្មជាតិ និង​ភ្នំ​ខ្លះ​មានការ​តំណា​ល​​ក្នុង​​រឿងនិទាន​ផង​នោះ ត្រូវ​បាន​គេ​ដឹង​ថា នៅ​តាម​ក្រុង​-​ស្រុក​ចំនួន​១០​នៃ​ខេត្ត​មួយ​នេះ មាន​ភ្នំ​ទាំងអស់​ជាង​៤០ ។

ប៉ុន្តែ ភ្នំ​ដែល​មាន​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​តែង​និយម​ទៅ​លេង​កម្សាន្ត​ជា​មនោ​រម្យនោះ ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន និង​នៅ​ថ្ងៃឈប់​សម្រាក មាន ភ្នំ​ប្រុស​ភ្នំ​ស្រី ភ្នំ​ហាន់ជ័យ ក្នុងស្រុក​កំពង់​សៀម ភ្នំ​បែក​ពាង ភ្នំ​បា​ធា​យ ក្នុងស្រុក​បា​ធា​យ ។

មន្ត្រី​អាជ្ញាធរ​ស្រុក​បា​ធា​យ​និយាយ​ថា នៅស្រុក​មួយ​នេះ​មាន​ភ្នំ​តូច​ភ្នំ​ធំ​សរុប​ទាំងអស់​ប្រមា​ណ​៣០ ក្នុង​នោះ​មាន ភ្នំ​ធំ​ត្រូវ​បាន​គេ​ធ្វើ​អាជីវ​កម្ម​កាយ​យក​ថ្ម​រាល់ថ្ងៃ​ដោយ​មានច្បាប់​អនុញ្ញាត ។ ភ្នំ​បែក​ពាង ជាទី​កម្សាន្ត​ដែល​មាន​អ្នក​ទៅ​លេង​មិន​ថា​រដូវ​ណា​នោះ​ទេ ។ ភ្នំ​តា​ព្រៀង ភ្នំ​តាំ​ងិ​ល​១ ភ្នំ​តា​ងិ​ល​២ ព្រមទាំង​មាន​ភ្នំ​តូច​ៗ​ជាច្រើន​ទៀត នៅ​តាម​ឃុំ​នានា​ក្នុងស្រុក​បា​ធា​យ ។

លោក ស៊ា​ន សុ​គុណ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ថ្លែង​ថា នៅ​ស្រុក​ជើងព្រៃ​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​ប្រុស​និង​ភ្នំ​ស្រី ឬ​ហៅ​ថា ភ្នំ​ជើងព្រៃ ។ ភ្នំនេះ​ល្បីល្បាញ​ណាស់​នៅ​ទឹកដី​ខេត្តកំពង់ចាម មិន​ខុស​ពី​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត ដែល​ច្រៀង​ថា «​ភ្នំ​ប្រុស ភ្នំ​ស្រី ដី​កំពង់ចាម ប្រឡាក់​ជាប់​ស្នាម​ដាន​ជីវិត​ខ្ញុំ​» ។

ភ្នំ​ជើងព្រៃ ឬ ភ្នំ​ប្រុស​ភ្នំ​ស្រី មាន​ប្រាសាទភ្នំ​ជើងព្រៃ និង​ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ ស្ថិត​នៅ​ក្នុងភូមិ​គោករ​វៀង ឃុំ​គោករ​វៀង ស្រុក​ជើងព្រៃ មាន​ចម្ងាយ​៥៥​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ចាម ។ ភ្នំ​ជើងព្រៃ មា​នទី​តាំងនៅ​ខាងកើត​ផ្សារ​ផ្អាវ​ប្រមាណ​៣​គីឡូម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៦ ប្រមាណ ២ ៣០០​ម៉ែត្រ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​បុរាណ​វិទ្យា ប្រាសាទភ្នំ​ជើងព្រៃ​នេះ ត្រូវ​បាន​កសាង​ឡើង
ក្នុង​រាជ្យ​​ព្រះបាទ​សុរិយ​វរ្ម័ន​ទី​១ នា​សតវត្សរ៍ទី​១១ ឧទ្ទិស​ចំពោះ​ព្រះ​សិវ​: ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ។ ប្រាសាទ​នេះ កសាង​អំពី​ថ្មបាយក្រៀមនិង​ថ្មភក់ ដោយ​មាន​កំពែង​ព័ទ្ធ​ជុំវិញ ។

ភ្នំ​ជើងព្រៃ ចែក​ចេញ​ជា​២​ដាច់​ពី​គ្នា គឺ​មួយស្ថិត​នៅ​ខាងកើត​ហៅ​ថា ភ្នំ​ស្រី ឬ​ភ្នំ​ធំ រីឯ​ខាងលិច
ហៅ​ថា​ភ្នំ​ប្រុស ឬ​ភ្នំ​ព្រះបាទ ដូច​រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី នៅ​ស្រុក​កំពង់សៀម​ដែរ ។

មានរឿង​តំណាល​ថា កាលពីដើម មនុស្ស​ប្រុស​និង​មនុស្ស​ស្រី​បាន​ភ្នាល់​គ្នា​លើក​ភ្នំ​នេះ ប្លែក​តែ​ខាង​ភ្នំ​ជើងព្រៃ រណ្ដៅ​ដី​នៅ​ភ្នំ​ស្រី​ដែល​ខាងស្រី​ជីក​យក​មក​ធ្វើ​ភ្នំ​បាន​ក្លាយទៅជា​ស្រះ​ធំ​មួយ​មានទឹក​ហូរ​ខួបប្រាំងខួបវស្សា ហៅ​ថា​ស្រះ​ទឹក​ព្រះ ។ រីឯ​រណ្ដៅ​នៅ​ជិត​ភ្នំ​ប្រុស​ដែល​ខាង​ប្រុស ជីក​យក​មក​ធ្វើ​ភ្នំ​ក្លាយជា​ស្រះ​ទឹកធំ​មួយ​ដែរ ប៉ុន្តែ​គ្មាន​ទឹក​ទេ ទោះបី​ខែវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាងណា​ក៏​ដោយ ហើយ​គេ​ឲ្យ​ឈ្មោះ​ថា​ស្រះ​កំពែង​ស្ងួត ។

សព្វថ្ងៃ ស្រះ​ទឹក​ព្រះ​នៅ​ល្អ​ដូច​ដើម មានទឹក​ថ្លាឈ្វេង ជា​ទីស្នាក់អាស្រ័យ​នៃ​ពួក​មច្ឆជាតិ និងឈូក​ដុះ​​​ប្រកបដោយ​ផ្កា​ដេរដាស ប្រៀប​បាន​នឹង​បឹង​តូច​មួយ ។ នៅ​លើ​ភ្នំ​ស្រី​ខាង​មុខ មាន​ដានជើង​មនុស្ស​លើ​ថ្ម ដែល​អ្នកស្រុក​ហៅ​ថា​ដានជើង​តា​ព្រេង ។ ចំណែក​នៅ​ទិសឦសាន មានដី​រាបស្មើ​គេ​ហៅ​ថា​កន្លែង​ឃុន​ឆាង ។ ម្យ៉ាងទៀតនៅ​ជុំវិញ​បរិវេណ មាន​កំពែង​ធ្វើ​អំពី​ថ្ម​បាយក្រៀម ដែល​មួយ​ៗ​មាន​ទំហំ​០,៤​ម៉ែត្រ​គុណ​នឹង​០,៦​ម៉ែត្រ ។ រមណីយដ្ឋាន​នេះ​មាន​ទេសភាព​ស្រស់បំព្រង ខ្យល់អាកាស​បរិសុទ្ធ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសច​រ៍​ចូល​ចិត្ត​ទៅ​កម្សាន្ត​និង​ទស្សនា ព្រមទាំង​ទទួលទាន​អាហារ​នៅ​ទីនោះ​ទៀត​ផង ។
នៅ​ស្រុក​កំពង់សៀម មាន​ភ្នំ​ចំនួន​៣​គឺ ភ្នំ​ប្រុស ភ្នំ​ស្រី និង ភ្នំ​ហាន់ជ័យ រួម​ទាំង​ភ្នំ​តូច​ៗ​មួយ​ចំនួន​ទៀត ។

ភ្នំ​ប្រុស​ភ្នំ​ស្រី ជា​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ស្ថិត​នៅ​ភូមិ​ត្រពាំង​ចា​រ្យ ឃុំ​ក្រឡា ខាងលិច​ក្រុង​កំពង់ចាម​ប្រមាណ​៧​គីឡូម៉ែត្រ ខាងជើង​ផ្លូវជាតិ​លេខ​៧ ។ រមណីយដ្ឋាន​នេះ មានរឿងរ៉ាវ​ទាក់ទង​នឹង​រឿងព្រេង​បុរាណ​ខ្មែរ​គឺ​រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី ។

វត្ត​ភ្នំ​ប្រុស​មានឈ្មោះ​ជា​ផ្លូវការ​ថា​«​វត្ត​សុវណ្ណ​គិរី​រតនៈ​ភ្នំ​ប្រុស​» ហើយ​នៅ​ខាងឆ្វេង​ដៃ​មាន​ភ្នំ​មួយទៀត​កម្ពស់​ប្រហែល​១០០​ម៉ែត្រ ដែល​មាន​កំពូល​ស្រួច​ហៅ​ថា​ភ្នំ​ស្រី ។ ភ្នំ​ប្រុស​ទាប​ជាង​ភ្នំ​ស្រី គឺ​មាន​កម្ពស់​ប្រហែល​៣០​ម៉ែត្រ ។ ភ្នំ​ស្រី​មាន​កំពូល​ស្រួច​អាច​ឡើង​តាម​ជណ្ដើរ​ដែល​មាន​ចំនួន ៣០៨​កាំ ។

ភ្នំ​ហាន់ជ័យ មានឈ្មោះ​ជា​ផ្លូវការ​ថា ភ្នំ​គិរី មាន​ទីតាំង​ស្ថិត​នៅ​ប៉ែក​ខាងកើត​ខេត្តកំពង់ចាម និង​ប៉ែក​ខាងលិច​ទន្លេមេគង្គ ។ ភ្នំ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម មាន​ចម្ងាយ​ប្រមាណ​១៨​គីឡូម៉ែត្រ តាម​ផ្លូវទឹក និង​២០​គីឡូម៉ែត្រ​តាម​ផ្លូវគោក ពី​ទីរួមខេត្ត​កំពង់​​ចាម ។

ភ្នំ​ហាន់ជ័យ មាន​កម្ពស់ ៦៣​ម៉ែត្រ ។ នៅ​លើ​ភ្នំ​នេះ មាន​ព្រះ​វិហារ​និង​ប្រាសាទ​គុក​នៅ​ខាងត្បូង ដែល​ស្ថាបនា​ឡើង​អំពី​ឥដ្ឋតាន់​បុរាណ មាន​ទំហំ​៧​ម៉ែត្រ​៤​ជ្រុង និង​កម្ពស់​១២​ម៉ែត្រ កសាង​ឡើង​ក្នុង​សត​វត្សរ៍​ទី​៧ រជ្ជកាល​ព្រះបាទ​ឥ​សាន​វរ្ម័ន​ទី​១ ។ បច្ចុប្បន្ន​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ទៅ​ហើយ ។

ក្នុង​ចំណោម​ប្រាសាទ​ឥដ្ឋ​និង​ថ្ម​ជា​ច្រើន ដែល​មិន​អាច​កំណត់​ចំនួន​ឲ្យ​បាន​ប្រាកដ​មាន ប្រាសាទ​តែ​៣​ទេ ដែល​នៅ​រក្សា​រូបរាង​ល្អ ស្ថិត​ក្នុង​បរិវេ​ណ​នៃ​វត្ត​ហាន់ជ័យ​បច្ចុប្បន្ន ។ ក្រៅពី​នេះ​គេឃើញ​តែ​តួ​ប្រាសាទ និង​គ្រឹះ​ឥដ្ឋ​នៃ​សំណង់​ប្រាសាទ​បុរាណ​តែ​ប៉ុណ្ណោះ ។ ក្រុម​ប្រាសាទ​ទាំងនោះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​អន្តរ​កាលសម័យ​នគរ​ភ្នំ និង​ចេ​ន​ឡា ។ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ជួសជុល​ប្រាសាទ​ហាន់ជ័យ​ខាងជើង​ហៅ​ប្រាសាទគុកព្រះធាតុ​នៅ​អំឡុង​ឆ្នាំ​១៩៩៤ ។

នៅ​ស្រុក​ស្ទឹង​ត្រង់ ត្រូវ​បាន​អាជ្ញាធរ​ឲ្យ​ដឹងថា មាន​ភ្នំ​ចំនួន​៣ ក្នុង​នោះ​ភ្នំ​មន្ទីរ ត្រូវ​បាន​ឈូស
ឆាយ​សម្រាប់​ផ្លូវ​ធ្វើ​ដំណើរ​តាម​ដង​ទន្លេមេគង្គ ហើយ​ភ្នំ​នេះ​ស្ទើរតែ​បាត់​រូបរាង​ទៅ​ហើយ ។

ដូច​គ្នា​នេះ​ដែរ ភ្នំ​អំពិល​ក៏​ត្រូវ​បាន​ឈូស​ឆាយ​សម្រាប់​ធ្វើ​ផ្លូវ​ពី​ស្ទឹង​ត្រង់​ឆ្ពោះ​មក​ស្រុក​ចំការលើ ដែល​បច្ចុប្បន្ន​ស្ថាបនា​រួចរាល់ និង​ភ្នំ​មួយទៀត​គឺ​ភ្នំ​ព្រែក​សង្កែ ។

នៅ​ស្រុក​ចំការលើ​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​ប្រុស​ភ្នំ​ស្រី ឬ​ហៅ​ថា​ភ្នំ​ទែ​ត ស្ថិត​នៅ​ឃុំ​បុសខ្នុរ ។​នៅ​ទីនោះ មាន​វត្ត​អារាម​សម្រាប់​ព្រះសង្ឃ​គង់នៅ ហើយ​រាល់​រដូវ​ភ្ជុំបិណ្ឌ និង​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ តែង​មាន​អ្នក​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ចំណែក​នៅ​ក្រុង​កំពង់ចាម ស្រុក​កងមាស និង​ស្រុក​កោះសូទិន មិន​មាន​ភ្នំ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ