ខេត្តកណ្តាល ៖ ការបើកបរបញ្ច្រាសទិសចរាចរណ៍ គឺជាការបំពានដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុតមួយនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។ ហាមបើកបរបញ្ច្រាសទិសចរាចរណ៍ គឺជាសុវត្ថិភាពចរាចរណ៍ជាមូលដ្ឋានដែលតម្រូវឱ្យអ្នកបើកបរត្រូវតែធ្វើដំណើរស្របទៅតាមទិសដៅ ដែលបានកំណត់ដោយផ្លាកសញ្ញា គំនូសសញ្ញា និងគោលការណ៍ចរាចរណ៍ផ្លូវគោកជាធរមាន ។ នេះបើយោងតាមផេក ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាពេលកន្លងមកថ្មីៗនេះ ។

ជាមួយគ្នានោះដែរ កាលពីពេលកន្លងមកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានប្រកាសផងដែរពីការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ ។
បន្ថែមពីនេះក្រសួងសាធារណការ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត ។
ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ ។ «សូមបើកបរដោយស្មារតីទទួលខុសត្រូវ» «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ។

អ្នកបើកបរត្រូវចាំថា ការបើកបរបញ្ច្រាសទិស មិនត្រឹមតែបំពានច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កឲ្យមានគ្រោះថ្នាក់ប៉ះទង្គិចគ្នាដោយផ្ទាល់ ដែលជាប្រភេទគ្រោះថ្នាក់ដែលមានអត្រាបណ្តាលឲ្យមនុស្សស្លា.ប់ ឬរបួសធ្ងន់ធ្ងរខ្ពស់ជាងគេ ។
លើសពីនេះទៀតការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសណ្ដាប់ធ្នាប់សង្គមរបស់យើងក៏ដូចជា ផ្តល់នូវសុវត្ថិភាពសម្រាប់ខ្លួន និងអ្នករួមដំណើរផ្សេងទៀត ។

ការបើកបរបញ្ច្រាសទិសចរាចរណ៍ គឺផ្តល់ហានិភ័យខ្ពស់នាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានបង្កឱ្យមានមនុស្សស្លា.ប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់ ហើយបន្សល់ទុកនូវការខាតបង់ជាច្រើនសម្រាប់គ្រួសារផ្ទាល់ និងប្រទេសជាតិ ៕
ចែករំលែកព័តមាននេះ