ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​នាំ​បន្លែ​ផ្លែ​ឈើ ពិសេស​ផ្លែ​ទុរេន ពី​វៀតណាម​ចូល​កម្ពុជា ដូច​ហែ​កឋិន

6 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ ឈ្មួញ​សម្រុក​ទិញ​បន្លែ​ផ្លែ​ឈើ ពី​ប្រទេស​វៀតណាម យក​មក​លក់​ចែកចាយ នៅ​ក្នុង​ខេត្តស្វាយរៀង និង​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ជា​ពិសេស ផ្លែ​ទុរេន​សង្ស័យ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ…

ខេត្តស្វាយរៀង ៖ ឈ្មួញ​សម្រុក​ទិញ​បន្លែ​ផ្លែ​ឈើ ពី​ប្រទេស​វៀតណាម យក​មក​លក់​ចែកចាយ នៅ​ក្នុង​ខេត្តស្វាយរៀង និង​តាម​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ជា​ពិសេស ផ្លែ​ទុរេន​សង្ស័យ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ។ ហើយ​ផ្លែ​ទុរេន នាំ​ចូល​ពី​ប្រទេស​វៀតណាម​មក​ដល់​ខេត្តស្វាយរៀង ឈ្មួញ​ប្តូរ​អត្តសញ្ញាណ មក​ជា​ទុរេន​ខ្មែរ មក​ពី​ខេត្តកំពត ឬ​ក៏​ទុរេន​ខេត្តកំពង់ចាម ។

បើ​តាម​សមត្ថកិច្ច​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កោះសន្តិភាព​ថា នៅ​ចុងខែ​ឧសភា ឆ្នាំ​២០២៤ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ឈ្មួញ​បាន​ចូល​ទៅ​ទិញ​បន្លែ​ផ្លែ​ឈើ ជា​ពិសេស​ផ្លែ​ទុរេន នៅ​ចំណុច​.​ស ព្រំដែន នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្ល៍ ឃុំ​ថ្មី ស្រុក​កំពង់​រោទ៍ ក្នុង​១​ថ្ងៃ ដឹក​តាម​រថយន្ត ចាប់ពី​១៥​គ្រឿង​ទៅ​២០​គ្រឿង និង​មាន​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក និង​រថយន្ត​សាំ​យ៉ុ​ង រថយន្ត​ធូ​រី​ស បន្តកន្ទុយ​គ្នា ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណា ចុះ​ត្រួតពិនិត្យ​គុណភាព​ទេ ។

ប្រភព​បន្ត​ថា កន្លង​មក វៀតណាម​នាំ​ទុរេន ទៅ​ប្រទេស​ចិន ក្រោយមក ចិន​បាន​ពិនិត្យ​គុណភាព​ទុរេន ថា តើ​មាន​សារធាតុ​គីមី​ហាមឃាត់​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ខណៈ​មន្ត្រី​ជំនាញ​ចិន ពិនិត្យ​លទ្ធផល ឃើញ​ថា ក្នុង​ផ្លែ​ទុរេន មាន​ផ្ទុក​សារជាតិ​គីមី ហាមឃាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ចិន​បាន​ឲ្យ​វៀតណាម ដឹក​ទុរេន ត្រឡប់​មក​ប្រទេស​វៀតណាម​វិញ ។

បន្ទាប់​មក វៀតណាម បាន​នាំ​ផ្លែ​ទុរេន មក​លក់​ឲ្យ​ខ្មែរ​វិញ ហើយ​ឈ្មួញ​ខ្មែរ បាន​សម្រុក​ទៅ​នាំ​ទុរេន​វៀតណាម មក​លក់​ចែកចាយ ក្នុង​ខេត្តស្វាយរៀង និង​បណ្តា​ខេត្ត​នានា និង​ដឹក​ទៅ​រាជធានី​ភ្នំពេញ ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណា ពិនិត្យ​គុណភាព​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា អាជីវក​រដឹក​ទុរេន​តាម​រ៉ឺ​ម៉ក និង​តាម​រថយន្ត យក​មក​ដាក់​លក់​តាម​ទីផ្សារ និង​មួយ​ចំនួន​ទៀត ដឹក​លក់​តាម​ផ្ទះ និង​តាម​ទីកន្លែង​ទេសចរណ៍ ក្នុង​ខេត្ត និង​ទីប្រជុំជន ហើយ​ប្រកាស​តាម​(​ម៉េ​ក្រូ​) ថា ទុរេន​ម៉ា​ន់​ថង ទុរេន​កំពង់ចាម ទុរេន​កំពត ។

មហាជន បាន​សំណូមពរ​សូម​ឲ្យ​មន្ត្រី​ជំនាញ មាន​សមត្ថកិច្ច​មេត្តា ចុះ​ទៅ​ពិនិត្យ​ការ​នាំ​បន្លែ​ផ្លែ​ឈើ ជា​ពិសេស​ផ្លែ​ទុរេន ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម ចូល​មក តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្រុក​កំពង់​រោ​ទ៌ មក​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង​នេះ​ផង​ទាន​! ដើម្បី​ធានា​សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​អ្នក​បរិភោគ បើ​បណ្តែតបណ្តោយ​ឲ្យ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ ផ្លែ​ទុរេន ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​បែប​នេះ គឺ​មាន​ហា​នី​ភ័យ​ខ្លាំង​ណាស់ ពាក់​ព​ន្ធ័​ភូ​គា​ម​អនាម័យ និង​សុវត្ថិភាព​សុខមាលភាព​អ្នក​បរិភោគ ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ បាន​ទេ ទូរ​សព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​លើក​ទទួល ។

ដោយឡែក​លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា មន្ត្រី​មន្ទីរ​កសិកម្ម​ពិនិត្យ​តែ​បញ្ហា​ជំងឺផ្តាសាយបក្សី​ទេ ចំពោះ​បន្លែ​ផ្លែ​ឈើ គឺ​មិន​ពាក់​ព​ន្ធ័​ជំនាញ​របស់​មន្ទីរ​កសិកម្ម​ទេ ។

ចំណែកឯ លោក ប្រធាន​សាខា ក​.​ប​.​ប ប្រចាំ​ខេត្តស្វាយរៀង (​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ខ្លែង​បន្លំ​) បាន​មាន​ប្រសាសន៍​ថា មន្ត្រី ក​.​ប​.​ប ពុំ​មាន​សិទ្ធិ​ចុះ​ទៅ​ត្រួតពិនិត្យ​តាម​ច្រក​ទ្វារ​ព្រំដែន​ទេ ក៏​ប​ន្តែ​មន្ត្រី​របស់​លោក បាន​ចុះ​ត្រួតពិនិត្យ នៅ​តាម​ទីផ្សារ គឺ​យក​សំណាក​បន្លែ ផ្លែ​ឈើ មក​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ចល័ត រក​កាក​សំណល់​កសិកម្ម (​សារធាតុ​គីមី​ហាមឃាត់​) លទ្ធផល ពុំ​មាន​រក​ឃើញ​កាក​សំណល់​កសិកម្ម ជាប់​នៅ​លើ​បន្លែ​ផ្លែ​ឈើ​ទេ ។

ចំពោះ​មហាជន​អ្នក​បរិភោគ​បន្លែ​ផ្លែ​ឈើ ជា​ពិសេស​ផ្លែ​ទុរេន ដែល​ចូល​ពី​ប្រទេស​ជិតខាង ដោយ​គ្មាន​ការ​បញ្ជាក់​ពី​គុណភាព សុវត្ថិភាព​សុខមាលភាព​អ្នក​បរិភោគ​របស់​មន្ត្រី​ជំនាញ​ពី​ប្រទេស​ផលិត កសិផល​កសិកម្ម សំណូមពរ​សូម​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដោយ​មាន​លិខិតបញ្ជាក់​សុវត្ថិភាព​ពី​ប្រទេស​ផលិត​ផង ៕

អត្ថបទសរសេរ ដោយ