ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រហើ.ន​មែន! ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ហើយ​​នៅ​តែ​បំពា.ន​ទៀត សង្ស័យទុកដីការបស់តុលាការជាក្រដាសអនាម័យទេដឹង​?

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ​ពិតជា​អាងខ្នង​មែនហើយ ​ស្រប​ពេល​ដែល​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​នៅ​លើ​

ខេត្តកំពង់ស្ពឺ​ ៖ ​ពិតជា​អាងខ្នង​មែនហើយ ​ស្រប​ពេល​ដែល​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​នៅ​លើ​ទីតាំង​ដី​ ដែល​គ្រោង​នឹង​សាងសង់​រោងចក្រ​មួយ​កន្លែង​ ក្រុម​ឡាន​ដឹក​ដី​ មិន​ត្រឹមតែ​មិន​ស្ដាប់​ និង​អនុវត្ត​តាមនោះ​ទេ​ ថែម​ទាំង​បំពាន​នៅ​តែ​បន្ត​ដឹក​ដី​ទៅ​ចាក់​យ៉ាង​គឃ្លើន​ ដោយ​មិន​ញញើត​ច្បាប់​បន្តិច​សោះ​។

ការ​នៅ​តែ​បន្ត​ចាក់​ដី​នៅ​លើ​ទីតាំង​ដែល​មាន​ដីកា​រក្សា​ការពារ​នេះ ​តើ​អាជ្ញាធរ​ពាក់ព័ន្ធ​មានបាន​ជ្រាប​ដែរ​ឬទេ​? ឬ​ក៏​បានដឹង​ហើយ​ធ្វើ​មិនដឹងមិនឮ​ ទុក​ពេល​ឲ្យ​ក្រុម​ឡាន​ដឹក​ដី​ទៅ​ចាក់​លើ​កន្លែង​ដែល​ត្រូវ​បាន​ហាមឃាត់​ទៅ​វិញ​។

យោង​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ​កាលពី​ព្រឹក​ថ្ងៃ​ទី 13 ខែមិថុនា​ឆ្នាំ 2024 កន្លង​ទៅ​នៅ​លើ​ទីតាំង​ចាក់​អាចម៍ដី​និង​រណ្ដៅ​ដី​ទំនប់​អូរ​ក្រាំង​អំបិល​ ឃុំ​ត្រពាំង​គង ​ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ​ ដោយ​មាន​មន្ត្រី​តុលាការ​ជា​ច្រើន​រូប​ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ដោយ​មាន​លោក​ស្វាយ សា​រុន អភិបាលរង​ស្រុក​ចូលរួម​ផង​ដែរ​នោះ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​ដែល​ត្រូវ​ប្រកាស​ហាម​មិន​ឲ្យ​មាន​សកម្មភាព តាម​ពាក្យ​ស្នើ​សុំ​របស់​លោក​ទឹម​គឹ​ម​សាន ដោយ​បាន​អាន​សេចក្តីសម្រេច​របស់​តុលាការ​ឲ្យ​ក្រុម​ថៅកែ​ដី​និង​ក្រុម​ឡាន​ទាំងនោះ​ផ្អាក​សកម្មភាព​មិន​ឲ្យ​បន្ត​ដឹកអាចម៌ដី​ទៅ​ចាក់​ទៀត​នោះ​ទេ​។

ប្រភព​បន្ត​ថា បើ​ទោះជា​មាន​ដីកា​រក្សា​ការពារ​ហាមឃាត់​មិន​ឲ្យ​មាន​សកម្មភាព​ដឹក​អាចម៍ដី​យក​ទៅ​ចាក់​លើ​ទីតាំង​ដី​ដែល​ត្រូវ​បាន​ហាមឃាត់​យ៉ាងណា​ក្តី​ នៅ​រសៀល​ថ្ងៃ​ដដែល​ បន្ទាប់​ពី​ក្រុម​មន្ត្រី​តុលា​ការ​​បាន​ចាកចេញ​ផុត​ក្រុម​ឈ្មួញ​ថៅកែ​រណ្ដៅ​ដី​ឈ្មោះ​លឹ​ម ចាន់​ថុ​ល​ និង​បក្សពួក​ក្រុម​ឡាន​នៅ​តែ​បន្តសកម្មភាព​ដឹក​ដី​យក​ទៅ​ចាក់​យ៉ាង​គឃ្លើន ​ដោយ​មិន​ញញើត​ច្បាប់​បន្តិច​សោះឡើយ​។

ប្រភព​មួយ​ផ្សេង​ទៀត​បាន​បង្ហើប​ផង​ដែរ​ថា​ ពេល​នេះ​គេ​នៅ​តែ​ឃើញ​ក្រុម​ឈ្មួញ​(​ថៅកែ​លឹ​មចាន់​ថុ​ល​)​នៅ​ហ៊ាន​បន្តសកម្មភាព​យ៉ាង​គឃ្លើន​បែប​នេះ​ ដោយសារ​តែ​មាន​មន្ត្រី​អាវុធហត្ថ​ស័ក្តិ​៣​ម្នាក់​ឈ្មោះ​ម៉ុ​ន សំអាត ហៅ​ម៉ៅ ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​ក្រុម​ឡាន​និង​ថៅកែ​រណ្ដៅ​ដី​នោះ​។

បើ​តាម​ប្រភពមួយ​បាន​បញ្ជាក់​ប្រាប់​ថា​«​មុន​ពេល​ដែល​តុលាការ​ចុះ​ទៅ​អនុវត្ត​ដីកា​រក្សា​ការពារ​នេះ​ គឺ​គេ​បានឃើញ​លោក​ស័ក្តិ​៣​ ម៉ុ​ន ​សំអាត ហៅ ម៉ៅ ដែល​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ទៅ​រត់ការ​នៅ​សាលាដំបូង​ដោយ​ស្នើ​សុំ​ឲ្យ​មានការ​ពន្យារពេល​តែ​ត្រូវ​បាន​បដិសេធ»​។

ប្រភពដដែល​បាន​បន្ត​ថា​ ការ​ដែល​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុម​ឈ្មួញ​នៅ​តែ​បន្តសកម្មភាព​មាន​ន័យ​ថា​ប្រឆាំង​ទៅ​នឹង​ច្បាប់​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សេចក្តីសម្រេច​របស់​តុលាការ យោង​តាម​មាត្រា ៥២០ – បទ​បដិសេធ​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​«​អំពើ​របស់​អ្នករាជការ​សាធារណៈ ក្នុង​មុខការ​របស់​ខ្លួន ដែល​មិន​ព្រម​អនុវត្ត សាលដីកា សាលក្រម ដីកា ឬ​រាល់​បញ្ជា​របស់​អាជ្ញាធរ​តុលាការ ត្រូវ​ផ្តន្ទាទោស​ដាក់ ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ០០០ ០០០ (​បួន​លាន​) រៀល ទៅ ១០ ០០០ ០០០ (​ដប់​លាន​) រៀល»​។

លើស​ពី​នេះ​ទៅ​ទៀត​យោង​តាម មាត្រា ៥២៣ – បទ​ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ​«អំពើ​រិះគន់​លិខិត ឬ​សេចក្តីសម្រេច​របស់​តុលាការ ក្នុង​គោលដៅ​បង្ក​ឱ្យ​មាន ភាព​វឹកវរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ឬ​ក៏​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ស្ថាប័ន​នៃ ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (​មួយ​) ខែ ទៅ ៦(​ប្រាំមួយ​) ខែ និង​ពិន័យ​ជា​ប្រាក់​ពី ១០០ ០០០ (​មួយ​សែន​) រៀល ទៅ ១ ០០០ ០០០ (​មួយ​លាន​) រៀល »។ អំពើ​ដែល​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ទោស​ដែល​មាន​ចែង ។

ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី 14 ខែមិថុនា ​ឆ្នាំ 2024 ​អ្នក​យក​ព័ត៌មាន​យើង​បាន​ទៅ​ផ្តិត​យក​រូបភាព​ឃើញ​ថា​ សកម្មភាព​ក្រុម​ឡាន​នៅ​តែ​បន្ត​ដឹក​អាចម៍ដី​យ៉ាង​គគ្រឹកគគ្រេង​ មិន​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​តុលាការ​ឡើយ​។ សកម្មភាព​បែប​នេះ​ ធ្វើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​មានការ​មន្ទិល​សង្ស័យ​ទៅ​លើ​អាជ្ញាធរ​ស្រុក​សំរោង​ទង ថា​មិន​យកចិត្តទុកដាក់​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​តាមតែ​អំពើ​ចិត្ត​។

ពេល​នេះ​មហាជន​ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​កំពុង​តែ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក​សំរោង​ទង​ តើ​ហ៊ាន​ចាត់ការ​ទៅ​លើ​ក្រុម​ឈ្មួញ​ចាក់​ដី​ទាំងនោះ​ដែរ​ឬ​យ៉ាងណា​ ស្រប​ពេល​ដែល​ទីតាំង​មួយ​នោះ​ មាន​ដីកា​រក្សា​ការពារ​របស់​តុលាការ​រួច​ស្រេច​ទៅ​ហើយ ឬ​មួយ​ក៏​អាជ្ញាធរ​ក៏​ដូច​ជា​លោក​ស្វាយ ​សា​រុន​ ខ្លាច​អំណាច​លោក​ម៉ុ​ន សំអាត​ ហៅ​ម៉ៅ​ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ឬ​ក៏​ខ្លាច​អំណាច​លោក​វរ​:​សេនីយ៍​ទោ អុ​ី លាង​អេ​ង មន្ត្រី​យោធា​បំរើ​ការ​ខាង​អភិវឌ្ឍន៍​ក្រសួងការពារជាតិ​បាន​ចេះ​តែ​សំងំ​ស្ងៀម​បណ្ដោយ​ឲ្យ​មាន​សកម្មភាព​បែប​អនាធិបតេយ្យ​នេះ​ទៅ​វិញ ។

ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​មិថុនា​ ២០២៤​នេះ​ដែរ​ តំណាង​លោក​ទឹម គឹ​ម​សាន បាន​យកពាក្យ​បណ្តឹង​មួយ​ច្បាប់​ទៅ​ដាក់​នៅ​រដ្ឋបាល​ស្រុក​សំរោង​ទង តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋបាល​បដិសេធ​មិន​ព្រម​ទទួល​ឡើយ​។​ការ​មិន​ព្រម​ទទួល​ពាក្យបណ្តឹង​របស់​លោក​ទឹម ​គឹ​ម​សាន​ បាន​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​កំសោយ​របស់​រដ្ឋបាល​ស្រុក​សំរោង​ទង​យ៉ាង​ខ្លាំង​។

ពាក់ព័ន្ធ​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ លោក ស្វាយ សា​រុន អភិបាលរង​ស្រុក​និយាយ​ថា លោក​បាន​ចូលរួម​ជាមួយ​មន្ត្រី​តុលាការ​ដើម្បី​ទប់ស្កាត់​រក្សា​ការពារ ក្រុមហ៊ុន​ដែល​ចាក់​​ដី​គ្រោង​ធ្វើ​រោងចក្រ​មែន​។ ប៉ុន្តែ​លោក​មិន​ទាន់​ទទួល បាន​ព័ត៌មាន​ថា ក្រុម​រថយន្ត​ដឹក​ដី​នៅ​ចាក់​បន្ត​ទៀត​នោះ​ទេ​។ លោក​បានឱ្យ​ឃុំ​ចុះ​ទៅ​ពិនិត្យ​មើល ប្រសិនបើ ក្រុម​រថយន្ត​ដឹក​អាចម៍ដី​នៅ​តែ​បន្ត​ទៀត លោក​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ហើយ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ