ទីក្រុងហ្វាសាណូ៖ នៅទីបំផុត លោកបៃដិន និងលោកហ្សេឡិនស្គីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាតិរយៈពេលដប់ឆ្នាំកាលពីយប់ថ្ងៃព្រហស្បតិ៍។ លោកទាំង២ចាត់ទុកថានេះជាគោលចារឹកនៃទំនាក់ទំនងប្រទេសទាំង២។ ប៉ុន្តែគេគិតថាត្រឹមតែកិច្ចព្រមព្រៀងនេះតែ១មិនទាន់គ្រប់គ្រាន់ទេ។ លោកហ្សេឡិនស្គីនៅតែមានមន្ទិលសង្ស័យថាតើលោកអាចពឹងលើជំនួយរបស់ប្រទេសអាមេរិករហូតដល់ពេលណា។

លោកហ្សេឡិនស្គីថ្លែងថាអ៊ុយក្រែនត្រូវការជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដើម្បីការពារជនស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធ។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីដាច់ដោយឡែកពីកិច្ចប្រជុំជីប្រាំពីរ (G7) ដែលរៀបចំឡើងនៅប្រទេសអ៊ីតាលី។

លោកបៃដិនថ្លែងថាគោលបំណងនៃកិច្ចព្រមព្រៀងនេះដើម្បីពង្រឹងវិស័យការពារជាតិអ៊ុយក្រែន និងប្រព័ន្ធទប់ទល់។ លោកហ្សេឡិនស្គីចាត់ទុកថានេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ពិតប្រាកដ១។ គ្រាន់តែថាលោកមិនទាន់អស់ចិត្តទេថាតើប្រទេសអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតបន្តជួយអ៊ុយក្រែនរហូតដល់ពេលណា។

លោកដាក់ជាសំណួរថាតើពិភពលោកនឹងមានឯកភាពគ្នារហូតដល់ពេលណា? ជាពិសេស ការឯកភាពគ្នានៅប្រទេសអាមេរិក និងអឺរ៉ុប។ លោកក៏ចង់ដឹងដែរថាតើការឯកភាពគ្នានេះអាចនឹងរង្គោះរង្គើ ឬប្រែប្រួលដែរឬទេនៅពេលលទ្ធផលបោះឆ្នោតនាពេលខាងមុខនេះអាចនឹងប្រែប្រួល។ លោកចង់មានន័យថាកិច្ចព្រមព្រៀងនេះជួនកាលមានតែនៅលើក្រដាសតែប៉ុណ្ណោះ។ បើលោកបៃដិនបន្តជាប់ឆ្នោតនៅអាណត្តិថ្មីមិនអីទេ។ ប៉ុន្តែបើលោកត្រាំជាប់ឆ្នោតវិញសេណារីយានឹងប្រែប្រួល។

លោកហ្សេឡិនស្គីក៏ឆ្លៀតនិយាយអំពីគ្រោះថ្នាក់នៃចរិតឈ្លានពានរបស់រុស្ស៊ីផងដែរ។ លោកថ្លែងថាបើអ៊ុយក្រែនដួលរលំ លោកហ៊ាននិយាយថាលទ្ធិប្រជាធិបតេយ្យនៅប្រទេសដទៃទៀតក៏ត្រូវតែដួលរលំដូចគ្នា។ ថ្មីៗនេះ អាមេរិក និងអឺរ៉ុបឯកភាពគ្នាថានឹងផ្អិបទុកទ្រព្យសម្បត្តិរបស់រុស្ស៊ីដ៏មហាសាលជាបន្តទៀតរហូតដល់រុស្ស៊ីយល់ព្រមសងការខូចខាតដែលខ្លួនបានបង្កឡើងទៅលើអ៊ុយក្រែន។ ឥឡូវនេះ គេឯកភាពគ្នាថានឹងបង្វិលទ្រព្យសម្បត្តិរុស្ស៊ី៥០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែន។

រួមទាំងការដាក់ទណ្ឌកម្មប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះទៀត លោកបៃដិនចាត់ទុកថាវិធានការទាំងនេះជាសារនយោបាយផ្ដាំទៅលោកពូទីនថាគាត់ (លោកពូទីន) មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ពួកយើងបានឡើយ។ យោងតាមកិច្ចព្រមព្រៀងនេះ, បស្ចិមប្រទេសនឹងដកលុយបន្តិចម្ដងៗដែលបានពីអត្រាការប្រាក់នៃទ្រព្យសម្បត្តិសរុបរបស់រុស្ស៊ីជាង២៦០ពាន់លានដុល្លារ។ ភាគច្រើននៃទ្រព្យសម្បត្តិទាំងនោះត្រូវបានផ្អិបទុកនៅទ្វីបអឺរ៉ុប។ ទ្រព្យសម្បត្តិទាំងនេះអាចយកធ្វើជាទ្រព្យតម្កល់ ឬទ្រព្យបញ្ចាំសម្រាប់ឱ្យអ៊ុយក្រែនខ្ចីលុយពីប្រទេសអាមេរិក៥០ពាន់លានដុល្លារ និងខ្ចីពីប្រទេសដទៃទៀត។

អ៊ុយក្រែននឹងទទួលបានសាច់ប្រាក់ជាបណ្ដើរៗចាប់ពីឆ្នាំ២០២៤នេះតទៅ។ ប៉ុន្តែការដកយកប្រាក់ទៅប្រើប្រាស់ត្រូវតែធ្វើឡើងមួយជំហានម្ដងៗ។ នេះបើតាមការបង្ហើបឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលអាមេរិក។ អ៊ុយក្រែនអាចយកប្រាក់ដែលបង្កកទុកនោះទៅចំណាយលើវិស័យការពារជាតិ សេដ្ឋកិច្ច មនុស្សធម៌ និងការស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ។

នៅថ្ងៃសុក្រនេះ ក្រុមប្រទេសជីប្រាំពីរនឹងចេញសេចក្ដីថ្លែងការណ៍រួម ហើយនឹងទុកឱ្យនៅចំហនូវគម្រោងរឹបអូសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ីទាំងអស់។ រហូតមកដល់ពេលនេះ ក្រុមសម្ព័ន្ធមិត្តមិនទាន់និយាយឱ្យបានជ្រះស្រឡះនៅឡើយទេនៅត្រង់ចំណុចនេះ។ មូលហេតុដោយសារពួកគេត្រូវគិតទៅដល់នីត្យានុកូលភាព ឬទិដ្ឋភាពច្បាប់ និងស្ថិរភាពហិរញ្ញវត្ថុ៕



ចែករំលែកព័តមាននេះ