រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់សិស្ស-និស្សិត ថា មិនមែនត្រឹមតែរៀនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែត្រូវរៀនសម្រាប់ត្រៀមប្រកួតប្រជែងជាមួយបណ្ដាប្រទេស ក្នុងពិភពលោក ។
ថ្លែងនាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការខិតខំពង្រឹងទៅលើមូលដ្ឋាន នៃការអប់រំរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានពង្រឹងបន្ថែមទៀត នូវវិស័យអប់រំ ។ រាជរដ្ឋាភិបាល ក៏បានបើកឱកាសទាំងក្នុង និងក្រៅប្រទេស ព្រមទាំងលើកចិត្តឲ្យមានការចាប់ដៃគ្នារវាង សាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំ ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរនូវចំណេះដឹង ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ៖ «សិស្សរបស់យើង មិនមែនត្រឹមតែរៀនសម្រាប់កម្ពុជាទេ រៀនសម្រាប់ត្រៀមកម្ពុជា ប្រកួតប្រជែងជាមួយពិភពលោក ។ ចឹងដើម្បីឲ្យទាន់ ទាល់តែកម្មវិធីអប់រំបណ្ដុះបណ្ដាលយើងទាន់ដែរ ។ ចឹងការខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលបានបើកច្រក និងលើកទឹកចិត្ត នូវវិស័យអប់រំ» ។
សម្ដេចធិបតី បន្ដថា ក្រសួងអប់រំ ត្រឹមតែដាក់ចេញ នូវគោលនយោបាយ និងទិសដៅមួយចំនួន ហើយរាជរដ្ឋាភិបាល ត្រឹមតែផ្ដល់គោលការណ៍អនុគ្រោះតូចតាចមួយចំនួន ដើម្បីជួយសម្រួល ជាពិសេស នៅពេលលំបាក ប៉ុន្ដែអ្នកប្រតិបត្តិផ្ទាល់ ក្នុងការកសាងធនធានមនុស្ស គឺ«គ្រឹះស្ថានសិក្សា» ទាំងពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ឧត្តមសិក្សា ។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា រាជរដ្ឋាភិបាល ធានាត្រឹមប្រទេសមិនឲ្យមានសង្គ្រាម និងបើកច្រកឲ្យមានការរីកចម្រើន ក្នុងវិស័យអប់រំ ធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យរបស់ពួកគាត់មានលទ្ធភាព រៀនសូត្របន្ថែមទៀត ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឲ្យស្របនឹងតម្រូវការ នៃទីផ្សារការងារ និងបន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់និស្សិតជ័យលាភី របស់សាកលវិទ្យាលីមកុកវីងទាំងអស់ បន្តសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ ខ្លួនឱ្យកាន់តែខ្ពស់តាម ដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និងយុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមាពី បរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ។
សម្តេចធិបតី លើកទឹកចិត្តសាស្ត្រាចារ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបង្រៀន និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្តជាក់ស្តែង, ហើយចំណេះដឹងពីការស្រាវជ្រាវនេះ គួរត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន ។
ជាមួយគ្នានោះដែរ សម្តេចធិបតីថា ៖ «ខ្ញុំ សូមលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឱ្យស្របនឹងតម្រូវការ នៃទីផ្សារការងារ និង បន្តអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ដើម្បីធានានូវគុណភាព នៃការបណ្តុះបណ្តាល, ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិការណ៍ នៃការរីកចម្រើន នៃសេដ្ឋកិច្ច និងសង្គម ការប្រកួតប្រជែង នៃទីផ្សារការងារ សាកលភាវូបនីយកម្ម និងការវិវត្តនៃសកលលោក» ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត គ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីផ្ទេរចំណេះដឹង បទពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពន ការអប់រំ ការបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រី បានណែនាំក្រសួងអប់រំ យុវជន និង កីឡា ដៃគូអភិវឌ្ឍ វិស័យឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង ការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុក ដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព ៕





ចែករំលែកព័តមាននេះ