ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបន្ថែមទណ្ឌក.ម្មលើរុស្ស៊ី រួមទាំងវិស័យធនាគារ ផ្សារភាគហ៊ុន និងបច្ចេកវិទ្យា

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការបង្រ្កាបជាថ្មី លើ

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិកបានបន្ថែមទណ្ឌកម្មលើប្រទេសរុស្ស៊ី រួមទាំងការបង្រ្កាបជាថ្មី លើបណ្តាធនាគារជាប់ទាក់ទងជាមួយអង្គភាពរងទណ្ឌកម្មរបស់រុស្ស៊ី។ ការបន្ថែមទណ្ឌកម្មនេះ ដើម្បីកំណត់គោលដៅបណ្តាធនាគារបរទេស ដែលត្រូវបានចាត់ទុកថា កំពុងជួយរុស្ស៊ីលើសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើទីផ្សារភាគហ៊ុនក្រុងម៉ូស្គូផងដែរ សម្រាប់ការបញ្ឈប់ការជួញដូរប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។ ហើយក្នុងនោះ ក៏បានធ្វើការផ្លាស់ប្តូរ ដើម្បីព្យាយាមដាក់កម្រិតលើការប្រើប្រាស់បច្ចេកវិទ្យារបស់រុស្ស៊ី រួមទាំងបន្ទះឈីប និងផ្នែកទន់ ឬ Software ផងដែរ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីខែធ្នូ ឆ្នាំមុន ដែលបានដាក់ទណ្ឌកម្មលើបណ្តាធនាគារ ដែលទាក់ទងនឹងបុគ្គល និងក្រុមហ៊ុនប្រហែល ១,២០០នាក់/ក្រុមហ៊ុន ដែលត្រូវបានចាត់ទុកថា កំពុងជួយដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ វិធានការទាំងនោះ បង្ហាញឱ្យធនាគារនានា ប្រឈមហានិភ័យនៃការកាត់ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ហើយឥឡូវនេះ បានពង្រីកដល់អង្គភាពប្រហែល ៤,៥០០ អង្គភាព។ អាមេរិក ក៏នឹងកំណត់គោលដៅលើការជួញដូរមាសខុសច្បាប់ផងដែរ។

លោក Peter Harrell អតីតមន្ត្រីជាន់ខ្ពស់សេតវិមាន សម្រាប់សេដ្ឋកិច្ចអន្តរជាតិបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំការហ៊ុមព័ទ្ធហិរញ្ញវត្ថុពិភពលោកលើប្រទេសរុស្ស៊ី។ ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ រតនាគារអាមេរិកបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មលើផ្នែកខ្លះ នៃប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី រួមទាំងទីផ្សារភាគហ៊ុនក្រុងម៉ូស្គូ ដែលជាទីផ្សារប្តូរប្រាក់បរទេសដ៏ធំបំផុតរបស់រុស្ស៊ី ដើម្បីបញ្ឈប់ការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។

មិនទាន់អស់នៅឡើយទេ សហរដ្ឋអាមេរិក ក៏បានផ្តោតលើវិស័យបច្ចេកវិទ្យាផងដែរ ខណៈបន្ទះឈីប និងបច្ចេកវិទ្យាផ្សេងទៀត ដែលផលិតនៅអាមេរិក ត្រូវបានរកឃើញនៅក្នុងឧបករណ៍របស់រុស្ស៊ី ដែលប្រើប្រាស់នៅសមរភូមិអ៊ុយក្រែន រួមទាំង ដ្រូន វិទ្យុ គ្រាប់មីសីល និងរថពាសដែកផងដែរ។ ទណ្ឌកម្មនេះ មានគោលបំណងធ្វើឱ្យក្រុមហ៊ុនជាច្រើន កាន់តែលំបាកក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាទៅឱ្យរុស្ស៊ី។ លើសពីនេះទៀត ផ្នែកទន់ ឬ Software ក៏ត្រូវបានដាក់កម្រិតផងដែរ បើទោះជាអាមេរិកបានអះអាងថា សកម្មភាពខ្លួន គ្មានបំណងរំខានដល់សង្គមស៊ីវិល និងទូរគមនាគមន៍ស៊ីវិលរុស្ស៊ី យ៉ាងណាក៏ដោយ។

សហរដ្ឋអាមេរិក បានប្រកាសការសម្រេចចិត្តនេះ ខណៈដែលលោក បៃដិន ត្រូវបង្ហាញវត្តមានក្នុងកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូង ប្រទេសអ៊ីតាលី រួមជាមួយមេដឹកនាំចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ