ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាជនរិះគន់រឿងឈ្មួញបូមខ្សាច់អនាធិបតេយ្យដងស្ទឹងពោធិសាត់

2 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋស្រុកបាកាន,ភ្នំក្រវាញ និងក្រុងពោធិ៍សាត់លើកឡើងស្រដៀងគ្នាថា

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋស្រុកបាកាន, ភ្នំក្រវាញ និងក្រុងពោធិ៍សាត់លើកឡើងស្រដៀងគ្នាថា ការដ្ឋានកាយដីដើម្បីបូមខ្សាច់តាមតំបន់នានា ជាពិសេសតាមដងស្ទឹងពោធិ៍សាត់ តែ​ម្ដង បច្ចុប្បន្ននេះកំពុងរងការបំផ្លិចបំផ្លាញសោភណ្ឌភាពដងស្ទឹង, ផ្លូវ, ថ្នល់, លូ, ស្ពានតូចៗ…និងរងផលប៉ះពាល់ផ្នែកបរិស្ថានជាខ្លាំង ពិសេសធនធានរ៉ែតែម្ដង។

ទោះជា​យ៉ាងណាក៏ដោយមន្ទីររ៉ែ និងថាមពល ខេត្តពោធិ៍សាត់ហាក់ដូចជា មិនមានប្រតិកម្មចំពោះបញ្ហា ដែលកំពុងកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននោះឡើយ ។ ភាពស្ងៀមស្ងាត់នោះ នាំឲ្យមានមន្ទិលដល់មជ្ឈដ្ឋាននានា នៅក្នុងខេត្តពោធិ៍សាត់។

ជាក់ស្ដែងគេសង្កេតឃើញមានការដ្ឋានកាយបកដីដើម្បីបូមយកដីខ្សាច់ ដែលមានទីតាំងអមសងខាងដងស្ទឹងពោធិ៍សាត់ ដូចជានៅក្នុងភូមិសាស្ត្រ សង្កាត់លលកស និងសង្កាត់ចំរើនផលក្រុងពោធិ៍សាត់,ឃុំបាក់ចិញ្ចៀនឃុំសំរោង ឃុំព្រងឹល និងឃុំលាច ស្រុកភ្នំក្រវាញ។ ចំណែកតាមបណ្ដាឃុំខ្លះនៃស្រុកបាកានក៏មានការដ្ឋានកាយដីបូមខ្សាច់ដូចគ្នាដែរ ។ ទីតាំងការដ្ឋានបូមយករ៉ែ(ដីខ្សាច់) នីមួយៗខាងលើ ភាគច្រើនគេឃើញកាយយកអាចម៍ដីចេញទើបបូមយកខ្សាច់ ទីតាំងខ្លះកាយ​បកយកដីចេញដូចគ្នាដែរ ប៉ុន្តែជាប់ច្រាំងស្ទឹងតែម្ដង នេះហើយជាការបំផ្លិចបំផ្លាញសោភណភាពស្ទឹង បាក់ស្រុតផ្ទះសម្បែងប្រជាពលរដ្ឋដែលករណីនេះគេពុំដឹងថា ថៅកែទាំងនោះគាត់មានសិទ្ធិបូមខ្សាច់ច្រាំងស្ទឹង ឬគាត់ទិញដីពីនរណា ហើយនរណាមានសិទ្ធិលក់នោះ? ទីតាំងមួយចំនួនទៀតឃើញបូមខ្ដាច់ក្នុងស្ទឹងដែរ ប៉ុន្តែគេពុំដឹងថា ត្រូវស្តង់ដារបច្ចេកទេសឬយ៉ាងណានោះទេ។

ក្រុមថៅកែការដ្ឋានបូមខ្សាច់ភាគច្រើនបានដឹកជញ្ជូនតាមរថយន្តធុនធំៗទៅដាក់កន្លែងផ្សេងដើម្បីលក់បន្ត។ បញ្ហានេះនាំឱ្យខូចខាតផ្លូវថ្នល់ ខូចលូ ស្ពានតូចៗ ថែម ទាំងចាក់ដីបិទភ្ជឹតស្ពានតូចៗទាំងនោះទៀតផង។ ជា ពិសេសជាងនេះទៅទៀតនោះ ពេលដឹកដីខ្សាច់បានជ្រុះហុយរកដកដង្ហើមស្ទើរតែពុំរួច ។ បញ្ហាទាំងនេះគេពុំដឹងថា ក្រុមឈ្មួញមានសិទ្ធិប៉ុនណានោះទេ បានជាពួកគាត់ធ្វើអាជីវកម្មគ្មានគិតអំពីផលប៉ះពាល់ដល់ប្រជាជនបែប​នេះ ។ ជាទូទៅគេសង្កេតឃើញ រថយន្ត​ដឹកខ្សាច់ ដាក់ពេញប្រៀបដឹកជញ្ជូនតាមផ្លូវចិត្តលេខ៥ ឆ្លងទៅបណ្ដាខេត្តភាគខាងលិច។

រថយន្តដឹកខ្សាច់ទាំងនោះ ត្រូវគេមើលឃើញថា ប្រាកដជាលើសទម្ងន់ ប៉ុន្តែហេតុអ្វីបាន​ជាគេអាចធ្វើដំណើរបានលើផ្លូវជាតិដោយស្រួល។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋលើកឡើង អំពីផលប៉ះពាល់ការដ្ឋានកាយដីបូមខ្សាច់នេះ អ្នកយកព័ត៌មានទាក់ទងទៅមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធលោក កែវ វ័យ ប្រធានមន្ទីរ ធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់ តាមរយៈ (តេ ឡេក្រាម)ពុំបានលទ្ធផលទេ។ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ តាមរយៈ(តេឡេក្រាម) បានឆ្លើយតបសំណួរថា រណ្ដៅបូមខ្សាច់ និងដឹកជញ្ជូននេះ មានអាជ្ញាប័ណ្ណពីមន្ទីររ៉ែនិងថាមពល។

លោក សេង ប៊ុនថុល ប្រធានមន្ទីររ៉ែ និងថាមពល ខេត្ត ពោធិ៍សាត់បានឱ្យដឹងតាមរយៈវ៉ាត់អាប់ថា ក្រុមហ៊ុនទាំងអស់សុទ្ធតែមានអាជ្ញាប័ណ្ណ ចេញដោយក្រសួងខ្លះ និងខេត្តខ្លះហើយមុននឹងចេញអាជ្ញាប័ណ្ណតម្រូវឱ្យមានការវាយតម្លៃពីក្រសួងបរិស្ថានឬមន្ទីរបរិស្ថាន កិច្ចសន្យាការពាររបរ ហើយការធ្វើអាជីវកម្មគឺមានការធ្វើអធិការ កិច្ចពីសំណាក់មន្រ្តីក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពល ជាប្រចាំផងដែរ ។ ប៉ុន្តែចម្លើយរបស់លោកប្រធានមន្ទីរ៉ែនិងថាមពលត្រូវគេមើលឃើញថាគ្រាន់តែជាចម្លើយ ដោយមិនមានការទទួលខុស​ត្រូវតែប៉ុណ្ណោះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ