រាជធានីភ្នំពេញ ៖ ក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ សង្កាត់ ឆ្នាំ២០២៤ នៅមូលដ្ឋានខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៣ មិថុនា ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានី និងជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើង ក្នុងន័យព្រមានជាមុនផង និងណែនាំផង ។
ថាបើ ៖ ក្រុមហ៊ុនដែលដេញថ្លៃបានពេលអនុវត្តគម្រោងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយ ដោយសារតែទង្វើរបស់ខ្លួនដោយខ្វះការទទួលខុសត្រូវដូចជា ៖ កាយជីកដី ដាក់លូ មិនព្រមលុបវិញ មិនទាន់ជីកដីផង ដឹកលូមកគរបិទមុខផ្ទះប្រជាពលរដ្ឋ ឬកន្លែងលក់ដូររបស់គាត់ បង្កទៅជាការក្តៅក្រហាយរបស់ប្រជាពលរដ្ឋ ។
ការចាក់ខ្សាច់,ចាក់ដី,មិនដាក់ស្លាកសញ្ញាសម្គាល់ ការដ្ឋានឲ្យបានត្រឹមត្រូវ ក៏បង្កបញ្ហាដែរ ព្រោះតែប៉ះពាល់ដល់អ្នកធ្វើដំណើរ និងម្ចាស់ផ្ទះ ។ ផ្ទុយទៅវិញ បើក្រុមហ៊ុនណា អនុវត្តមិនបានត្រឹមត្រូវនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅ (Black list) ដកសិទ្ធលែងអោយដេញថ្លៃ ក្នុងមូលដ្ឋានលើកក្រោយទៀតទេ។
ឯកឧត្ដម កើត ឆែ លើកជាឧទាហរណ៍ថា ៖ បើមាននរណាម្នាក់យកសំរាមទៅបោះចោល ផ្តេសផ្តាស់យើងមិនពិន័យគាត់ ដោយខ្លាចបាត់សន្លឹកឆ្នោត គឺមិនត្រឹមត្រូវទេ បើយើងមិនធ្វើប្រជាពលរដ្ឋច្រើនលើសលប់គាត់នឹងដៀលថា យើងចោរម្សៀត ។
គួរតែថ្លឹងថ្លែងមួយណាមានប្រយោជន៍ខ្លាំងជាង យើងត្រូវសហការគ្នាអនុវត្តទាំងក្រុមហ៊ុន ដែលដេញថ្លៃបាន,ក្រុមប្រឹក្សាសង្កាត់ត្រូវពិនិត្យសកម្មភាពសាងសង់របស់ក្រុមហ៊ុនឲ្យបានជាប់ជាប្រចាំ ។
ឯកឧត្ដមអភិបាលរងបន្តថា ៖ យើងប្រឹងប្រែង អភិវឌ្ឍន៍មូលដ្ឋានមិនត្រឹមតែជំនាន់យើងចាស់ៗនេះទេ តែសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត ។ ក្នុងនោះដែរ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែន សុខ ឲ្យដឹងថា ៖ ការដាក់ដេញថ្លៃជាសាធារណៈនៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង៦ របស់ខណ្ឌសែនសុខ ឆ្នាំ២០២៤នេះ មាន១៧គម្រោង, មានក្រុមហ៊ុនចូលរួមដេញថ្លៃ ចំនួន១០លើ១៦ និងមានក្រុមហ៊ុន ចំនួន៤ បានដេញថ្លៃបាន ស្របតាមនីតិវិធីនៃការដេញថ្លៃ ។
លោកអភិបាលខណ្ឌថ្លែងថា ៖ ចំពោះសាលាខណ្ឌ, សាលាសង្កាត់ និងគណៈគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងដល់បណ្តាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗក្នុងការអនុវត្តគម្រោង ដើម្បីចូលរួមសហការ និងត្រូវតាមដានត្រួតពិនិត្យការអនុវត្តគម្រោងរបស់អ្នកទទួលការជាប្រចាំ ដើម្បីឲ្យសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិតិវិធីណែនាំបានកំណត់ ៕
ចែករំលែកព័តមាននេះ