ច្បាប់មិនឱ្យប្រើម៉ាស៊ីនអូសលៀសក្នុងរដូវបិទនេសាទទេ
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រមាណជាង៦០គ្រួសារ មកពីខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមិថុនា…
ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រមាណជាង៦០គ្រួសារ មកពីខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមិថុនា…
ខេត្តពោធិ៍សាត់ ៖ ប្រជានេសាទរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ប្រមាណជាង៦០គ្រួសារ មកពីខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានមកជួបជុំគ្នានៅក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីសុំឲ្យឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ដល់ពួកគាត់បានប្រើប្រាស់ឧបករណ៍ម៉ាស៊ីនអូសលៀសក្នុងរដូវបិទនេសាទ តែឯកឧត្តមអភិបាលខេត្តមិនអនុញ្ញាតនោះទេ ព្រោះវាខុសនឹងច្បាប់ជលផល ដែលអនុញ្ញាតឱ្យបានតែលក្ខណៈអូសដៃប៉ុណ្ណោះ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានជម្រាបទៅប្រជានេសាទទាំងអស់ដែលបានមកតវ៉ានេះថា ក្នុងនាមលោកជាមន្ត្រីជំនាញផ្នែករដ្ឋបាលជលផល គឺពុំអនុញ្ញាតឱ្យបងប្អូនរកស៊ីប្រើម៉ាស៊ីនអូសលៀស ក្នុងរដូវបិទនេសាទដូចការស្នើសុំនេះឡើយ ហើយច្បាប់រដ្ឋបាលជលផលនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត ។
ម្យ៉ាងវិញទៀត ចំពោះលៀសតូចៗ គឺហាមដាច់ខាត បើសិនជាដឹកតាមរថយន្តយកទៅលក់នៅប្រទេសវៀតណាម នឹងត្រូវចាប់យកទាំងរថយន្តនោះទៀត ។ លោកនាយខណ្ឌជលផលពោធិ៍សាត់បន្តទៀតថា ក្នុងរដូវបិទនេសាទនេះ ច្បាប់អនុញ្ញាតបានតែឧបករណ៍អូសដោយដៃ ក្រឡាពីរហ៊ុនកន្លះឡើងទៅតែប៉ុណ្ណោះ ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោកគិតថា រដ្ឋបាលខេត្តមិនអាចជួយអន្តរាគមន៍បានទេ ព្រោះច្បាប់ធំជាងរដ្ឋបាលខេត្តទៅទៀត ។ លោកសូមអង្វរទៅប្រជាពលរដ្ឋវិញ មេត្តាឈប់ស្រមើស្រមៃសុំអន្តរាគមន៍ពីអាជ្ញាធរខេត្តបែបនេះតទៅទៀត ហើយការការពារទាំងឡាយនេះ គ្មានយកទៅណា នោះទេ គឺសម្រាប់ការចិញ្ចឹមឆ្នាំងបាយបងប្អូនអ្នកនេសាទប៉ុណ្ណោះ ។
បើទោះរដូវនេះជារដូវបិទនេសាទក៏ដោយចុះ តែបច្ចុប្បន្នគេនៅតែសង្កេតឃើញឈ្មួញរកស៊ីដឹកលៀសខុសច្បាប់មួយចំនួន នៅតែបន្តដឹកលៀសតាមទូកយកមកដឹកបន្តតាមរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ ស្ទើរតែរៀងរាល់យប់មានរាប់តោន ខណៈមន្ត្រីជំនាញអះអាងថា នេះជាបទល្មើសខុសច្បាប់ ហើយក៏មិនមានមន្ត្រី ឬអាជ្ញាធរណាអនុញ្ញាតឱ្យធ្វើដូច្នោះឡើយ ។ ចំពោះករណីការដឹកជញ្ជូនលៀសខាងលើនេះ មន្ត្រីរដ្ឋបាលជលផលកំពុងតាមឃ្លាំមើល និងចាត់ការហើយ ។
ករណីដែលឈ្មួញនៅតែបន្តដឹកលៀសយកមកឡើងរថយន្ត នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់ស្ទើររាល់យប់ ក្នុងរដូវបិទនេសាទដូចខាងលើនេះ ត្រូវបានប្រជាពលរដ្ឋចោទជាសំណួរថា ហេតុដូចម្ដេចក៏ឈ្មួញទាំងនេះហ៊ានប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ ស្ដីពីជលផល ពិសេសគឺការធ្វើសកម្មភាពដឹកលៀសមានលក្ខណៈទ្រង់ទ្រាយធំ ដោយដឹកតាមរថយន្តធុនធំមានចំណុះរាប់តោន ដោយគេបានធ្វើសកម្មភាពនៅក្នុងរដូវបិទនេសាទទៀតផង តើគេអាចធ្វើបានដោយរបៀបណា ? ករណីនេះ ពួកគាត់បានរាយការណ៍ថា ភូមិសាស្ត្រដែលត្រូវបានក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តខាងលើនេះ ទី១-ស្ថិតនៅចំណុចព្រែកក្រពើពុល ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងចំណុចទី២-ឡើងនៅចំណុចចុងកោះ ក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋបានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ សូមអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងឱ្យបានស្មើភាពគ្នា ជាពិសេស គឺអនុវត្តឲ្យបានត្រឹមត្រូវទៅតាមច្បាប់ ស្ដីពីជលផលដែលមានស្រាប់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិក្នុងបឹងទន្លេសាប ។ ដែលបច្ចុប្បន្ននេះ មានស្ថានភាពកាន់តែហោចទៅៗ គួរឱ្យបារម្ភ ។
ជុំវិញករណីដឹកលៀសតាមរថយន្ត ក្នុងរដូវបិទនេសាទដោយខុសច្បាប់ខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មានមួយនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា លោកបានចាត់ឱ្យលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ចុះទៅពិនិត្យ និងចាត់ការម្ដងហើយ តែអម្បាញ់មិញនេះ មានគេរាយការណ៍មកលោកថា មានលៀសឡើងទៀតហើយ លោកក៏បានចាត់ឲ្យលោក តាត សីហាក់ ទៅពិនិត្យមើលជាក់ស្ដែងម្ដងទៀត ។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មានដដែល នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថា បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា លៀសមានឡើង២ចំណុច ។
ចំពោះការដឹកជញ្ជូនលៀសធ្វើអាជីវកម្មខាងលើនេះ លោកបញ្ជាក់ថា ប្រសិនបើលៀសនោះមានទំហំតូចល្អិត មានទំហំក្រោមក្រឡា២ហ៊ុនកន្លះ លោកមិនអនុញ្ញាតឱ្យដឹកចេញបានទេ គឺត្រូវយកលៀសនោះចាក់ចូលទៅក្នុងទន្លេវិញ ។
ចំណែកលៀសដែលមានទំហំធំជាងក្រឡា២ហ៊ុនកន្លះឡើងទៅ គឺលៀសដែលអាចយកស្ងោរ ឬក៏ហាលហូបបាន គឺមិនមានការហាមឃាត់នោះឡើយ ។ ចំពោះរថយន្តដឹកជញ្ជូនលៀស ប្រសិនបើមានច្បាប់អនុញ្ញាត ឬមានអាជ្ញាប័ណ្ណធ្វើអាជីវកម្មត្រឹមត្រូវ ក៏មិនត្រូវបានហាមឃាត់នោះដែរ តែបើរថយន្តនោះមិនមានច្បាប់ ឬអាជ្ញាប័ណ្ណធ្វើអាជីវកម្មនោះទេ គឺត្រូវធ្វើការផាកពិន័យអន្តរការ ។
ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមថា រដូវបិទនេសាទ ជារដូវហែកឋិនចូលមន្ត្រីជលផលរាល់ៗឆ្នាំ…ហេ! ហេ!
ចែករំលែកព័តមាននេះ