រាជធានីភ្នំពេញ ៖ នាងកម្មការិនីរោងចក្រកាត់ដេរម្នាក់ ខណៈដើរចេញពីបន្ទប់ជួលទៅធ្វើការ ដោយមានពាក់គ្រឿងអលង្ការមាស និងប្លាទីនជាប់ខ្លួនផងនោះ ពេលដើរដល់ពាក់កណ្ដាលផ្លូវ បានជួបជាមួយចោរទម្លាក់យោង១ក្រុម ក៏ត្រូវក្រុមចោរទាំងនោះប្រើល្បិចធ្វើជ្រុះមាស រួចល្បួងនាំទៅក្នុងព្រៃអាកាស្យាមួយកន្លែង ដោះយកគ្រឿងអលង្ការ និងទូរស័ព្ទអស់ពីខ្លួន រួចគេចខ្លួនបាត់ស្រមោលអស់ ។ ចំណែកនាងទទួលបានមកវិញត្រឹមតែខ្សែកកាឡៃ១ខ្សែ និងកូនកាបូបលុយ១ ដែលមានលុយនៅក្នុងនោះត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះ ។
ដោយការតក់ស្លុតខ្លាំង នាងយំននៀលដីដូចកូនក្មេង ដោយស្ដាយអលង្ការរបស់នាងដែលចាញ់បោកគេយកទៅបាត់ ។ហេតុការណ៍នេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងជិតផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មការិនីរងគ្រោះខាងលើឈ្មោះ បុត្រា ស៊ីវមុី អាយុ១៨ឆ្នាំ មានប្ដីរួចហើយ ប៉ុន្តែបុរសជាប្ដីជាប់ធ្វើការនៅឯខេត្ត ហើយនាងបានស្នាក់នៅជាមួយម្ដាយក្នុងបន្ទប់ជួលលេខ២ ភូមិកើតហេតុខាងលើ បានបាត់បង់ចិញ្ចៀនមាស២វង់ទម្ងន់៤ជី ខ្សែកប្លាទីន១ខ្សែតម្លៃ២៥០ដុល្លារ និងទូរស័ព្ទដៃ១គ្រឿងតម្លៃ៦០ម៉ឺនរៀល ។
ចំណែកក្រុមចោរទម្លាក់យោងមានគ្នា៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿងជាមធ្យោបាយធ្វើសកម្មភាព ។ ស្ត្រីរងគ្រោះរូបនេះបានប្រាប់ថា នៅមុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ ដោយបានពាក់គ្រឿងអលង្ការជាប់ខ្លួនផង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុជិតផ្លូវជាតិលេខ៣ ក៏ប្រទះឃើញកាបូបលុយ១ និងថង់មាសពណ៌ក្រហម១ ដែលជនមិនស្គាល់មុខជ្រុះតាមផ្លូវ ។
ខណៈនោះនាងក៏បានស្រវារើសយក ប៉ុន្តែមិនទាន់បានបើកមើលផង ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ខាងលើទៅដល់ ហើយប្រាប់ថា ពួកគេបានស្គាល់ម្ចាស់កាបូបលុយ និងកញ្ចប់មាសនេះ និងប្រាប់កុំឲ្យនាងមាត់ចាំចែកគ្នា បន្ទាប់មកក៏បាននាំនាងទៅកាន់ព្រៃអាកាស្យាមួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ ជាប់ភូមិកប់គងនោះដែរ ។
នាងបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មកក្រុមចោរបានប្រគល់គ្រឿងអលង្ការ១ថង់ និងកាបូបលុយដែលនាងរើសបាននោះឲ្យនាងទាំងអស់ ហើយពួកគេបានសុំដោះយកគ្រឿងអលង្ការពីខ្លួននាងទាំងអស់ដែរ ដើម្បីកុំឲ្យពិបាកចែកគ្នាយូរខ្លាចម្ចាស់គេមកទាន់ ។
ក្រុមចោរប្រាប់នាងទៀតថា របស់ដែលនាងរើសបានច្រើនជាងគ្រឿងអលង្ការដែលនៅជាប់ខ្លួននាងនោះទៀត ។ ហេតុតែការលោភលន់ នាងក៏ឲ្យក្រុមចោរដោះយកតាមសម្រួល ដោយពុំបានដឹងថា គ្រឿងអលង្ការ១ថង់នេះជាកាឡៃទេ ហើយក៏ស្មានថា លុយក្នុងកាបូបនេះច្រើនដែរ ។
កម្មការិនីរងគ្រោះខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងបន្តថា ក្រោយពេលដោះយកគ្រឿងអលង្ការពីខ្លួននាងរួចរាល់ហើយ ក្រុមចោរទុកនាងចោល ហើយបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។ ចំណែកនាងអត់បានទៅធ្វើការរោងចក្រទេ និងបានដើរត្រឡប់ទៅផ្ទះជួលវិញ ។ ពេលមកដល់បន្ទប់បានយកថង់មាស និងកាបូបលុយទៅបង្ហាញដល់ស្ត្រីជាម្ដាយទាំងចិត្តត្រេកអរ ប៉ុន្តែក្រោយពេលម្ដាយនាង និងអ្នកជិតខាងជួយពិនិត្យមើលទើបដឹងថា គ្រឿងអលង្ការកាឡៃ និងដឹងថាចាញ់បោកគេ ។
បើតាមស្ត្រីឈ្មោះ វ៉ន សំអូន អាយុ៥០ឆ្នាំ ត្រូវជាម្ដាយបានប្រាប់ឲ្យដឹងថា ខណៈដែលគាត់កំពុងនៅក្នុងបន្ទប់ជួល ស្រាប់តែឃើញកូនស្រីគាត់កាន់ថង់មាសពណ៌ក្រហម និងកាបូបលុយ១ផងទៅបង្ហាញគាត់ និងនិយាយបែបខ្សឹបខ្សៀវថា នាងរើសបានមាសធំណាស់ម៉ែកុំមាត់ប្រាប់គេ ។ ពេលនោះគាត់សម្លឹងមើលទៅខ្លួនកូនស្រីបាត់គ្រឿងអលង្ការអស់ ហើយមិនឃើញទូរស័ព្ទទៀត ក៏មានការងឿងឆ្ងល់ រួចក៏សួរទៅកូនស្រីវិញថា បានមាសធំ ចុះមាសកូនឯង និងទូរស័ព្ទទៅណាអស់ហើយ ? នាងបានឆ្លើយថា នាងបានដោះដូរជាមួយគេបាត់ហើយ ។
ស្ត្រីជាម្ដាយដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់បានគិតថា កូនស្រីចាញ់បោកក្រុមចោរហើយ បន្ទាប់មកគាត់ក៏បានពិនិត្យមើលខ្សែកនៅក្នុងកូនថង់ក្រហមនេះម្ដងហើយម្ដងទៀត ឃើញថាជារបស់កាឡៃ ឯក្នុងកូនកាបូបមានលុយតែ១ម៉ឺនរៀលប៉ុណ្ណោះ ។ ប៉ុន្តែមិនអស់ចិត្ត ក៏ពឹងឲ្យអ្នកជិតខាងជួយពិនិត្យមើលទៀត ទើបដឹងថាជាកាឡៃពិតប្រាកដ ហើយគ្រាន់តែដឹងថាចាញ់បោកគេភ្លាម កូនស្រីគាត់បានប្រែពីការរំភើបអរមកជាការតក់ស្លុតវិញ ហើយនាងបានស្រែកយំននៀលដីនៅមុខបន្ទប់ជួល បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុភ្លាម ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរទម្លាក់យោងយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ