ខេត្តព្រះសីហនុ ៖ មហាជនក៏ដូចជាភ្ញៀវទេសចរ កាលពីដើមសប្តាហ៍ខែមិថុនានេះ បានសម្ដែងការភ្ញាក់ផ្អើល និងបានបញ្ចេញមតិផ្សេងៗគ្នា ជុំវិញសកម្មភាពដែលគេកំពុងចាក់ដីចូលទៅក្នុង
សមុទ្រយ៉ាងជ្រៅ ដោយអ្នកខ្លះបានសម្ដែងការសាទរចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស ដែលធ្វើឲ្យខេត្តព្រះសីហនុកែប្រែមុខមាត់ថ្មី ស័ក្តិសមខេត្តពហុបំណង ។
ប៉ុន្តែមតិខ្លះទៀតបានសម្ដែងការខកចិត្ត ដោយពួកគាត់បានបង្ហើបថា ពួកគាត់ពិតជាមានការសោកស្ដាយចំពោះឆ្នេរដ៏ស្រស់ស្អាត ដែលពិភពលោកទទួលស្គាល់ថា ឆ្នេរសមុទ្រកម្ពុជាជាឆ្នេរដែលស្អាតជាងគេបំផុតនៅលើពិភពលោក សូម្បីតែប្រទេសជិតខាងយើងក៏ពុំមានឆ្នេរស្អាតដូចប្រទេសកម្ពុជាដែរ ។ ប៉ុន្តែថ្មីៗនេះ បែរជាមានក្រុមហ៊ុនវិនិយោគបរទេសមានសិទ្ធិចាក់ថ្ម ចាក់ដីលុបឆ្នេរ លយចូលសមុទ្រម៉ាសេរីទៅវិញ ។
ចំពោះការអភិវឌ្ឍន៍ ក្នុងនាមពួកគាត់ជាកូនខ្មែរ រីករាយស្វាគមន៍ជានិច្ច តែស្នើឱ្យការអភិវឌ្ឍន៍នោះ កុំធ្វើឱ្យប៉ះពាល់ដល់ឆ្នេរសមុទ្រដ៏ស្រស់ផូរផង់របស់កម្ពុជា ។ កុំដើម្បីការអភិវឌ្ឍន៍បន្តិចបន្តួចបំផ្លាញនូវកេរដំណែល និងធនធានធម្មជាតិមានស្រាប់ដ៏ល្អផូរផង់មួយនេះ ត្រូវរួមគ្នារក្សា និងការពារឲ្យបាននូវធនធានធម្មជាតិ ដែលមានស្រាប់របស់កម្ពុជា ដើម្បីកូនចៅជំនាន់ក្រោយ ។
ឆ្លើយតបការផ្ទុះប្រតិកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ជុំវិញការចាក់ថ្មលុបឆ្នេរ និងលុបសមុទ្រនេះ មន្ត្រីនៃមន្ទីរសុរិយោដីម្នាក់សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់បណ្ដាញ សារព័ត៌មានថា ជុំវិញការចាក់លុបសមុទ្រនេះ គឺគេមានបំណងធ្វើទំនប់ការពាររលក និងធ្វើសួនបាញ់ទឹក គឺមានការឯកភាពពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់រួចហើយ ប៉ុន្តែក្រុមហ៊ុនត្រូវរង់ចាំការសម្រេចពីអាជ្ញាធរខេត្ត និងមន្ត្រីជំនាញខេត្តជាមុនសិន ព្រោះបច្ចុប្បន្ន អាជ្ញាធរខេត្តក៏ដូចមន្ទីរជំនាញ កំពុងសិក្សាពីផលប៉ះពាល់ ។
ដោយឡែក លោក ឃាង ភារម្យ ប្រធានការិយាល័យវិនិយោគនៃរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា ទីតាំងចាក់ដីនេះ ជាគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងទំនប់ការពាររលកសមុទ្រ ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាគ្នារួចមក លោក អុី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានការងារ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
-ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន ។
-ក្រុមហ៊ុនត្រូវកាយថ្មដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ ។
-ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល ។
-ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហន ។
-ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់ ។
-ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
-ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន ។
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបន្ទុកជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ចំពោះទីតាំងដែលចាក់ថ្មលុបឆ្នេរ និងចាក់ចូលសមុទ្រនេះ គឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ហើយត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិវិនិយោគ និងត្រូវបានក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ចុះហត្ថលេខាដោយឯកឧត្តម តឹក រ៉េត រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានសម្រេចឲ្យក្រុមហ៊ុនចិនខាងលើ មានសិទ្ធិអភិវឌ្ឍន៍នៅចំណុចឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងទំហំផ្ទៃដីជាង៨ហិកតា ។ ទោះបីជាបែបណា ប្រហែលមិនបានផ្ដល់សិទ្ធិឱ្យលុបសមុទ្របំផ្លាញឆ្នេរបែបនេះទេ ។
មហាជននិយាយថា បណ្ដោយឱ្យចាក់ដី ចាក់ថ្មបានប៉ុណ្ណេះហើយ បែរជាឱ្យកាយចេញ វិញ…ច្បាស់ជា«មេឃ»ឯណោះ ។ ហ៊ានទាយទុកមុនថា បទបញ្ជាឱ្យកាយចេញមិនខុសពីក្រដាសអនាម័យឡើយ…ចាំមើលកាយចេញដែរឬអត់ ?…ហេ! ហេ!
ចែករំលែកព័តមាននេះ