ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ កំពុង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ គ្រប់គ្រង​អ្នក​ពាក់ព័ន្ធ​សារធាតុ​ញៀន អាច​ឈាន​ដល់​មិន​អាច​ចូល​ធ្វើការ​ងារ​បាន

6 ខែ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន គឺ​កំពុង​រៀបចំ នូវ​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​អ្នក​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ដោយ​ប្រមូល​ទិន្នន័យ…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន គឺ​កំពុង​រៀបចំ នូវ​ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​អ្នក​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន ដោយ​ប្រមូល​ទិន្នន័យ ការ​កំណត់​អត្តសញ្ញាណ​របស់​ពួក​គេ ហើយ​ក៏​មាន​ឈាន​ទៅ​ដល់​បន្ថយ នូវ​សិទ្ធិ​មួយ​ចំនួន របស់​អ្នក​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន និង​អ្នក​ពាក់ព័ន្ធ​អាច​នឹង​ឈាន​ដល់​មិន​អាច​ចូល​ធ្វើ​បាន​ងារ​ផង​ដែរ ។

លោក ទូច សុខៈ អ្នកនាំពាក្យ​រង ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ ថា ប្រព័ន្ធ​ទិន្នន័យ​គ្រប់គ្រង​អ្នក​ពាក់ព័ន្ធ​សារធាតុ​ញៀន រហូត​មក​ដល់​ពេល​នេះ សម្រេចការ​រៀបចំ​តម្លើង​បាន​ប្រមាណ​ជាង ៩០​ភាគរយ​ហើយ គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ងាយស្រួល​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​បញ្ហា​គ្រឿងញៀន ។

លោក​បាន​លើក​ឡើង​ថា សម្រាប់​គោលបំណង នៃ​ការ​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង ដើម្បី​ប្រមូល​ទិន្នន័យ​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន មាន​ទាំង​ប្រើប្រាស់ ជួញដូរ រក្សា​ទុក ចរាចរ​ចែកចាយ​ផ្សេង​ៗ ដើម្បី​លើក​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន មួយទៀត ដើម្បី​កំណត់ចំណាំ​បុគ្គល​ពាក់ព័ន្ធ ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ពួក​គេ មាន​ទាំង​ផ្នែក​រដ្ឋបាល​ផ្សេង​ៗ បន្ថយ​សិទ្ធិ​មួយ​ចំនួន ហើយ​ប្រព័ន្ធ​នេះ ក៏​អាច​ជួយ​បំភ័យ អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំង​អស់នោះ ឲ្យ​មានការ​ខ្លាចរអា មិន​ប្រព្រឹត្តិ​បទល្មើស​គ្រឿងញៀន​នេះ ។

គ្រឿងញៀន គឺជា​បញ្ហា​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ កំពុង​មានការ​គិតគូរ​យ៉ាង​ខ្លាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធនាការ​បោសសំអាត​បញ្ហា​គ្រឿងញៀន​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ គឺ​ត្រូវ​មានការ​ពិនិត្យ​រក​សារធាតុ​ញៀន លើ​មន្ត្រីរាជការ ហើយ​បើ​រក​ឃើញ​មន្ត្រី​ណា​មាន​ជាប់​ពាក់ព័ន្ធ គឺ​ត្រូវ​ដក​ចេញពី​ក្រប​ខណ្ឌ ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​បទបញ្ជា​ដាច់​ណាត់​នេះ តាម​ក្រសួង​ស្ថាប័ន បាន​ពិនិត្យ​រក​សារធាតុ​ញៀន​មន្ត្រីរាជការ ក្នុង​ស្ថាប័ន​របស់​ខ្លួន​ជា​បន្តបន្ទាប់ ហើយ​បាន​រក​ឃើញ​ជា​ហូរហែរ និង​ត្រូវ​បាន​ដក​ចេញពី​ក្រប​ខណ្ឌ ។

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារ​ផ្តាំ​ទៅ​ក្រុម​យុវជន​កុំ​ឲ្យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ព្រោះ​កាលណា​តែ​ពាក់ព័ន្ធ​ហើយ នឹង​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​របស់​ក្រសួងមហាផ្ទៃ ខណៈ​ប្រព័ន្ធ​នឹង​ក្រសួង​កំពុង​រៀបចំ​ដំណើរការ ។

លោក​ថា ទិន្នន័យ​នេះ នឹង​បញ្ចូល​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​លទ្ធផល​អវិជ្ជមាន នៅ​ពេល​ដែល​យុវជន​ចង់​ដាក់​ពាក្យ​បម្រើ​ការងារ​នៅ​តាម​ក្រសួង​-​ស្ថាប័នរដ្ឋ និង​អង្គការ​ជាដើម គេ​នឹង​អាច​ចូល​ទៅ​ក្នុង​ទិន្នន័យ​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចង់​ដឹង​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន ហើយ​បើ​គេ​ចូល​ទៅ​ឃើញ​ឈ្មោះ​ហើយ នឹង​ប្រឈម​ហានិភ័យ ដោយ​នឹង​មិន​ទទួល​ឲ្យ​ចូល​ធ្វើការ​នោះ​ទេ ។

ការ​ផ្ញើ​សារ​ដាស់តឿន​របស់​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​នេះ ធ្វើ​ឡើង​ក្រោយ​បង្ក្រាប​ក្មេង​ទំនើង​៦៨​ករណី ឃាត់ខ្លួន​ជាង ៣០០​នាក់ ក្នុង​រយៈពេល ៧​ថ្ងៃ​កន្លង​មកនេះ ។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ កម្លាំង​សមត្ថកិច្ច បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន ៧​ពាន់​ករណី ហើយ​រឹបអូស​បាន​នូវ​សា​ធាតុ​ញៀន​ខុសច្បាប់ បាន​ចំនួន​ជាង ៣​តោន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ