រាជធានីភ្នំពេញ ៖ កម្ពុជានឹងត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ នៃការប្រកួតយុទ្ធគុនចម្រុះ កម្រិតអាស៊ី (2th AMMA Championship) ដ៏ធំមួយ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា នៅទីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍លើកឡើងថា នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ សម្រាប់កីឡាយុទ្ធគុនចម្រុះអន្តរជាតិ និងជាព្រឹត្តិការណ៍ ការគាំទ្រ និងលើកកម្ពស់យុទ្ធគុនខ្មែរផងដែរ ។
ឯកឧត្តម បានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតថា ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសបានការគាំទ្រពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានអនុញ្ញាតិឲ្យក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក៏ដូចជា MMA អាស៊ីចូលជួបសម្ដែងការគួរសម ។ ហើយសម្ដេច ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការប្រកួតកីឡាយុទ្ធគុនចម្រុះ ជ្រើសរើសជើងឯកអាស៊ី លើកទី២ នៅថ្ងៃទី១១ ខែកក្កដា ខាងមុខនេះ ។
ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាញ៉ាំងកម្មវិធីបើកការប្រកួត កាន់តែមានភាពអធិកអធម។ ហើយក៏ជាផែនការសម្រាប់អភិវឌ្ឍបន្តនៃយុទ្ធគុណរបស់ខ្មែរ បន្ទាប់ពីព្រឹត្តិការណ៍យុទ្ធគុនចម្រុះអន្តរជាតិបានបញ្ចប់ ។ ក្បាច់គុនចម្រុះនេះ គឺជាធ្វើទំនើបកម្ម ធ្វើយ៉ាងណាឲ្យក្បាច់គុនចម្រុះរបស់ខ្មែរ កាន់តែមានភាពជឿនលឿន នៃការប្រកួតក្បាច់គុន នៅលើពិភពលោក ។
ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា គោលបំណងសំខាន់ គឺជួយផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី ចូលរួមប្រលូកក្នុងកម្រិតខ្ពស់ ក្នុងកីឡាយុទ្ធគុនចម្រុះ ។
ឯកឧត្តមបានបញ្ជាក់ច្បាស់ហើយថា ពិភពក្បាច់គុនខ្ពស់ ចេញពីបណ្ដាប្រទេសនៅអាស៊ី ប៉ុន្តែកុំភ្លេច ថា កម្ពុជាមានប្រភពក្បាច់គុន ដ៏ចំណាស់ នៅក្នុងប្រវត្តិសាស្ត្រមួយដែរ ព្រោះកម្ពុជាទទួលឥទ្ធិពលមកពីប្រទេសឥណ្ឌា ។ គោលបំណងសំខាន់មួយទៀត គឺយើងចង់ធ្វើសមាហរណកម្ម ដើម្បីឲ្យកីឡាករខ្មែរស្គាល់ថា អ្វីទៅជាការប្រកួត ដែលមានក្រឹត្យក្រម បទបញ្ជា នៅក្នុងចលនា នៃការប្រកួតជាលក្ខណៈអន្តរជាតិ ។ ហើយការប្រកួតនេះទៀត គឺដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ ឈានឆ្ពោះទៅការប្រកួតកីឡាអូឡាំពិក ។ ជាពិសេស ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក ។ គោលបំណងរបស់កម្ពុជា គឺធ្វើសមាហរណកម្មកីឡាករ កីឡាការិនី គុនចម្រុះរបស់ខ្មែរ ទៅលើឆាកអន្តរជាតិ ជាផ្លូវការ ។
កីឡាករ កីឡាការិនីកម្ពុជា ដែលមានឈ្មោះប្រកួត ចំនួន១៦រូប គឺ ៖
• កីឡាករ ផេង សុខបញ្ញា
• កីឡាករ ឡុង ឡា
• កីឡាករ រិន សារ័ត្ន
• កីឡាករ ហ៊ុន គឹមហ៊ាន
• កីឡាករ មាស ម៉ើ
• កីឡាករ សែន ចាន់ឬទ្ធិគុណ
• កីឡាករ ហ៊ុន ចាន់រាជ
• កីឡាករ ធាន អាន
• កីឡាករ ចាន់ រតនា
• កីឡាករ អេ វីរៈខាំឈិតភូថង
• កីឡាករ ហាន ហ៊ីម
• កីឡាការិនី ខៀវ ចិន្តារ័ត្ន
• កីឡាការិនី នៅ ស្រីពៅ
• កីឡាការិនី វឿន វ៉ាន់នីតា
• កីឡាការិនី សំ ថារ័ត្ន
• កីឡាការិនី ទូន ស្រីពីន ។
រហូតមកទល់ពេលនេះ មានជាង១០ប្រទេសហើយ ដែលបានមកចុះឈ្មោះប្រកួត ។ សម្រាប់ការប្រកួតនេះ សំបុត្រចូលទស្សនា មានតម្លៃប្រភេទ VIP ៦០,០០០រៀល និងតម្លៃធម្មតា ២០,០០០រៀល ដែលនឹងចាប់លក់ពីពេលនេះតទៅ ៕
ចែករំលែកព័តមាននេះ