ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទភ្នំបាខែង​ដែល​រង​ការ​បែកបាក់​នឹង​ត្រូវ​ជួសជុល​ឡើង​វិញ

4 ខែ មុន

អ្នក​អភិរក្ស​បាន​អះអាង​ថា ប្រាសាទភ្នំបាខែង ​ដែល​រង​ការ​បែកបាក់​ ហើយ​ថ្ម​សំណង់​ប្រាសាទ​ធ្លាក់​រប៉ាត់រប៉ាយ​នឹង​ត្រូវ​ជួសជុល​ឡើង​វិញ ។ លោក អ៊ុ​ម ណា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​រក​ថ្ម​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំ​បាក់​ខែង​ ឱ្យ​ដឹង​ថា…

អ្នក​អភិរក្ស​បាន​អះអាង​ថា ប្រាសាទភ្នំបាខែង ​ដែល​រង​ការ​បែកបាក់​ ហើយ​ថ្ម​សំណង់​ប្រាសាទ​ធ្លាក់​រប៉ាត់រប៉ាយ​នឹង​ត្រូវ​ជួសជុល​ឡើង​វិញ ។

លោក អ៊ុ​ម ណា​រិ​ទ្ធ ប្រធាន​ក្រុមការងារ​រក​ថ្ម​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំ​បាក់​ខែង​ ឱ្យ​ដឹង​ថា នៅ​ពេល​នេះ​ថ្ម​ប្រាសាទភ្នំបាខែង​ដែល​ធ្លាក់​រាយ​ប៉ាយ​ កំពុង​ត្រូវ​ធ្វើការ​កំណត់​អត្តសញ្ញាណ ​ដើម្បី​ជួសជុល​ប្រាសាទ​ឡើង​វិញ ​។ លោក​បាន​បន្ត​ថា នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទភ្នំបាខែង ក្រុម​អ្នកជំនាញ​ស្វែងរក​ថ្ម​ប្រមាណ​១០​នាក់ បាន​កំពុង​តែ​រួម​គ្នា​ប្រឹងប្រែង​ស្វែងរក​ថ្ម​ទាំង​នៅ​តាម​បរិវេណ​ប្រាសាទ និង​នៅ​ក្នុង​ព្រៃ​នៃ​ជម្រាលភ្នំ ដើម្បី​យក​ថ្ម​ដែល​ច​ល័​ច​ខុស​ពី​តាំង​ដើម​ទាំងនោះ​មក​ជួសជុល និង​រៀបចំ​ផ្គុំ​នៅ​ទីតាំង​ដើម​ឡើង​វិញ​ ។

លោក​បាន​បន្ត​ថា ការងារ​ស្វែងរក​ថ្ម​ដែល​រលុះ​ធ្លាក់​រាយ​ប៉ាយ​ជុំវិញ​ប្រាសាទភ្នំបាខែង មាន​បី​ប្រភេទ ក្នុង​នោះ​មាន​ថ្ម​ជញ្ជាំង​ប្រាសាទ​កណ្តាល (​ប្រាង្គ​ពីរ៉ាមីត​) ថ្ម​តួ​ប៉ម​ប្រាសាទតូច​ៗ ​តាម​ថ្នាក់​នីមួយ​ៗ និង​ថ្ម​ខឿន​ប្រាសាទ​ឥដ្ឋ និង​ត្រូវ​កំណត់​អត្តសញ្ញាណ រួម​ទាំង​បែងចែក​ប្រភេទ​ថ្ម​តាម​រចនា​សម្ពន្ធ​ប្រាសាទក្រោយ​ពី​រក​ឃើញ​ ។

លោក​បាន​បន្ត​ថា ក្រៅពី​នេះ ក្រុមការងារ​ត្រូវ​ប្រមូល​ថ្ម​នៅ​ជម្រាលភ្នំ ដែល​ត្រូវ​បាន​គេ​ប្រមូល​យក​មក​រក្សា​ទុក ​ក្នុង​៤​សម័យកាល​ចាប់តាំងពី​សម័យ​បារាំង គឺ​យក​តែ​ថ្ម​ណា​ដែល​មិន​មាន​ក្បាច់ ឬ​មិន​អាច​កំណាត់​អត្តសញ្ញាណ​បានយក​ទៅ​ប្រើប្រាស់​ជំនួស​ថ្ម​ដែល​បាត់បង់​ប៉ុណ្ណោះ ​។

អ្នកជំនាញ​រូប​នេះ​បន្ត​ថា ក្រុមការងារ​បាន​ខិតខំ​អស់ពី​លទ្ធភាព​ក្នុង​ការ​ស្វែងរក​ថ្ម​មក​ដាក់​ទីតាំង​ដើម​វិញ ហើយ​ក្នុង​ចំណោម​ទាំងនោះមាន​ថ្ម​តួ​ប៉ម​ប្រាសាទតូច​ៗ​ខ្លះដែល​បាន​រលុះ​ធ្លាក់​សល់​ពី​៥០ទៅ​៦០​ដុំ ហើយ​ក្រុមការងារ​បាន​រក​ឃើញ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ បាន​មក​ផ្គុំ​ឡើង​វិញ​។

លោក សំ ឆើត ជា​អ្នកជំនាញ​រក​ថ្ម​ម្នាក់ ​ក្នុង​ចំណោម​ក្រុមការងារ​រក​ថ្ម មាន​ប្រសាសន៍​ថា លោក​ពិតជា​មាន​មោទកភាព​ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទបុរាណ​ភ្នំ​បាខែង​នេះ ​។ តាម​រយៈ​បទ​ពិសោធន៍​ជាង​១០​ឆ្នាំ ធ្វើការ​ជួសជុល​នៅ​ប្រាសាទ ធ្វើ​ឱ្យ​លោក​ស្គាល់​ប្រភេទ​ថ្ម​នីមួយ​ៗ​ដែល​រលុះ​ធ្លាក់​ចេញពី​ទីតាំង​ដើម ​។ លោក ឆើត បញ្ជាក់​ថា ការងារ​នេះ​ជោគជ័យ គឺ​ការ​សហការ​ល្អ​នៅ​ក្នុង​ក្រុម បើ​ទោះបី​ការងារ​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង ​។ រីឯ​ការ​រើ​ជញ្ជូន​ថ្ម​ពី​គំនរ​នៅ​ជម្រាលភ្នំ​វិញ ក៏​ត្រូវការ​ពេលវេលា​យូរ ដើម្បី​ធ្វើ​តាម​បច្ចេកទេស​ត្រឹមត្រូវ គឺ​អាច​ជញ្ជូន​បាន​តែ​ពី​៣ ទៅ​៤​ដុំ​ក្នុង​មួយ​ថ្ងៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ