ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នមែនទែន ! កម្មការិនីម្នាក់យំស្រែកននៀលដី ក្រោយចាញ់បោកចោរអស់មាស និងប្លាទីនពីខ្លួន

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​ធ្វើការ​ដោយ​មាន​ពាក់​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន ជាប់​ខ្លួន​ផង​នោះ ពេល​ទៅ​ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ បាន​ជួប​ជាមួយ​ចោរ​ទម្លាក់យោង​១​ក្រុម ។ ក៏​ត្រូវ​ក្រុម​ចោរ​ទាំងនោះ…

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់ ខណៈ​ដើរ​ចេញពី​បន្ទប់​ជួល​ទៅ​ធ្វើការ​ដោយ​មាន​ពាក់​គ្រឿងអលង្ការ​មាស និង​ប្លា​ទី​ន ជាប់​ខ្លួន​ផង​នោះ ពេល​ទៅ​ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ បាន​ជួប​ជាមួយ​ចោរ​ទម្លាក់យោង​១​ក្រុម ។ ក៏​ត្រូវ​ក្រុម​ចោរ​ទាំងនោះ ប្រើ​ល្បិច​ជម្រុះ​មាស រួច​ល្បួង​នាំ​ទៅ​ក្នុង​ព្រៃ​អាកា​ស្យា​មួយ​កន្លែង ដោះ​យក​គ្រឿងអលង្ការ និង​ទូរស័ព្ទ​អស់ពី​ខ្លួន រួច​គេចខ្លួន​បាត់​ស្រមោល​អស់ ។

ចំណែក​នាង​ទទួល​បាន​មក​វិញ​ត្រឹមតែ​ខ្ស​ក​កាឡៃ​១​ខ្សែ និង​កូន​កាបូប​លុយ​មួយ ដែល​មាន​លុយ​នៅ​ក្នុង​នោះ ត្រឹមតែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​នាង​មានការ​តក់ស្លុត​ខ្លាំង រហូត​យំ​ននៀល​ដី​ដូច​កូន​ក្មេង ។ ហេតុការណ៍​នេះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ជិត​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​កប់​គង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នាង​កម្មការិនី​រង​គ្រោះ​ខាងលើ នោះ​ឈ្មោះ​បុត្រា ស៊ីវ​ម៉ី អាយុ​១៨​ឆ្នាំ នាង​មាន​ប្ដី​រួច​ទៅ​ហើយ ប៉ុន្តែ​បុរស​ជា​ប្ដី​ជាប់​ធ្វើការ​នៅ​ខេត្ត ហើយ​នាង​បាន​ស្នាក់​នៅ​ជាមួយ​ម្ដាយ ក្នុង​បន្ទប់​ជួល​លេខ​២ ភូមិ​កើតហេតុ​ខាងលើ ។ នាង​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​លេខ​៧៦ ផ្លូវលំ ភូមិ​បឹង​ព្រោះ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

ក្នុង​ក​ហេតុ​ការ​នោះ​នាង​បាន​បាត់បង់​ចិញ្ចៀនមាស​២​វង់ ទម្ងន់​៤​ជី ខ្សែ​ប្លា​ទី​ន​១​ខ្សែ តម្លៃ​២៥០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង តម្លៃ​៦០​ម៉ឺន​រៀល ។ ចំណែក​ក្រុម​ចោរ​ទម្លាក់យោង​មាន​គ្នា​៤​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ចំនួន​២​គ្រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ។

នាងរង​គ្រោះ​រូប​នោះ​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​នាង​បាន​ដើរ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ ដោយ​បាន​ពាក់​គ្រឿងអលង្ការ​ជាប់​ខ្លួន​ផង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ជិត​ផ្លូវជាតិ​លេខ​៣ ក៏​ប្រទះ​ឃើញ​កាបូប​លុយ​១​និង​ថង់​មាស​ពណ៌​ក្រហម​១ ដែល​ជន​មិន​ស្គាល់​មុខ​ជ្រុះ​តាម​ផ្លូវ ។

ខណៈនោះ នាង​ក៏​បាន​ស្រវា​រើស​យក ប៉ុន្តែ​មិន​ទាន់​បាន​លាត​មើល​ផង ស្រាប់តែ​លេចមុខ​ជនសង្ស័យ​៤​នាក់​ខាងលើ​ទៅ​ដល់ ហើយ​ប្រាប់​ថា ពួក​គេ​បាន​ស្គាល់​ម្ចាស់​កាបូប​លុយ និង​កញ្ចប់​មាស​នោះ និង​ប្រាប់​កុំ​ឲ្យ​នាង​មាត់​ចាំ​ចែក​គ្នា បន្ទាប់​មក​ក៏​បាន​នាំ​នាង​ទៅ​កាន់​ព្រៃ​អាកា​ស្យា​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ​ជាប់​ភូមិ​កប់​គង​នោះ​ដែរ ។ នាង​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​ក្រុម​ចោរ​បាន​ប្រគល់​គ្រឿងអលង្ការ​១​ថង់ និង​កាបូប​លុយ​ដែល​នាង​រើស​បាន​នោះ​ឲ្យ​នាង​ទាំងអស់ ហើយ​ពួក​គេ​បាន​សុំ​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង​ទាំងអស់​ដែរ ដើម្បី​កុំ​ឲ្យ​ពិបាក​ចែក​គ្នា​យូរ ខ្លាច​ម្ចាស់​គេ​មក​ទាន់ ។ ក្រុម​ចោរ​ប្រាប់​នាង​ទៀត​ថា របស់​ដែល​នាង​រើស​បាន​ច្រើន​ជាង​គ្រឿងអលង្ការ​ដែល​នៅ​ជាប់​ខ្លួន​នាង​នោះ​ទៀត ពេល​នោះ​នាង​ក៏​ឲ្យ​ក្រុម​ចោរ​ដោះ​យក​តាម​សម្រួល ដោយ​ពុំ​បានដឹង​ថា គ្រឿងអលង្ការ​១​ថង់​នោះ កាឡៃ​ទេ ហើយ​ក៏​ស្មានថា លុយ​ក្នុង​កាបូប​នោះ​ច្រើន​ដែរ ។

កម្មការិនី​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​ដោះ​យក​គ្រឿងអលង្ការ​ពី​ខ្លួន​នាង​រួចរាល់​ហើយ ក្រុម​ចោរ​ទុក​នាង​ចោល​ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់ បន្ទាប់​មក​នាង​អត់​បាន​ទៅ​ធ្វើការ​រោងចក្រ​ទេ និង​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ ។ បន្ទាប់​មក​បាន​យក​ថង់​មាស និង​កាបូប​លុយ​ទៅ​បង្ហាញ​ដល់​ស្ត្រី​ជា​ម្ដាយ​ទាំង​ចិត្ត​ត្រេកអរ ប៉ុន្តែ​ក្រោយ​ពេល​ម្ដាយ​នាង និង​អ្នក​ជិតខាង​ជួយ​ពិនិត្យ​មើល ទើប​ដឹង​ថា គ្រឿងអលង្ការ​កាឡៃ និង​ដឹង​ថា ចាញ់បោក​គេ ។

បើ​តាម​ស្ត្រី​ឈ្មោះ វ៉​ន សំ​អូន អាយុ​៥០​ឆ្នាំ ត្រូវជា​ម្ដាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខណៈ​ដែល​គាត់​កំពុង​នៅ​ក្នុង​បន្ទប់​ជួល ស្រាប់តែ​ឃើញ​កូនស្រី​គាត់​កាន់​ថង់​មា​សព​ណ៍​ក្រហម និង​កាបូប​លុយ​១​ផង​ទៅ​បង្ហាញ​គាត់ និង​និយាយ​បែប​ខ្សឹបខ្សៀវ​ថា «​នាង​បាន​មាសធំ​ណាស់ ម៉ែ​កុំ​មាត់​ប្រាប់​គេ ។ ពេល​នោះ​គាត់​សម្លឹង​មើលទៅ​ខ្លួន​កូនស្រី​បាត់​គ្រឿងអលង្ការ​អស់ ហើយ​មិនឃើញ​ទូរស័ព្ទ​ទៀត ក៏​មានការ​ងឿងឆ្ងល់ រួច​ក៏​សួរ​ទៅ​កូនស្រី​វិញ​ថា​«​បាន​មាសធំ? ចុះ​មាស​កូន​ឯង និង​ទូរស័ព្ទ​ទៅ​ណា​អស់ហើយ?

នាង​បាន​ឆ្លើយ​ថា នាង​បាន​ដោះ​ដូរ​ជាមួយ​គេ​បាត់​ហើយ​» ។ ស្ត្រី​ជា​ម្ដាយ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​គាត់​បាន​គិត​ថា កូនស្រី​ចាញ់បោក​ក្រុម​ចោរ​ហើយ បន្ទាប់​មក​គាត់​ក៏​បាន​ពិនិត្យ​មើល​ខ្សែ​ក នៅ​ក្នុង​កូន​ថង់​ក្រហម​នោះ​ម្ដង​ហើយ​ម្ដងទៀត​ឃើញ​ថា ជា​របស់​កាឡៃ ឯ​ក្នុង​កូន​កាបូប​មាន​លុយ​តែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ប៉ុន្តែ​មិន​អស់ចិត្ត ក៏​ពឹង​ឲ្យ​អ្នក​ជិតខាង​ជួយ​ពិនិត្យ​មើល​ទៀត ទើប​ដឹង​ថា ជា​កាឡៃ​ពិតប្រាកដ ហើយ​គ្រាន់តែ​ដឹង​ថា ចាញ់បោក​គេ​ភ្លាម កូនស្រី​គាត់​បាន​ប្រែ​ពី​ការ​រំភើប​អរ​មក​ជា​ការ​តក់ស្លុត​វិញ ហើយ​នាង​បាន​ស្រែកយំ​ននៀល​ដី នៅ​មុខ​បន្ទប់​ជួល​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ដល់​កន្លែង​កើតហេតុ​ភ្លាម ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរ​ទម្លាក់យោង យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ