រាជធានីភ្នំពេញ ៖ បេក្ខភាពបវរកញ្ញា Miss Grand Cambodia តំណាងឱ្យខេត្តរតនគីរី គឺអ្នកនាង ម៉ាច បានបញ្ចេញសារជាលើកដំបូងតាមបណ្តាញសង្គម ដោយប្រកាសរក្សាជំហរនឹងបន្តធ្វើដំណើរទៅមុខ ដោយភាពរឹងមាំនៅក្នុងការប្រកួតកម្មវិធីសម្រស់មួយនេះ បន្ទាប់បីរូបនាងបានផ្ទុះព័ត៌មានធ្លាប់ចូលរោងការ និងតួលេខអាយុពិត មុនចូលរួមប្រឡងកម្មវិធីបវរកញ្ញា ។
ក្នុងពេលដែលកម្មវិធីប្រឡង Miss Grand Cambodia ២០២៤ កំពុងធ្វើការប្រកួតប្រជែងគ្នាយ៉ាងក្តៅគគុកនោះ កាលពីពេលថ្មីៗនេះ ម៉ាច ដាវី ត្រូវបានលេចចេញនូវរឿងរ៉ាវមិនល្អផ្ទាល់ខ្លួនតាមបណ្តាញសង្គម ដោយនៅក្នុងនោះ មានការបញ្ចេញរូបភាពពីតារស្រីរូបនេះធ្លាប់បានចូលរោងការតាំងពីអំឡុងឆ្នាំ២០២២ ជាមួយនឹងការអះអាងពីពិត ខណៈពេលកម្មវិធីខាងលើនេះគឺមានលក្ខខណ្ឌតម្រូវឲ្យស្ត្រីនៅលីវប៉ុណ្ណោះដែលអាចចូលរួមប្រកួតបាន ។
គណនីហ្វេកប៊ុកមួយបានទម្លាយរឿងរ៉ាវរបស់ ម៉ាច ដាវី Miss Grand រតនគីរី មានគ្រួសារហើយ ប៉ុន្តែនៅតែអាចចូលរួមប្រកួតបាន ខណៈតួលេខនៃអាយុគឺខុសប្រក្រតី ដោយគណនីនេះបានលើកឡើងថា កាលពីឆ្នាំ២០២០ នាងមានអាយុ២៥ ឆ្នាំ ខណៈឆ្នាំ២០២៤ ចូលប្រកួតដាក់ថា អាយុ២៦ឆ្នាំទៅវិញ។
បញ្ហាខាងលើនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកផង ដែរសម្រាប់ការវែកញែកសម្រាប់អ្នកលេងបណ្តាញសង្គម ក្នុងពេលដែលមានមហាជនខ្លះបានទាមទារឲ្យ ម៉ាច ដាវី ចេញមុខបកស្រាយអំពីរឿងនេះឲ្យបានច្បាស់លាស់ផងដែរ ។
យ៉ាងណា រហូតមកទល់ពេលនេះ ម៉ាច ដាវី មិនទាន់បានចេញមុខបកស្រាយណាមួយអំពីដំណឹងដ៏ក្តៅខាងលើនេះឡើយ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុកតារាស្រីរូបនេះ បានបង្ហោះសារមួយខ្លីដោយនាងបានប្រកាសពីជំហរយ៉ាងរឹងមាំដើម្បីបន្តដំណើរទៅមុខ បើទោះបីជាពេលនេះនាងស្ថិតក្នុងស្ថានភាពដ៏លំបាកក៏ដោយ ។
ម៉ាច ដាវី បានសសេរថា ក្នុងកាលៈទេសៈខ្លះ វាពិតជាលំបាក តែអ្នកគាំទ្រជាទីស្រលាញ់របស់នាងខ្ញុំគ្រប់គ្នា គឺជាកម្លាំងជម្រុញចិត្តដែលអាចអោយនាងខ្ញុំបោះជំហានដើរទៅមុខបានដោយភាពកក់ក្តៅ ។ ជាងនេះទៅទៀត ម៉ាច ដាវី ក៏បានអះអាងបញ្ជាក់ប្រាប់អ្នកគាំទ្ររូបនាងដែលបានចូលទៅខំមិនលើកទឹកចិត្តដល់រូបនាងថា នាងនឹងបន្តដើរទៅមុខ គឺគ្មានពាក្យថាចុះចាញ់ឡើយ នាងធ្វើដើម្បីប្រទេសជាតិ និងអ្នកគាំទ្រជាទីស្រលាញ់ ពួកគាត់ចង់ឃើញនាងជោគជ័យ😘 ។
ជាការកត់សម្គាល់ ក្រោយផ្ទុះរឿង ម៉ាច ដាវី ធ្លាប់ចូលរោងការខាងលើនេះ ស្ថាប័នគ្រប់គ្រង Miss Grand Ratanakiri ក៏បានចេញមុខឆ្លើយតបអំពីរឿងនេះដោយបានធ្វើការបដិសេធជុំវិញព័ត៌មានមិនពិតពីមង្គលការ និងអាយុរបស់ ម៉ាច ដាវី ។
យោងតាមសំណេរដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកពីគណនេយ្យ Miss Grand Ratanakiri បានឲ្យដឹងថា សូមអរគុណទស្សនិកជនអ្នកគាំទ្រទាំងអស់ដែលបានអត់ធ្មត់ក្នុងការរងចាំការបកស្រាយពីកញ្ញា ម៉ាច ដាវី Miss Grand Ratanakiri 2024 ជុំវិញរឿងរ៉ាវរូបថត ,វីដេអូ និងព័ត៌មានដែលត្រូវបានបង្ហោះលើបណ្តាញសង្គមមុននេះ។ យើងនឹងធ្វើការបកស្រាយបង្ហាញការពិត ភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធ ទៅនឹងករណីនេះ។
ជាមួយគ្នានេះ យើងសូមច្រានចោលព័ត៌មានមិនពិតជុំវិញពិធីមង្គលការ និងអាយុរបស់ កញ្ញា ម៉ាច ដាវី ដែលត្រូវបានចែកចាយមុននេះផងដែរ។ លិខិតបញ្ជាក់ភាពនៅលីវ របស់នាងនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ភាពស្អាតស្អំជូនកញ្ញាឯករបស់យើង។
ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់រាល់សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិត និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់កញ្ញា ម៉ាច ដាវី និងស្ថាប័នយើង ។
សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ទស្សនិកជនដែលបានជឿជាក់ និងគាំទ្រមកកាន់កញ្ញាឯកនិងស្ថាប័នយើង ដែលនេះជាកម្លាំងចិត្តសម្រាប់ពួកយើងបន្តបេសកកម្មចូលរួមប្រកួតឈរលើស្មារតីស្មោះត្រង់យុត្តិធម៌ក្នុងកម្មវិធីMiss Grand Cambodia 2024 ៕
ចែករំលែកព័តមាននេះ