ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាធនាគារសិង្ហបុរីបង្កើនការពិនិត្យទ្រព្យអតិ​ថិ​ជន ក្រោយករណីលាងលុយរាប់ពាន់លានដុល្លារ

10 ខែ មុន

ប្រទេសសិង្ហបុរី ៖ តាមប្រភពពីសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បាន

ប្រទេសសិង្ហបុរី ៖ តាមប្រភពពីសារព័ត៌មាន Bloomberg កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានរាយការណ៍ថា ធនាគារ Citigroup, DBS Group Holdings និងធនាគារផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវការលាងលុយកខ្វក់ដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សិង្ហបុរី កំពុងបង្កើនការត្រួតពិនិត្យទ្រព្យសម្បត្តិបណ្តាអតិថិជន រួមទាំងអតិថិជនកំពូលៗរបស់ខ្លួន ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរសាច់ប្រាក់ដោយខុសច្បាប់។

បុគ្គលមិនបញ្ចេញឈ្មោះ ដែលដឹងអំពីរឿងនេះ បានប្រាប់សារព័ត៌មាន Bloomberg ថា បណ្តាបុគ្គលិកធនាគារឯកជនតាមស្ថាប័នមួយចំនួន កំពុងតែទទួលបានការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បី​ជួយពួកគេរកឃើញកលល្បិចដែលឧក្រិដ្ឋជនប្រើប្រាស់បិទបាំងអត្តសញ្ញាណ ប្រវត្តិ និងប្រភពនៃមូលនិធិរបស់ពួកគេ។

សកម្មភាពដែលធ្វើឡើងដោយស្ម័គ្រចិត្តនេះ បង្ហាញពីរបៀបដែលអ្នកផ្តល់ប្រាក់កម្ចីកំពុងព្យាយាម​បិទចន្លោះប្រហោង ដែលអាចនាំឱ្យក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន លាងលុយកខ្វក់ច្រើនជាង ៣ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹង ២.២ពាន់លានដុល្លារអាមេរិក ដែលបានពីល្បែងអនឡាញតាមរយៈស្ថាប័នហិរញ្ញវត្ថុយ៉ាងហោចណាស់ ១៦ស្ថាប័នហិរញ្ញវត្ថុ នៅក្នុងប្រទេសសិង្ហបុរី។ រឿងអាស្រូវនេះបានធ្វើឱ្យខូចមុខមាត់ប្រទេសសិង្ហបុរីយ៉ាងខ្លាំង និងបង្ហាញភាពទន់ខ្សោយរបស់ធនាគារក្នុងស្រុក និងបរទេស រួមទាំងឈ្មួញកណ្តាល ពាក់ព័ន្ធការត្រួតពិនិត្យលំហូរសាច់ប្រាក់អតិថិជនរបស់ពួកគេ។

ថ្មីៗនេះ អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានបញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែងរបស់ធនាគារមួយចំនួន ដែលមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។ មតិមួយចំនួនលើកឡើងថា អ្នកផ្តល់ប្រាក់កម្ចីដែលមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនច្រើនបំផុត តាមរយៈគណនីប្រាក់បញ្ញើ ប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀត ដែលត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការផាកពិន័យ និងការដាក់ទណ្ឌកម្មផ្សេងទៀតពីនិយតករហិរញ្ញវត្ថុ បន្ទាប់ពីការត្រួតពិនិត្យបានបញ្ចប់។

អ្នកនាំពាក្យអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានបញ្ជាក់ក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Bloomberg ថា អាជ្ញាធរនឹងវាយតម្លៃថា តើស្ថាប័នហិរញ្ញវត្ថុបានអនុវត្តការត្រួតពិនិត្យគ្រប់គ្រាន់ និងសមស្របប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មដែរឬទេ? ហើយនឹងចាត់វិធានការប្រសិនបើពួកគេខ្វះតម្រូវការ ដូចដែលបានធ្វើនៅក្នុងករណីកន្លងមក។

បន្ទាប់ពីករណីលាងលុយកខ្វក់នេះបានផ្ទុះឡើងជាសាធារណៈ កាលខែសីហា ឆ្នាំ ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ដើម្បីពិនិត្យឡើងវិញនូវវិធានការប្រឆាំងការលាងលុយកខ្វក់របស់ខ្លួន និងពង្រឹងកិច្ចការពារនៅក្នុងវិស័យនានា រួមទាំងស្ថាប័នហិរញ្ញវត្ថុ ភ្នាក់ងារអចលនទ្រព្យ និងឈ្មួញលោហៈដ៏មានតម្លៃផងដែរ។

ទ្រព្យសម្បត្តិដែលសមត្ថកិច្ចសិង្ហបុរីរឹបអូសបានរួមមាន ៖ លុយសុទ្ធ ដុំមាស គ្រឿងអលង្ការ រថយន្ត និងលំនៅឋាន រួមទាំងអចលនទ្រព្យពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ជនជាប់ចោទទាំង១០នាក់បានសារភាពកំហុស ហើយត្រូវបានកាត់ទោសជាប់ពន្ធនាគារពី ១៣ ទៅ ១៧ ខែ ខណៈដែលមនុស្ស ១៧ នាក់ផ្សេងទៀត កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ហើយនៅតែបន្តឃុំខ្លួនជាបន្តបន្ទាប់៕ (ប្រភព ៖ Bloomberg)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ