ប្រយ័ត្នឲ្យមែនទែន ! បន្ទប់ស្នាក់នៅរបស់បុគ្គលិកមួយកន្លែងដែលមានច្រើនបន្ទប់ នៅក្រុងព្រះសីហនុត្រូវបានឆេះ
- ព្រះសីហនុ
ក្រុងព្រះសីហនុ ៖ មានករណីអគ្គិភ័យឆេះបន្ទប់ស្នាក់នៅកម្មកររបស់កាស៊ីណូមួយកន្លែងយីហោ កំពង់ដឺវ៉ា ស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង៩ យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់សមត្ថកិច្ចចេញអន្តរាគមន៍ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចំនួន០២គ្រឿង បានចេញអន្តរាគមន៍ និងបានប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ស្មើរនឹង២៤ ម៉ែត្រគូប ។ ហើយរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថចំនួន0២គ្រឿង ប្រើប្រាស់ទឹកអស់ទឹកអស់០២ឡាន ស្មើរ០៦ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ជីធីវីស៊ី ចំនួន០១ គ្រឿង មិនបានប្រើប្រាស់ទឹក ។

សមត្ថកិច្ចបញ្ជាក់ថា បន្ទប់ស្នាក់នៅដែលឆេះជាប្រភេទសំណង់ ទូកុងតឺនឺ ដំបូលប្រក់ស័ង្កសី មានទំហំទទឹង៣ ម៉ែត្រ × បណ្ដោយ៦ម៉ែត្រ និងឆេះខូចខាតបន្ទប់ស្នាក់នៅរបស់កម្មករ ៣២ បន្ទប់ ខូចខាតទាំងស្រុង ។
ចំពោះមូលហេតុសមត្ថកិច្ចជំនាញពុំទាន់អាចប្រាប់បានថា បណ្តាលមកពីមូលហេតុអ្វីច្បាស់នៅឡើយទេ ដោយពេលកំពុងស្រាវជ្រាវ និងបានបញ្ជាក់ថា ករណីខាងលើនេះក្រៅតែពីឆេះខូចខាតបន្ទប់ស្នាក់នៅទូកុងតឺន័រ គឺពុំបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕










ចែករំលែកព័តមាននេះ