ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ លើកគ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ស្វាយ​រៀង ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទិញ​ដី​ឡូ​ត៌​ក្រុមហ៊ុន​មរតក បង់ប្រាក់​ហើយ មិន​ទទួល​បាន​ដី

1 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​លើកគ្នា​តវ៉ា នៅ​ខាង​មុខ​សាលា​ខេត្តស្វាយរៀង និង​ដាក់​ញត្តិ ជូន​លោក​អភិបាល​ខេត្តស្វាយរៀង…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤​នេះ បាន​លើកគ្នា​តវ៉ា នៅ​ខាង​មុខ​សាលា​ខេត្តស្វាយរៀង និង​ដាក់​ញត្តិ ជូន​លោក​អភិបាល​ខេត្តស្វាយរៀង ដោះស្រាយ​រឿង​ក្រុមហ៊ុន​មរតក រំលោភ​លើក​កិច្ចសន្យា បង់ប្រាក់​គ្រប់​ហើយ មិន​បាន​ទទួល​ដី មក​គ្រប់គ្រង​ជា​កម្មសិទ្ធិ ។

បើតាម​ស្ត្រី​ម្នាក់ ឈ្មោះ សំ មុន្នី​ណេ​ត នៅ​ភូមិ​ឃ្មត់ ឃុំ​ស្វាយ​ជ្រំ​ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ជិត​២០០​គ្រួសារ បាន​ទិញ​ដី​ឡូ​ត៌ របស់​ក្រុមហ៊ុន​មរតក អ្នកខ្លះ​បង់​បាន​៥០% អ្នកខ្លះ​បង់គ្រប់​ចំនួន​១០០% នៅ​ពេល​សួរ​រក​ទីតាំង​ដី និង​ប្លង់​ដី ក្រុមហ៊ុន​គ្មាន​ដី និង​ឯកសារ​ប្រគល់​ដី ឲ្យ​អតិថិជន​អ្នកទិញ​ដី ទើប​ប្រជាពលរដ្ឋ​លើកគ្នា​មក​តវ៉ា និង​ដាក់​ញត្តិ ជូន​លោក​អភិបាល​ខេត្តស្វាយរៀង ជួយ​អន្តរាគមន៍​ដោះស្រាយ ។

ប្រភព​បន្ត​ថា ការ​ទំនាស់​ជាមួយ​ក្រុមហ៊ុន ករណី​គ្មាន​ដី​ឲ្យ​ប្រជាពលរដ្ឋ​នេះ កើតឡើង​តាំងពី​ឆ្នាំ​២០២២ មក​ម្លេះ គឺ​គ្មាន​ដំណោះស្រាយ ក្រុមហ៊ុន មិន​បាន​បង្ហាញ​ទីតាំង​ដី និង​ឯកសារ​ប្លង់​ដី ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ទីតាំង​ដី​ឡូ​ត៌​របស់​ខ្លួន​បាន​ទិញ នៅ​កន្លែង​ណា​នោះ​ទេ គឺ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ទិញ​ដី​បង់​រំ​លោះ​បង់ប្រាក់​បន្ត​តាម​ខែ រាល់​ខែ បើ​អតិថិជន​បង់ប្រាក់​យឺត​តែ​៧​ថ្ងៃ ក្រុមហ៊ុន​ពិន័យ​ជា​ប្រាក់ ក្នុង​មួយ​ថ្ងៃ​០,៥% បើ​ខកខាន​បង់​២​ទៅ ៣​ខែ គឺ​ក្រុមហ៊ុន​ដក​យក​ដី​វិញ ហើយ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង ។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ប្រជាពលរដ្ឋ​មក​តវ៉ា​នេះ គឺ​មាន​០២​គម្រោង គម្រោង​ទី​១, គឺ​ភូមិ​មរតក ស្ថិត​នៅ​ភូមិ​ទទា សង្កាត់​ចេក​ក្រុង​ស្វាយ​រៀង និង​គម្រោង​ទី​២, ភូមិ​មរតក​ថ្ម​.​ស ស្ថិត​នៅ​ភូមិ​ថ្ម​.​ស ឃុំ​ស្វាយ​ជ្រំ​ស្រុក​ស្វាយ​ជ្រំ ។ គឺ​មានការ​ស្មុ​ក​ស្មា​យ​ខ្លាំង​ណាស់ រួម​មាន ៖

ករណី​ទី​១ ក្រុមហ៊ុន​មរតក បាន​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ ក្នុង​១​ហិ​កតា តម្លៃ​១០​ម៉ឺន​ដុល្លារ ក៏​ប៉ុន្តែ​ក្រុមហ៊ុន មិន​បាន​ឲ្យ​ប្រាក់​ទៅ​ម្ចាស់​ដី​ទេ គឺ​ឲ្យ​ម្ចាស់​ដី យក​ចំនួន​ប្រាក់ ដែល​លក់​ដី​បាន ដាក់​ជា​ភាគហ៊ុន ជាមួយ​ក្រុមហ៊ុន ដោយ​ក្រុមហ៊ុន​មរតក ឲ្យ​ភាគលាភ ចំណេញ​តាម​ចំនួន​សាច់ប្រាក់ លុះ​ផ្ទុះ​កូ​វី​ដ​-១៩ ចំនួន​៣​ឆ្នាំ ធ្វើ​ឲ្យ​មុខរបរ​អចលនទ្រព្យ​ដីធ្លី ធ្លាក់​ចុះ​គាំង គ្មាន​ដំណើរការ ក្រុមហ៊ុន​ក្យ័​យ​ធន់ គ្មាន​ប្រាក់​បង់​ឲ្យ​ម្ចាស់​ដី​តាម​កិច្ចសន្យា ម្ចាស់​ដី​ទាមទារ​យក​ដី​វិញ​អស់​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​វិបត្តិ​ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ​អតិថិជន ក៏​ប៉​ន្តែ​ក្រុមហ៊ុន​តម្រូវ​ឲ្យ​អតិថិជន ដែល​បាន​ទិញ​ដី​បង់​រំ​លោះ​ពី​ក្រុមហ៊ុន​បង់ប្រាក់​បន្ត ។

ករណី​ទី​២ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​បាន​បង់ប្រាក់ គ្រប់​ថ្លៃ​ទិញ​ដី​ហើយ សួរ​រក​ទីតាំង​ដី និង​ប្លង់​ដី ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ គឺ​ក្រុមហ៊ុន​បាន​ធ្វើ​ប្លង់​ចុះបញ្ជី​ដីធ្លី បាន​តែ​មួយ​ចំនួន ប្រមាណ​ជាង​២០០​ប​ណ្ណ័​ប៉ុណ្ណោះ រីឯ​មួយ​ចំនួន​ទៀត ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ​អតិថិជន​ខ្លួន ។

ករណី​ទី​៣ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​បាន​៥០% ខ្លះ​បាន​៧០%​ហើយ ក៏​សួរ​រក​ទីតាំង​ដី និង​ចង់​មើល​ឯកសារ រត់ការ​ចុះបញ្ជី​ដីធ្លី នៅ​សុរិយោដី ក្រុមហ៊ុន​មិន​ព្រម​បង្ហាញ ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទិញ​ដី​បានឃើញ (​គឺ​គ្មាន​ឯកសារ​ច្បាស់លាស់ និង​គ្មាន​ដី ដើម្បី​បង្ហាញ​ទីតាំង​ច្បាស់លាស់​) ទើប​ប្រជាពលរដ្ឋ​លើកគ្នា​តវ៉ា និង​ដាក់​ញត្តិ ជូន​លោក​អភិបាលខេត្ត​អន្តរាគមន៍ ដោះស្រាយ​ពួក​គាត់ សូម​ឲ្យ​ក្រុមហ៊ុន បង្ហាញ​ទីតាំង​ក្បាលដី​ឡូ​ត៌ និង​ឯកសារ​ប្លង់​ដី​របស់​ពួក​គាត់ ។

ចំពោះ​អ្នក​បាន​បង់ប្រាក់​គ្រប់​ចំនួន ហើយ​មិន​ទាន់​ទទួល​បាន​ដី មក​គ្រប់គ្រង​ស្របច្បាប់ ភាគច្រើន​គាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ប្រាប់​មក​ឲ្យ​ពួក​គាត់​វិញ គ្រប់​ចំនួន ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​ប្រធាន​ក្រុមហ៊ុន​មរតក បាន​ទេ រហូត​មក​ដល់​ម៉ោង​៦​និង​០០​នាទី​ល្ងាច​ថ្ងៃ​ដដែល​នេះ ។ ចំណែក​ញត្តិ​របស់​ប្រជាពលរដ្ឋ លោក​អភិបាល​ខេត្តស្វាយរៀង បាន​ចាត់​តំណាង​មក​ទទួល​ញត្តិ ពី​ប្រជាពលរដ្ឋ​ហើយ និង​បង្កើត​គណៈកម្មការ​ពិនិត្យ និង​ហៅ​ភាគី​ក្រុមហ៊ុន​ភូមិ​មរតក មក​សាកសួរ ដើម្បី​ដោះស្រាយ សូម​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​បន្តិច​សិន អាជ្ញាធរ នឹង​ចុះ​អង្កេត ដោះស្រាយ​ជូន​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ