ប្រទេសអេស្ប៉ាញ ៖ នៅក្នុងបេសកម្មគោះទ្វារស្វែងរកការបណ្តាក់ទុននៅសហភាពអឺរ៉ុប មន្ត្រីជំនាញអេស្ប៉ាញ ហាក់ចាប់អារម្មណ៍ នឹងគម្រោងមួយចំនួន ដែលរួមមាន វិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ តាមបណ្តាញសង្គមរបស់លោកថា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុបនៅថ្ងៃនេះ លោកបានជួបលោកស្រី អំប៉ារ៉ូ ឡូប៉េ សេណូវីឡា (Amparo Lopez Senovilla) រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ។
នៅក្នុងជំនួបនោះ បានជម្រាបជូនលោកស្រី រដ្ឋលេខាធិការ អំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ដែលមានភាពវ័យក្មេង ប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគ ដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡា នៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិន បណ្ដាក់ទុនវិនិយោគបានផងដែរ ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រអេស្ប៉ាញ អាចពិនិត្យរៀបចំឱ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនងផងដែរ ។
នាឱកាសនោះ លោកស្រី រដ្ឋលេខាធិការ បានបង្ហាញការស្វាគមន៍ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ច ក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍ ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀត នៅកម្ពុជាផងដែរ ៕







ចែករំលែកព័តមាននេះ