ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងហើយថា នៅថ្ងៃទី១០ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤នេះ ទឹករលកគឺធំ ហើយតំបន់ភ្នំអាចមានភ្លៀងធ្លាក់ច្រើន បូកជាមួយនឹងផ្គរ រន្ទះ ហើយនិងខ្យល់បោកបក់ខ្លាំងទៀត ។
ប្រភពដដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងចេញនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ថាតាមស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាភាគខាងកើត និងតំបន់អេក្វាទ័រអាកាសធាតុនៅសមុទ្រនិងភ្នំ មានហានិភ័យគ្រោះថ្នាក់ខ្ពស់ ។
ប្រភពដដែលបានឲ្យដឹងថា នៅតាមតំបន់មាត់សមុទ្រដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប តំបន់ជួរភ្នំបូកគោ និងតំបន់ជួរភ្នំក្រវាញ បានបង្កភ្លៀងធ្លាក់ និងបន្តធ្លាក់ជាប់ៗគ្នារយ:ពេលពីរថ្ងៃ គ្របដណ្តប់ស្ទើរទូទាំងតំបន់ខាងលើ ជាមួយ គ្នានេះ បាតុភូតផ្គរ រន្ទះ និងខ្យល់បោកបក់ខ្លាំងកើតឡើងច្រើន។
ប្រភពដដែលបានបញ្ជាក់ថា «រលកសមុទ្រអាចមានកម្ពស់មធ្យមអប្បបរមា១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា២,៥០ម៉ែត្រ» ។
ក្រសួងបានប្រកាសឲ្យ សាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។
នៅមុនការជូនដំណឹង នៅដែនសមុទ្រកម្ពុជាក៏មានសេចក្តីរាយការណ៍ថា កប៉ាល់ដឹកទំនិញផ្ទុកកុងតឺន័រមួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំ រួចបានលិចនៅក្នុងសមុទ្រកោះរ៉ុង (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៩ ខែមិថុនា ហើយភ្លាមៗជនរងគ្រោះលើកប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះនិងស្រង់ជនរងគ្រោះពីក្នុងសមុទ្រ បានដោយសុវត្ថិភាព
កប៉ាល់ដែលលិចនេះ បណ្ដោយ៤៩ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅទឹកជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺន័រ)មានមនុស្សចំនួន ១០នាក់ ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនឹងសមត្ថកិច្ចចម្រុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។
ចែករំលែកព័តមាននេះ