រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ទៅកាន់មន្ត្រីទាំងអស់ចងចាំថា មន្ដ្រីជាអ្នកបម្រើរាស្ដ្រ ហើយការបម្រើនេះ គឺប្រៀបដូចបម្រើខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងដោយការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនាឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានរំលឹកនូវប្រសាសន៍សម្ដេចធិបតី ហ៊ុន សែនថា មន្ត្រីជា អ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់ប្រជារាស្ត្រឡើយ ។
សម្ដេចធិបតីបានលើកឡើងថា ជាការពិតណាស់មន្ដ្រីមានការងារ មានឱកាសមានតួនាទី នាពេលបច្ចុប្បន្ន គឺដោយសារការគាំទ្ររបស់ប្រជាជន ។
ជាមួយគ្នានេះ សម្ដេចធិបតីបន្ថែមថា មន្ដ្រីគ្រប់រូបក៏ជាប្រជារាស្ដ្រដែរ ។ សម្ដេចថា នៅពេលមន្ត្រីចូលនិវត្តន៍ទៅក៏ក្លាយទៅជាប្រជារាស្ត្រធម្មតាវិញ ដូច្នេះក្នុងនាមជាមន្ត្រីរាជការត្រូវបម្រើរាស្ត្រដូចជាកូន ជាចៅរបស់ខ្លួនឯង ។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់បន្ថែមថា ៖«ចឹងបម្រើប្រជារាស្ដ្រ គឺដូចបម្រើខ្លួនឯង និងគ្រួសារខ្លួនឯង ចាំពាក្យនេះទៅ ។ តើយើងចង់រស់នៅក្នុងបរិស្ថាននេះងាយស្រួលរស់នៅទេសេវាសាធារណៈទាន់ចិត្តល្អប្រសើរទេ បើយើងចង់បានសម្រាប់យើងសម្រាប់កូនយើងសម្រាប់គ្រួសារយើងគួរអនុវត្ត ព្រោះយើងចូលរួមក្នុងការផ្ដល់សេវាឲ្យមន្ដ្រីផ្សេងទៀតផងដែរ ដែលជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើង»។
ក្នុងឱកាសនោះដែរសម្ដេច នាយករដ្ឋមន្ដ្រី បន្ដទៀតថា តើសង្គមជាតិរបស់យើងបច្ចុប្បន្ន និងទៅអនាគត តើត្រូវអនុវត្តបែបណា? គ្រប់គ្នាមិនចង់បានការផ្តល់សេវាសាធារណៈដែលតម្រូវឲ្យមានការអន្តរាគមន៍ ឬការចរចានោះទេ ៕
ចែករំលែកព័តមាននេះ