នាវាផ្ទុកកុងតឺន័រពីប្រទេសថៃលិចក្នុងសមុទ្រកោះរ៉ុង
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កប៉ាល់ដឹកទំនិញផ្ទុកកុងតឺន័រមួយគ្រឿង ដែលដឹកទំនិញពីប្រទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំ រួចបានលិចនៅក្នុងសមុទ្រកោះរ៉ុង (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តព្រះសីហនុ វេលាថ្ងៃត្រង់ថ្ងៃទី៩ មិថុនា ២០២៤ ហើយភ្លាមៗជនរងគ្រោះលើកប៉ាល់ដែលលិចនោះ ត្រូវបានទូកនេសាទដែលនៅក្បែរជួយសង្គ្រោះនិងស្រង់ជនរងគ្រោះពីក្នុងសមុទ្រ បានដោយសុវត្ថិភាព ។

កប៉ាល់ដែលលិចនេះ បណ្ដោយ៤៩ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅទឹកជាង៣ម៉ែត្រ នៅលើនាវាដឹកទំនិញ(កុងតឺន័រ)មានមនុស្សចំនួន ១០នាក់ ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុងដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនឹងសមត្ថកិច្ចចម្រុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យយ័ត្នក្រុងព្រះសីហនុ ។

លោក ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនឹងសមត្ថកិច្ចចម្រុះនិងផ្នែកពាក់ព័ន្ធបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាពមិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ។

នៅក្នុងឱកាសនោះ បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់ ៕











ចែករំលែកព័តមាននេះ