ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ឱ្យ​កូន​ខ្មែរ​ត្រូវ​វិនិយោគ​លើ​ការ​រៀន​​សូត្រ មិន​ត្រូវ​ពឹង​ខ្សែ ឬ​រក​ថវិកា​សូក​គេ​ឡើយ ​បើ​ចង់​ធ្វើ​មន្ត្រី

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ​បាន​ឱ្យ​​កូន​ខ្មែរ បើចង់​ក្លាយជា​មន្ត្រី​បម្រើ​ប្រជារាស្ត្រ ត្រូវ​វិនិយោគ​លើ​ការ​រៀនសូត្រ និង​សមត្ថភាព…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា ​បាន​ឱ្យ​​កូន​ខ្មែរ បើចង់​ក្លាយជា​មន្ត្រី​បម្រើ​ប្រជារាស្ត្រ ត្រូវ​វិនិយោគ​លើ​ការ​រៀនសូត្រ និង​សមត្ថភាព មិន​ត្រូវ​ពឹង​ខ្សែ ឬ​រក​ថវិកា​ដើម្បី​សូក​គេ​នោះ​ទេ គឺ​ត្រូវ​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង​។

ថ្លែង​នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២៣ និង​បើក​វគ្គបណ្តុះ​បណ្តា​ល​ឆ្នាំ​២០២៤ របស់​សាលា​ភូមិន្ទ​រដ្ឋបាល នា​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​
ណែ​ត បាន​ឲ្យ​ដឹង​ថា ដើម្បី​ពង្រឹងគុណភាព​ប្រឡង គឺ​គ្រប់គ្រង​លើ​វិញ្ញាសា​ដែល​ត្រូវ​ចេញ​សម្រាប់​ការ​ប្រលងឲ្យ​បាន​ហ្មត់ចត់ កុំ​ឲ្យ​មានការ​បែកធ្លាយ​។

សម្ដេច​ធិ​បតី​បាន​លើក​ឡើង​ថា ម្ដាយ​-​ឪពុក ដែល​ភ័យ​ខ្លាច​កូន​មិន​បាន​ប្រលង​ជាប់ កុំទៅ​រត់ការ ឬ ស្វែងរក​ការ​អន្តរាគមន៍​ណាមួយ​។ ត្រូវប្រាប់​ឲ្យ​កូន​ខំប្រឹង​រៀនសូត្រ​វិញ​។ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​​ធិ​បតី​បាន​គូសបញ្ជាក់​ថា​៖ «​មន្ត្រី​ចូល​បម្រើ​រដ្ឋ ត្រូវ​ចាប់ផ្តើម ពី​ខ្លួនឯង មាន​ទំនុកចិត្ត មិន​មែន​ជា​ការ​វិនិយោគ​ទេ​។ វិនិយោគ​កម្លាំងចិត្ត កម្លាំងកាយ ខិតខំ​ប្រឹង ប្រែង​រៀនសូត្រ វិនិយោគ​អាហ្នឹង​។ មិន​ត្រូវ​វិនិយោគ​រក​ខ្សែ រក​ថវិកា ដើម្បី​សូក​គេ នោះ​ទេ​។ ត្រូវ​វិនិយោគ ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​បាន​»​។

ទន្ទឹម​នឹង​នេះ សម្ដេច​ធិ​បតីបាន​ឲ្យ​ដឹង​ថា ដូច្នេះ​សុក្រឹតភាពសមត្ថភាព មុន​ក្លាយជា​មន្ត្រីរាជការ​ត្រូវ​បាន​បង្ហាញ​ឡើង​តាម​រយៈ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រីរាជការ​កន្លង​មក ដែល​រៀបចំ​ដោយក្រសួង​មុខងារសាធារណៈ ដោយ​ឈរ​លើ​គោលការណ៍ «​អ្នកចេះ គឺ​ជាប់​»​។

សម្ដេច​នាយក​រដ្ឋមន្ដ្រីគូសបញ្ជាក់​ថា «​សុក្រឹតភាព និង​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រឡង​នេះ គឺជា​ឧទា​ហរណ៍​មួយ ប៉ុន្តែ​ជា​កិច្ចការ​ធំ​ណាស់​សម្រាប់​ផ្តល់​ការ​លើក ទឹកចិត្ត​ដល់​កូន​ខ្មែរ​របស់យើង ដែល​ចង់​ក្លាយជា​មន្ត្រី​បម្រើ​រាស្ត្រ​។ គឺជា​ការ​ចូល និង​ស្ម័គ្រចិត្ត និង​ការ​ខិតខំ​លះបង់​»​។

សម្ដេច​ធិ​បតី ក៏​បាន​រំលឹក​នូវ​ប្រសាសន៍ សម្ដេច​ធិ​បតី ហ៊ុន សែន ថា មន្ត្រី​ជា​អ្នក​បម្រើ​រាស្ត្រមិន​មែន​ចៅហ្វាយ​របស់​ប្រជារាស្ត្រ​ឡើយ​។ សម្ដេចបន្ដ​ថា ជា​ការ​ពិត​ណាស់ មន្ដ្រី​មានការ​ងារ មានឱកាស មាន​តួនាទី នា​ពេល​បច្ចុប្បន្ន គឺ​ដោយសារ​ការ​គាំទ្រ​របស់​ប្រជា​ជន​។

ជាមួយ​គ្នា​នេះ សម្ដេច​ធិ​បតីបន្ថែម​ថា មន្ដ្រី​គ្រប់​រូបក៏​ជា​ប្រជារាស្ដ្រ​ដែរ​។ សម្ដេចថា នៅ​ពេល​មន្ត្រី​ចូល​និវត្តន៍​ទៅ ក៏​ក្លាយទៅជា​ប្រជារាស្ត្រ​ធម្មតា​វិញ ដូច្នេះ​ក្នុង​នាម​ជា​មន្ត្រីរាជការ ត្រូវ​បម្រើ​រាស្ត្រ​ដូច​ជា​កូន​ជា​ចៅ​របស់​ខ្លួនឯង​។

សម្ដេចនាយក​រដ្ឋមន្ដ្រី គូសបញ្ជាក់​ថា «​ចឹ​ង​បម្រើ​ប្រជារាស្ដ្រ គឺ​ដូច​បម្រើ​ខ្លួនឯង និង​គ្រួសារ​ខ្លួនឯង ចាំ​ពាក្យ​នេះ​ទៅ​។ តើ​យើង​ចង់​រស់នៅ​ក្នុង​បរិស្ថាន​នេះ ងាយស្រួល​រស់នៅ​ទេ សេវា​សាធារណៈទាន់​ចិត្តល្អ​ប្រសើរ​ទេ បើ​យើង​ចង់បាន សម្រាប់​យើង សម្រាប់​កូន​យើង សម្រាប់​គ្រួសារ​យើង គួរ​អនុវត្ត ព្រោះ​យើង​ចូលរួម​ក្នុង​ការ​ផ្ដល់​សេវា​ឲ្យ​មន្ដ្រី​ផ្សេង​ទៀត​ផង​ដែរ ដែល​ជា​ប្រជាពលរដ្ឋ នៅ​ក្នុង​មូលដ្ឋាន​របស់​យើង​»​។

សម្ដេច នាយក​រដ្ឋមន្ដ្រី បន្ដ​ទៀត​ថា តើ​សង្គម​ជាតិ​របស់​យើង​បច្ចុប្បន្ន និង​ទៅ​អនាគត តើ​ត្រូវ​អនុវត្ត​បែប​ណា? គ្រប់​គ្នា​មិន​ចង់បាន​ការ​ផ្តល់​សេវា​សាធារណៈ ដែល​តម្រូវ​ឲ្យ​មានការ អន្តរាគមន៍ ឬ​ការ​ចរចានោះ​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ