ទីក្រុងប៉ារីស៖ លោកម៉ាក្រុងសម្រេចរំលាយសភាបារាំងចោល ហើយប្រកាសរៀបចំការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រមុនអាណត្តិ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីគណបក្សរបស់លោកទទួលបានអាសនៈតិចជាង «គណបក្សសមាជជាតិ» ដែលជាគណបក្សស្ដាំនិយមជ្រុលរបស់លោកស្រីឡឺពែន (Le Pen) នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីយប់មិញ។
ប្រទេសបារាំងនឹងរៀបចំការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្តជា២ដំណាក់កាល។ ពោលគឺនៅថ្ងៃទី៣០ ខែមិថុនាម្ដង និងនៅថ្ងៃទី៧ ខែកក្កដាម្ដងទៀត។ សេចក្ដីប្រកាសនេះធ្វើឡើងបន្ទាប់ពីគណបក្សសមាជជាតិដែលជាបក្សស្ដាំនិយមជ្រុលដណ្ដើមបានអាសនៈច្រើនណាស់។ ដូច្នេះ នេះជាការវាយសំពងមួយទំហឹងមនុស្សចាស់ទៅលើគណបក្សនិយមកណ្ដាលរបស់លោកម៉ាក្រុងដែលមាននិន្នាការគាំទ្រការរួបរួមគ្នានៅក្នុងសហភាពអឺរ៉ុប។ នេះបើយោងតាមលទ្ធផលស្ទង់មតិនៅប្រទេសបារាំង។
លោកស្រីម៉ារីន ឡឺពែន (Marine Le Pen) ជាអ្នកនយោបាយស្ដាំនិយមជ្រុលធ្វើឱ្យប្រជាជនបារាំងពេញចិត្តពេញថ្លើមនឹងកម្មវិធីនយោបាយរបស់គាត់។ នោះគឺនយោបាយជាតិនិយម និងប្រឆាំងនឹងជនអន្តោប្រវេសន៍។ គណបក្សរបស់លោកស្រីទទួលបានសំឡេងគាំទ្រចន្លោះពី៣១%-៣២%។ នេះជាការទទួលបានសំឡេងគាំទ្រច្រើនជាប្រវត្តិសាស្ត្រ ហើយលើសគណបក្សរបស់លោកម៉ាក្រុងទ្វេមួយជាពីរឯណោះ។ គណបក្សរបស់លោកម៉ាក្រុងទទួលបានយ៉ាងខ្លាំងត្រឹមតែ១៥%ប៉ុណ្ណោះ។
លោកម៉ាក្រុងមិនបានឈរឈ្មោះជាបេក្ខជនអ្នកតំណាងរាស្ត្រនៅសភាអឺរ៉ុបទេ។ លោកថ្លែងថាមុននឹងសម្រេចចិត្តរំលាយសភាចោលទាំងកណ្ដាលទីនេះគឺគិតគូរល្អិតល្អន់ណាស់។ ប៉ុន្តែលោកមានជំនឿយ៉ាងមុតមាំថាដោយសារប្រទេសបារាំងមានលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះខ្លាំង ដូច្នេះ ប្រជាជនបារាំងដែលមានឥស្សរភាពពេញលេញនឹងសម្រេចចិត្តដោយផ្ទាល់។
គេគិតថាបោះឆ្នោតលើកនេះគឺជាការប្រថុយប្រថានដ៏ធំរបស់លោកម៉ាក្រុង។ ស្រួលមិនស្រួលជាការហុចដងដាវឱ្យលោកស្រីឡឺពែនឡើងកាន់អំណាចក៏អាចថាបាន។ បើគណបក្សប្រឆាំងឈ្នះអាសនៈភាគច្រើនមានន័យថាអំណាចរដ្ឋត្រូវបែកខ្ញែកគ្នា។ ពេលនោះប្រធានាធិបតី និងនាយករដ្ឋមន្ត្រីមកពីគណបក្សផ្សេងគ្នា ហើយអាចមានគោលជំហរផ្សេងគ្នា។ នៅប្រទេសបារាំង ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីជួនកាលមានគោលជំហរមិនដូចគ្នាទេ។ សូម្បីតែកន្លែងធ្វើការ និងស្នាក់នៅក៏ផ្សេងគ្នាដែរ។ ប្រធានាធិបតីនៅវិមានអេលីហ្សេ (Élysée Palace)។ រីឯនាយករដ្ឋមន្ត្រីនៅវិមានម៉ាទីញ៉ុង (Hôtel Matignon)។
ក្រោយការប្រកាសបោះឆ្នោតនោះ លោកស្រីឡឺពែនគាំទ្រយ៉ាងពេញទំហឹង។ លោកស្រីថ្លែងថាយើងត្រៀមខ្លួនចូលរួមការបោះឆ្នោតនេះ។ យើងត្រៀមខ្លួនឡើងកាន់អំណាចបើប្រជាជនបារាំងផ្ដល់សេចក្ដីទុកចិត្តមកលើយើងនៅក្នុងការបោះឆ្នោតលើកនេះ។ លោកស្រីឡឺពែនក៏មិនណយប៉ុន្មានដែរ។ កាលពីពេលបោះឆ្នោតប្រធានាធិបតីលើកចុងក្រោយនេះ លោកស្រីអាចឆ្លងកាត់ជម្រុះជុំទី១ដើម្បីប្រកួតផ្ដាច់ព្រ័ត្រយកតំណែងប្រធានាធិបតី។ បោះឆ្នោតនៅបារាំង២វគ្គ។ វគ្គទី១ជម្រុះយក២នាក់គឺអ្នកលេខ១ និងលេខ២ដើម្បីប្រកួតផ្ដាច់ព្រ័ត្រនៅវគ្គទី២។ ដូច្នេះកម្លាំងនយោបាយរបស់លោកស្រីឡឺពែនពិតជាខ្លាំង។
លទ្ធផលបោះឆ្នោតនៅសភាអឺរ៉ុបលើកនេះជាបញ្ហាប្រឈមដ៏ធំសម្រាប់លោកម៉ាក្រុង។ លោកជាអ្នកគាំទ្រយ៉ាងប្ដូរផ្ដាច់ឱ្យសហភាពអឺរ៉ុបរួមកម្លាំងគ្នាគាំទ្រអ៊ុយក្រែន និងក៏ជាអ្នកគាំទ្រភាពឯករាជ្យ-ម្ចាស់ការរបស់អឺរ៉ុបផងដែរ។ លោកជំរុញឱ្យអឺរ៉ុបពង្រឹងសមត្ថភាពការពារជាតិដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកខ្លាំងពេកទៅលើអង្គការពេកទេ។ ចំណែកគណបក្សសមាជជាតិរបស់លោកស្រីឡឺពែនគិតគូរជាសំខាន់អំពីផលប្រយោជន៍របស់បារាំង និងកាត់បន្ថយការចំណាយខ្ជះខ្ជាយ។
មន្ត្រីខុទ្ទកាល័យរបស់លោកម៉ាក្រុងប្រាប់ថាលោកម៉ាក្រុងសម្រេចចិត្តរំលាយសភាគឺជារឿងសមហេតុផលបំផុត។ មូលហេតុដោយសារម៉្យាងលទ្ធផលឆ្នោតបានបង្ហាញច្បាស់ៗថាក្រុមស្ដាំនិយមជ្រុលត្រូវប្រជាជនបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី។ ម៉្យាងទៀត បើទុកសភាឱ្យនៅត្រាំត្រែងដូចសព្វថ្ងៃនេះក៏មិនសូវល្អប៉ុន្មានដែរព្រោះសភាកំពុងស្ថិតនៅក្នុងភាពឥតសណ្ដាប់ធ្នាប់។
ប្រតិកម្មចំពោះការបោះឆ្នោតសភាមុនអាណត្តិនេះ អ្នកនយោបាយឆ្វេងនិយមជ្រុលហ្វ្រង់ស្វ័រ រូហ្វាំង (François Ruffin) បានអំពាវនាវឱ្យអ្នកនយោបាយធំៗខាងឆ្វេងទាំងអស់រួមកម្លាំងគ្នាជាមួយគណបក្សរណសិរ្យប្រជាជន។ គាត់សរសេរនៅលើបណ្ដាញទ្វីតថឺថាយើងត្រូវតែរួបរួមគ្នាដើម្បីកុំឱ្យជួបនឹងរឿងអាក្រក់ និងដើម្បីឱ្យក្រុមរបស់យើងទទួលជ័យជម្នះ។ ប្រទេសបារាំងត្រូវបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ៨១រូបដើម្បីអង្គុយនៅក្នុងសភាអឺរ៉ុបដែលមានអាសនៈសរុបចំនួន៧២០៕
ចែករំលែកព័តមាននេះ