ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋរាប់រយគ្រួសារនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង បានលើកគ្នាទៅដកបង្គោលថ្មជាច្រើនដើមចោល ដែលលោកស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ បានដាំធ្វើជារបងព្រំដី ដោយអះអាងថា ការដាំនេះ គឺរំលោភយកដីសាធារណៈរបស់រដ្ឋ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា ដីទំនាស់មួយនេះ គឺជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង ៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ស្ថិតនៅត្រង់ចំណុចខាងកើតជាប់និងគល់ស្ពានដូង ក្នុងភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ដីនេះ ពីមុនគឺជាដីព្រែក ដីជង្ហុកក្រឡុកត្រពាំង ប៉ុន្តែក្រោយមកត្រូវបានលោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ ចាក់ដីលុបធ្វើផ្លូវចូលទៅកាន់ដីរបស់ខ្លួនដែលនៅខាងក្រោយ បន្ទាប់មកក៏បោះបង្គោលពុះចែកដីនេះជា២ រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទើបប្រជាពលរដ្ឋមានការខឹងសម្បារ ហើយបានដាក់ពាក្យប្ដឹងទៅលោកមេឃុំកញ្ចំ ស្នើសុំឲ្យជួយអន្តរាគមន៍ រក្សាដីនេះទុកជាដីសាធារណៈដដែល ប៉ុន្តែលោកមេឃុំបានត្រឹមតែសន្យាខ្យល់ មិនបានជួយអ្វីទាំងអស់ ទើបនៅថ្ងៃទី 9 មិថុនា 2024 នេះប្រជាពលរដ្ឋភូមិដូងទាំងអស់ បានលើកគ្នាមកដកបង្គោលព្រំនោះចោលតែម្ដង។
ពលរដ្ឋទាំងនេះបានអះអាងថា ទីតាំងដីនេះ គឺជាដីសាធារណៈរបស់រដ្ឋមិនអាចចាត់ចែងប្រគល់ទៅឲ្យបុគ្គលណាម្នាក់បានទេ ត្រូវទុកអភិវឌ្ឍន៍ ធ្វើជាសួនច្បារ រូបសំណាក និងជាកន្លែងជួបជុំធ្វើបុណ្យតាមប្រពៃណី…។
ដោយឡែក លោក ស៊ឹម សឿន ប្រធានមណ្ឌលសុខភាពព្រៃព្នៅ បានទទួលស្គាល់ថា បង្គោលថ្មទាំងនេះ គឺរូបលោកពិតជាអ្នកដាំមែន គឺដាំដើម្បីកំណត់ព្រំ កុំឱ្យមានអ្នកណាផ្សេងមករំលោភយក ព្រោះដីនេះរូបលោកជាអ្នកចាក់អស់លុយច្រើនណាស់ ម្យ៉ាងអាជ្ញាធរឃុំបានចេញលិខិតឱ្យលោក កាន់កាប់គ្រប់គ្រងដីនេះរួចហើយ។
ប្រធានមណ្ឌលសុខភារូបនេះបានបញ្ជាក់ទៀតថា ខ្លួនពិតជាបានកាន់កាប់ដីសាធារណៈរបស់រដ្ឋប្រាកដមែន ប៉ុន្តែបើរដ្ឋត្រូវការពេលណា លោកនឹងប្រគល់ជូនវិញ តែមិនឱ្យពលរដ្ឋណាសាងសង់អ្វីលើដីនេះទេ គឺទុកចោលទាំងអស់គ្នា ទើបលោកព្រម…!។
រីឯលោក អ៊ិត ស៊ីម មេឃុំកញ្ចំ បានថ្លែងទទួលស្គាល់ថា ដីទំនាស់ត្រង់ចំណុចខាងលើនេះ គឺពិតជាដីសាធារណៈប្រាកដមែន..!។ ប៉ុន្តែដោយឃើញលោក ស៊ឹម សឿន ខំចាក់ដីធ្វើផ្លូវ អស់លុយច្រើនទើបលោកមេឃុំ សម្រេចចេញលិខិតឱ្យលោក ស៊ឹម សឿន មានសិទ្ធថែទាំគ្រប់គ្រងផ្លូវនេះ តែពុំមែនមានន័យថា លោក ស៊ឹម សឿន ជាម្ចាស់កម្មសិទ្ធនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋនៅភូមិដូងទាំងអស់ បានស្នើសុំអោយឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាជួយដោះស្រាយបញ្ហានេះផង ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សតិ អារម្មណ៍ពលរដ្ឋខ្លាំងណាស់៕
ចែករំលែកព័តមាននេះ