ក្រុមហ៊ុនវៀតណាមមួយបានអះអាងថា នឹងពន្លឿនការសិក្សារៀបចំជំរុញខ្សែចង្វាក់កែច្នៃផលិតផលកសិផល នៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងមានទីផ្សារនៅអន្តរជាតិ ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាង នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ថា ក្រុមហ៊ុននោះ គឺក្រុមហ៊ុន Hung Hua Corporation ដែលជាក្រុមហ៊ុនឧស្សាហកម្មកសិ-ចំណីអាហារ មានអាយុកាលវិនិយោគប្រមាណ៥០ឆ្នាំ និងមានការទទួលស្គាល់គុណភាពជាអន្តរជាតិ លើផលិផលចំណីអាហារ ដោយផ្តោតលើមុខសញ្ញាអាទិភាព ដូចជា បង្គា ត្រី កាហ្វេ ស្វាយចន្ទី បន្លែផ្លែឈើ ដែលឈានមុខគេផ្គត់ផ្គង់លើទីផ្សារនៅ សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី ប្រទេសនៅមជ្ឈឹមបូព៌ា និងបណ្តាប្រទេសផ្សេងៗទៀតនៅអាស៊ី។
ប្រភពដដែលបានអះអាងថា ក្រុមហ៊ុននេះបានចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Rithy Granith Cambodia Co., Ltd. រួចហើយកាលពីពេលថ្មីៗកន្លងទៅនេះ ។ ក្រុមហ៊ុន Hung Hua បាន និងកំពុងសិក្សាជ្រើសរើសទីតាំងវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគក្នុងវិស័យកែច្នៃកសិផល និងចំណីអាហារ ។
នៅពេលបច្ចុប្បន្នផលិតផលកសិ-ឧស្សាហកម្មនៅកម្ពុជាបាននាំចេញច្រើន និងមានតម្លៃគូរសម ប៉ុន្តែភាគច្រើននៃការនាំចេញគឺធនធានដើម ដែលមិនទាន់មានការកែច្នៃ ករណីដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ពោត សណ្តែក ដំឡូងមី ជាដើម ៕
ចែករំលែកព័តមាននេះ