ទីក្រុងហាណូយ៖ ថ្មីៗនេះ អាជ្ញាធរវៀតណាមនៅទីក្រុងហាណូយចេញបទបញ្ជាដ៏ម៉ឺងម៉ាត់មួយហាមឃាត់ការជួញដូរសាច់ឆ្មា និងសាច់ឆ្កែ។ នេះជាផ្នែក១នៃយុទ្ធនាការឈានទៅលុបបំបាត់ការបរិភោគសាច់សត្វដែលមិនសមនឹងបរិភោគ ហើយដើម្បីធានាសុខុមាលសាធារណៈរួចចាកផុតពីជំងឺតម្កាត់ផ្សេងៗដោយសារការបរិភោគសាច់សត្វដែលអាចមានមេរោគ ឬជំងឺតម្កាត់ផ្សេងៗ។
យោងតាមបទបញ្ជាថ្មីនេះ អាជ្ញាធរនឹងរៀបចំយុទ្ធសាស្ត្ររយៈពេលវែង និងអនុវត្តគោលការណ៍ណែនាំដ៏តឹងរ៉ឹង។ ស្ថាប័នដែលពាក់ព័ន្ធត្រូវសហការជាមួយក្រុមអធិការកិច្ចដើម្បីអនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាព។ អាជ្ញាធរថ្លែងថាបទបញ្ជានេះធ្វើឡើងតបទៅនឹងការរីករាលដាលកាន់តែខ្លាំងនៃជំងឺឆ្កែឆ្កួតកាលពីពេលថ្មីៗនេះនៅទូទាំងប្រទេសវៀតណាម។
ដូច្នេះ បទបញ្ជានេះយល់ថាចាំបាច់ណាស់ត្រូវតែទប់ស្កាត់មិនឱ្យបញ្ហានេះកើតឡើងនៅទីក្រុងហាណូយទេ។ ថ្មីៗនេះមនុស្សឆ្លងជំងឺឆ្កែឆ្កួត១០២ករណីនៅក្នុងខេត្ត-ក្រុងចំនួន២៩ទូទាំងប្រទេសវៀតណាម ហើយបណ្ដាលឱ្យស្លាប់មនុស្សមួយចំនួន។ បទបញ្ជានេះចង់ផ្ដោតសំខាន់ទៅលើការចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតឱ្យបានលើសពី៩០%ចំពោះសត្វឆ្កែ និងឆ្មាដែលចិញ្ចឹមនៅតាមផ្ទះដោយប្រើប្រាស់សេវារបស់អាជ្ញាធរជំនាញខាងបសុសត្វ។
អ្នកដែលជួញដូរ ដឹកជញ្ជូន សម្លាប់ ឬលក់សាច់ឆ្កែ និងឆ្មាត្រូវតែមានទោស។ អាជ្ញាធរនឹងចាត់ក្រុមត្រួតពិនិត្យចល័តដើម្បីតាមដានសកម្មភាពជួញដូរសាច់ឆ្កែ និងឆ្មានៅតាមច្រកផ្លូវសំខាន់ៗ។ ការជញ្ជូនសត្វឆ្កែ និងឆ្មាដែលនៅរស់ដើម្បីយកទៅកាប់យកសាច់លក់ត្រូវហាមឃាត់។ អាជ្ញាធរត្រូវតែស្ទាក់ចាប់ និងរឹបអូសទាំងអស់។ បទបញ្ជានេះអំពាវនាវឱ្យជួយផ្សព្វផ្សាយជូនសាធារណជនឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួតក៏ដូចជាការចិញ្ចឹមសត្វទាំងនេះដោយការទទួលខុសត្រូវ។
បទបញ្ជានេះស្នើសុំឱ្យប្រជាជនបោះបង់ចោលទម្លាប់បរិភោគសាច់ឆ្កែ។ ទីក្រុងហាណូយយកចិត្តទុកដាក់ខ្ពស់ជាងគេចំពោះសុខុមាលភាពរបស់សត្វ។ បទបញ្ជានេះមានគោលដៅលុបបំបាត់ជំងឺឆ្កែឆ្កួត និងលុបបំបាត់ការទិញ-លក់សាច់ឆ្កែ និងឆ្មា។ ធ្វើបែបនេះដើម្បីប្រែក្លាយរដ្ឋធានីរបស់វៀតណាមទៅជាកន្លែងដែលមនុស្សរស់នៅមានភាពស៊ីវិល័យ មិនមែនចេះតែបរិភោគសាច់សត្វតែផ្ដាសនោះទេ ហើយក៏ចង់ធ្វើឱ្យទីក្រុងហាណូយជាតំបន់ពេញនិយមសម្រាប់អ្នកទេសចរមកពីទីជិតឆ្ងាយផងដែរ។ ធ្វើបែបនេះក៏ស្របទៅតាមប្រទេសដទៃទៀតដែលយកចិត្តទុកដាក់ចំពោះសត្វ និងសុវត្ថិភាពចំណីអាហារ។
គេគិតថាសម្រាប់សហគមន៍អ្នកនិយមចូលចិត្តបរិភោគសាច់ឆ្កែជាយូរមកហើយប្រហែលជាមិនទាន់កាត់ផ្ដាច់បានទាំងស្រុងភ្លាមៗទេ។ ប៉ុន្តែរដ្ឋបាលក្រុងហាណូយសង្ឃឹមថាគេត្រូវតែអនុវត្តតាមបទបញ្ជានេះជាប្រញាប់ គួបផ្សំនឹងការអប់រំផ្សព្វផ្សាយឱ្យមនុស្សកែប្រែទម្លាប់ក្នុងការបរិភោគ។ ទៅថ្ងៃមុខអាចនឹងធ្វើឱ្យទីក្រុងហាណូយគ្មានការទិញ-លក់ និងបរិភោគសាច់ឆ្កែ និងឆ្មាទេ។ អនុវត្តបែបនេះបានមានន័យថាទីក្រុងហាណូយអាចអនុវត្តបានដូចទីក្រុងដទៃទៀតនៅទូទាំងពិភពលោក៕
ចែករំលែកព័តមាននេះ