ទីក្រុងម៉ូស្គូ៖ លោកពូទីនថ្លែងថារុស្ស៊ីមិនចាំបាច់ប្រើប្រាស់អាវុធនុយក្លេអ៊ែរក៏អាចទទួលជ័យជម្នះនៅក្នុងសង្គ្រាមអ៊ុយក្រែនដែរ។ លោកនិយាយមិនអួតទេ គ្រាន់តែនុយក្លេអ៊ែរខ្នាតតូច ឬនុយក្លេអ៊ែរតាក់ទិច (tactical nuclear) របស់រុស្ស៊ីក៏ធំជាងនុយក្លេអ៊ែររបស់ប្រទេសអាមេរិកដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ារហូតដល់៤ដងឯណោះ។ គេដឹងថាគ្រាប់បែកឈ្មោះលីតថលប៊យ (Little Boy) របស់អាមេរិកនោះមានកម្លាំងផ្ទុះស្មើនឹងកម្លាំងផ្ទុះនៃរំសេវតេអឹនតេ (TNT) ចន្លោះពី១២០០០-១៨០០០តោន។
បើនុយក្លេអ៊ែររុស្ស៊ីខ្លាំងជាងនេះ៤ដងមានន័យថាស្មើនឹងកម្លាំងផ្ទុះនៃរំសេវតេអឹនតេចន្លោះពី៤៨០០០-៧២០០០តោន។ ល្មមទីក្រុង១ទាំងមូលខ្ទេចដូចបង្អួល ព្រោះវាបង្កើតកម្ដៅរហូតដល់រាប់ម៉ឺនអង្សារ អាចដុតបំផ្លាញអ្វីៗទាំងអស់នៅក្នុងចក្រវាល។ លក្ខណៈពិសេសរបស់នុយក្លេអ៊ែរត្រង់ថាវាបង្កើតកម្ដៅដ៏សែនក្ដៅ គួបផ្សំនឹងរលកបោកបក់ដ៏ខ្លាំងក្លាប្រៀបបាននឹងខ្យល់ព្យុះសង្ឃរា (shock wave)។ ដូច្នេះ អគារធ្វើពីបេតុងនឹងត្រូវរលាយម៉ដ្ឋខៃដូចស៊ីម៉ង់ដូច្នោះដែរ។ នៅក្នុងលោកនេះ លោហធាតុដែលខ្លាំងជាងគេគឺតង់ស្តែន (tungsten) អាចធន់នឹងកម្ដៅបានបីពាន់អង្សា។
ថ្មីៗនេះ លោកពូទីនចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិមួយ។ នៅពេលសួរថា «តើរុស្ស៊ីគួរតែរង់ចាំកេះកៃនុយក្លេអ៊ែរដាក់ក្រុមបស្ចិមប្រទេសដៃរឬទេនៅក្នុងបញ្ហាអ៊ុយក្រែន?» លោកពូទីនតបថាសម្រាប់ពេលបច្ចុប្បន្ននេះគ្មានភាពចាំបាច់ដើម្បីនឹងប្រើប្រាស់ទេ។ ចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើងកាលពីឆ្នាំ២០២២ លោកពូទីនឧស្សាហ៍បង្ហើបឱ្យដឹងពីគម្រោងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ជាពិសេស បើរុស្ស៊ីរងការគំរាមកំហែងផ្នែកអធិបតេយ្យភាពជាតិ ឬភាពរស់រានមានជីវិតនៃជាតិ (existence)។
រុស្ស៊ីចាត់ទុកតំបន់គ្រីម៉េ និងតំបន់៤ទៀតដែលរុស្ស៊ីវាយយកបានពីអ៊ុយក្រែនជាទឹកដីរបស់ខ្លួន។ ដូច្នេះ បើអ៊ុយក្រែនវាយយកតំបន់ទាំងនេះត្រឡប់មកវិញ ពេលនោះរុស្ស៊ីអាចប្រកាសថាជាការគំរាមកំហែងចំពោះអធិបតេយ្យភាពរបស់ខ្លួន។ នៅដំណាក់កាលចុងក្រោយនេះ អ៊ុយក្រែនវាយប្រហារដោយយន្តហោះដ្រូន និងគ្រាប់មីស៊ីលពីចម្ងាយចូលទឹកដីរុស្ស៊ីរួមទាំងតំបន់គ្រីម៉េផងដែរ។ ប៉ុន្តែអាវុធទាំងនោះជាកម្មសិទ្ធិរបស់អ៊ុយក្រែនផ្ទាល់។ មានន័យថាពុំដែលប្រើអាវុធជំនួយម្ដងណាទេ។
លោកពូទីនថ្លែងថានៅក្នុងករណីចាំបាច់ រុស្ស៊ីអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន។ គ្រាន់តែថាសម្រាប់ពេលបច្ចុប្បន្នមិនទាន់ដល់ពេលទេ។ គេគិតថាលោកពូទីនយកវេទិកាសេដ្ឋកិច្ចមកនិយាយពីបញ្ហានុយក្លេអ៊ែរនោះដោយសារលោកធ្លាប់ព្រមានប្រើអាវុធនេះជាញឹកញាប់ ខណៈដែលក្រុមបស្ចិមប្រទេសរក្សាភាពស្ងប់ស្ងាត់។ ដូច្នេះលោកចង់យកឱកាសនេះបញ្ជាក់ឡើងវិញថាគួរកុំបណ្ដោយឱ្យសភាពការណ៍ឈានដល់ដំណាក់កាលធ្ងន់ធ្ងរដល់ថ្នាក់ថយក្រោយលែងកើត។
សង្គ្រាមអ៊ុយក្រែនមើលស្រាលមិនបានទេបន្ទាប់ពីក្រុមបស្ចិមប្រទេសអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធជំនួយបាញ់ចូលទឹកដីរុស្ស៊ី។ សម្រាប់ដំណាក់កាលដំបូងៗ ពួកគេមិនទាន់ឱ្យបាញ់ចូលទឹកដីរុស្ស៊ីជ្រៅៗពេកទេ។ ក្រុមអ្នកវិភាគប្រមើលឃើញថាសង្គ្រាមនុយក្លេអ៊ែរបើសិនជាផ្ទុះឡើងនាពេលអនាគត មិនអាចបញ្ឈប់ ឬចរចាគ្នាបានឡើយ។ ប្រទេសដែលមានអាវុធនេះត្រូវតែបង្ខំចិត្តប្រើប្រាស់ទាំងអស់គ្នារហូតដល់រលាយផែនដី។
គ្រាន់តែអាមេរិក និងរុស្ស៊ីកាន់កាប់អាវុធនុយក្លេអ៊ែរជិត៩០%នៃពិភពលោក។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុប៥០៤៤គ្រាប់។ ចំណែករុស្ស៊ីមាន៥៥៨០គ្រាប់។ អ្នកប្រាជ្ញាអែនស្តែនប្រមើលឃើញថាសង្គ្រាមលោកលើកទីបីគាត់មិនដឹងថាយកអាវុធអ្វីខ្លះទៅច្បាំងគ្នាទេ។ ប៉ុន្តែបើសង្គ្រាមលោកលើកទី៤គឺប្រើដុំថ្ម និងដំបងធ្វើជាអាវុធ។ មានន័យថារលត់រលាយអស់រលីងនូវអរិយធម៌ និងបច្ចេកវិទ្យាដែលមនុស្សជាតិខិតខំកសាងកាលពីពេលកន្លងមក។ ក្រោយពេលចប់សង្គ្រាមលោកលើកទី៣ បើមានមនុស្សនៅសេសសល់ ពួកគេនឹងរស់នៅបកក្រោយទៅរកសម័យបុព្វកាលវិញ៕
ចែករំលែកព័តមាននេះ