រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ប្រទេសផ្សេងៗ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន និងសូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គម នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ យ៉ាងដូច្នេះថា ៖ «ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានកាសែតបរទេសមួយ ចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម» ។
សម្តេចតេជោ បានលើកឡើងថា កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូ ជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួម ។
សម្តេចបានបញ្ជាក់ថា ៖ «ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ី នឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឲ្យខ្ញុំនិយាយឬកម្ពុជាមានសិទ្ធិនិយាយ ?» ។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញ ពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជា ធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀត ចូលរួម ឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ» ។
សូមជម្រាបដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដែលធ្វើឡើងនៅប្រទេសស្វីស ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយគ្មានវត្តមានភាគីសំខាន់ គឺរុស្ស៊ី ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មានក្នុងស្រុក នៅរសៀលថ្ងៃទី០៧ ខែមិថុនា ២០២៤នេះថា ៖ «វានឹងក្លាយទៅជាកំហុសដ៏ធ្ងន់ធ្ងរ និងក្លាយទៅជាការប្រមាថមួយ ចំពោះនយោបាយបរទេសរបស់កម្ពុជា ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន។ ការមិនទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកលរបស់កម្ពុជា គឺជាសិទ្ធិស្វ័យសម្រេចរបស់កម្ពុជាសុទ្ធសាធ កម្ពុជា មិនត្រូវចិនរារាំង មិនឲ្យចូលរួមទេ ហើយចិន ក៏មិនធ្វើរឿងបែបនេះ ដាក់ចំពោះកម្ពុជាដែរ។ ការមិនទៅចូលរួមរបស់កម្ពុជា វាក៏នឹងក្លាយទៅជាកំហុសដ៏ធំមួយរបស់អ្នកវិភាគនយោបាយមួយចំនួន ឬមេដឹកនាំណាមួយ ដែលតែងតែចាត់ទុកថា ចិន មកធ្វើចលនារារាំងកម្ពុជា មិនឲ្យទៅចូលរួម។ សម្តេចបញ្ជាក់ថា ប្រសិនបើចិនចង់ធ្វើរឿងបែបនេះដាក់កម្ពុជា ចិនក៏គ្មានលទ្ធភាព ដើម្បីរារាំងកម្ពុជា មិនឲ្យចូលរួមដែរ» ។
សម្តេចតេជោ ហ៊ុន សែន បានសង្កាត់ធ្ងន់ថា «អ្វីដែលជាការកត់សំគាល់របស់កម្ពុជា និងចោទសួរថា តើលទ្ធផល នៃកិច្ចប្រជុំកំពូលនេះ វានឹងទៅដល់ណា ? បើសិនជាកិច្ចប្រជុំកំពូលនេះ នៅត្រឹមតែថ្កោលទោសរុស្ស៊ី ដែលភាគីសំខាន់គឺរុស្ស៊ី មិនត្រូវបានគេអញ្ជើញឲ្យចូលរួមដោះស្រាយ តើកម្ពុជា មានការចាំបាច់ ដើម្បីចូលរួមធ្វើអ្វី ដែលវាគ្រាន់តែជាការបង្កើនអរិភាពបន្ថែមទៀតនោះ» ៕

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ