នៅទីបំផុត ក្រសួងវប្បធ៌និងវិចិត្រសិល្បៈ បានចាត់វិធានការទៅលើក្រុមកាត់សក់ដែលបានបង្ហាញកាយវិការមិនសមរម្យ បែបអាសអាភាសនៅក្នុងអាពាហ៍ពិពាហ៍មួយ ដើម្បីយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បន្ទាប់រូបភាពសកម្មភាពមួយនេះត្រូវបានគេផ្សព្វផ្សាយលើបណ្តាញសង្គមជាមួយនឹង ការិះគន់យ៉ាងចាស់ដៃពីមហាជន ។

យោងតាមសេចក្តីណែនាំ និងអំពាវនាវរបស់ក្រសួងវប្បធម៌ដែលចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ថ្មីៗនេះ ក្រុមប្រឹក្សាសីលធម៌នៃអ្នកសិល្បៈបានសង្កេតឃើញអំពីការចែករំលែកក្នុងបណ្តាញសង្គម ដើម្បីចូលរួមរិះគន់កែលំអចំពោះសកម្មភាពអសីលធម៌របស់ក្រុម
សិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន ដែលធ្វើឲ្យអាប់ឱនប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដំណឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល ។
ក្នុងន័យនេះ ក្រុមប្រឹក្សាសីលធម៌អ្នកសិល្បៈ សូមធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្តដូចខាងក្រោម ៖ សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឲ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្នូររបស់ជាតិដែលជាកេរដំណែលពីដូនតាមក ។
ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅក្រុមសិល្បៈទាំងនោះមកអប់រំកែប្រែ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ។ ក្នុងករណីនៅតែបន្តប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយនឹងត្រូវប្រកាន់យកតាមគោលការណ៍ដែលមានជាធរមាន ។
ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី ។ ក្នុងន័យនេះសូមអាណាព្យាបាលទាំងឡាយគួរពិនិត្យ និងពិចារណាឲ្យបានដិតដល់ក្នុងការស្វែងរកក្រុមសិល្បះនីមួយៗដែលចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជិវិតរបស់កូនចៅខ្លួន ។
លិខិតខាងលើ ក៏បានស្នើឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជាសកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ ។
ក្រុមប្រឹក្សាក្រុមសីលធម៌នៃអ្នកសិល្បះសូមគោរពអរគុណ និងថ្លែងអំណរគុណដោយជ្រាវជ្រៅចំពោះស្មារតីស្រឡាញ់ ការពារ និងចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិរបស់ពលរដ្ឋខ្មែរគ្រប់ៗរូបក្នុងការទប់ស្កាត់នូវរូបភាពអវិជ្ជមានគ្រប់ទម្រង់ដែលធ្វើឲ្យប៉ះពាល់តម្លៃនៃមរតកដូនតា ៕
ចែករំលែកព័តមាននេះ