ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លោក​ជ្រាប​ទេ​ នៅ​ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ប៉ុន្មាន ឈ្មោះ​អ្វីខ្លះ? (ត.មកពីលេខមុន)

3 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កាលសម័យខ្មែរក្រហម គេប្រើម៉ាស៊ីនភ្លើងអូសខ្សែភ្លើងបំភ្លឺចូលទៅក្នុង ដោយ

ខេត្តកំពង់ឆ្នាំង ៖ កាលសម័យខ្មែរក្រហម គេប្រើម៉ាស៊ីនភ្លើងអូសខ្សែភ្លើងបំភ្លឺចូលទៅក្នុង ដោយមានអំពូលភ្លើង​គ្រប់​ទីកន្លែង មាន​ខ្យល់​អុកស៊ីហ្សែន​ចេញចូល​ទៀត​ផង ប៉ុន្តែ​សព្វ​ថ្ងៃនេះ​ត្រូវ​បាន​គេ​បោះបង់​ចោល ។ គួររំលឹកថា អស់លោក​ជ្រាប​ទេ នៅ​ខេត្តកំពង់ឆ្នាំង​មាន​ភ្នំ​ប៉ុន្មាន​ឈ្មោះ​អ្វីខ្លះ ?

ភ្នំ​ចំពុះ​-​នៅ​ជិត​ផ្លូវជាតិ​លេង​៥ ហួស​ផ្សារ​ព្រៃខ្មែរ​បន្តិច គេ​ឃើញ​មាន​ភ្នំ​មួយ​ឈ្មោះ​ថា​ភ្នំ​ចំពុះ ។ ភ្នំ​នេះ​​ស្ថិត​ក្នុងភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ។ បច្ចុប្បន្ន ភ្នំ​មួយ​នេះ​ត្រូវ​បាន​គេ​សាងសង់​វត្ត និង​មាន​​ព្រះ​វិហារ​នៅ​លើ​កំពូលភ្នំ ។ អ្វី​ដែល​ជាទី​ចាប់អារម្មណ៍​នោះ គឺ​វត្ត​លើ​ភ្នំ​នេះ​មាន​ព្រះសង្ឃ​១​អង្គ​ល្បីល្បាញ​ស្រោច​ទឹក​ពូកែ​ស័ក្តិសិទ្ធិ​ណាស់​។ ជា​រៀងរាល់ថ្ងៃ​សីល មាន​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​នាំ​គ្នា​សម្រុក​ទៅ​ស្រោច​ទឹក​នៅ​លើ​ភ្នំ​នេះ​យ៉ាងច្រើន​កុះករ ។

ភ្នំ​ព្រះ​-​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹកហូត ។ កាលពីដើម ភ្នំ​ព្រះ​ជា​ភ្នំ​មួយ​ដែល​ល្បី​ថា​មាន​បារមី​ស័ក្តិសិទ្ធិ​ណាស់ និង​ជា​ភ្នំ​ជាប់​ពាក់ព័ន្ធ​ដល់​ប្រ​តិ​សាស្ត្រ​ទៀត​ផង ។ ឈ្មោះ​ពិត​របស់​ភ្នំ​នេះ គឺ​ឈ្មោះ «​ភ្នំ​ឥន្ទបត្ត​បុរី​» ។ តាម​ចាស់​ៗ​តំណាល​ថា ភ្នំ​នេះ​កាលពីដើម​មាន​គម្ពីរ​ក្បួនតម្រា​ធ្វើសឹក​សង្គ្រាម និង​មាន​វត្ថុ​ស័ក្តិសិទ្ធិ​ជា​ច្រើន​លាក់​នៅ​លើ​ភ្នំ​នេះ​ទៀត​ផង ។ កាលសម័យ​សៀម​ឈ្លានពាន​ចូល​ដល់​ក្រុង​លង្វែក ដោយសារ​ខ្លាច​បាត់​របស់​ដ៏​មាន​តម្លៃ​និង​ស័ក្តិសិទ្ធិ​ទាំងនេះ បុព្វបុរស​ខ្មែរ​យើង​បាន​ប្តូរ​ឈ្មោះ​ភ្នំ​ពី «​ភ្នំ​ឥន្ទបត្ត​បុរី​» មក​ឈ្មោះ​ភ្នំ​ព្រះ​ជំនួស​វិញ ។ កាល​ណោះ​ទ័ព​សៀម​បាន​មក​ភ្នំ​ឥន្ទបត្ត​បុរី​រក​មិនឃើញ គឺ​ឃើញ​តែ​ភ្នំ​ព្រះ​ក៏​ហួស​ទៅ​លង្វែក និង​ក្រុង​ឧដុង្គ​ទៅ ។

បច្ចុប្បន្ន ភ្នំ​ព្រះ ឬ​ភ្នំ​ឥន្ទបត្ត​បុរី នៅ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​គោរព​បូជា និង​មក​បន់ស្រន់​ដើម្បី​សុំ​សេចក្តីសុខ និង​សុំ​ការ​ប៉ង​ប្រា​ថា្ន​អ្វី​ៗ​តាម​សេចក្តី​ត្រូវការ ព្រោះតែ​ភ្នំ​នេះ មាន​បារមី​ស័ក្តិសិទ្ធិ​ណាស់ ។ ជាមួយ​គ្នា​នេះ ក៏​មាន​ដូនជី​តាជី សំណាក់​ធម៌​នៅ​តាម​អាស្រម​លើ​ភ្នំ​នេះ​ជា​ច្រើន ។ ប៉ុន្តែ​ថ្វីបើ​គេ​ឃើញ​ដូនជី​តាជី​ច្រើន​បែប​នេះ​មែន តែ​តាម​ការ​សង្កេត​របៀប​សូត្រធម៌​គឺខុស​ៗ​គ្នា ដែល​អាច​ស្តាប់​បាន​ថា មាន​អ្នក​កាន់សាសនាព្រះពុទ្ធ និង​សាសនាព្រាហ្មណ៍ ។ លើស​ពី​នេះ​ទៀត ភ្នំ​នេះ​មាន​វត្ត​ដល់​ទៅ​២ ។

ស្រុក​ទឹកផុស
ស្រុក​ទឹកផុស មាន​ចម្ងាយ​ប្រមាណ ៣០​គឺ​ឡូ​ម៉ែត្រ​ពី​ទី​រូ​ម​ខេត្តកំពង់ឆ្នាំង ។ ផ្លូវ​គម​នាគម​ន៍​ត​​ភ្ជាប់​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​ទៅ​ស្រុក​ទឹកផុស គឺ​ផ្លូវជាតិ​លេខ​៥៣ ជា​ផ្លូវ​ក្រាល​កៅស៊ូ ។ ស្រុក​មួយ​នេះ​មាន​ភ្នំ​ច្រើន​ជាងគេ គឺ​ជួរ​ភ្នំ​ឱ​រ៉ា​ល់លាតសន្ធឹង​ត​ភ្ជាប់​ដល់​ជួរ​ភ្នំក្រវាញ​ខេត្ត​ពោធិ៍សាត់ ។

ភ្នំ​ជើង​លាង​-​ស្ថិត​នៅ​ក្នុងភូមិ​កោះ​ខ្ទុ​ម ឃុំ​ជៀប ។ ភ្នំ​នេះ​តាម​ចាស់​ៗ​នៅ​តំបន់​នោះ​បាន​តំណាល​ត​ៗ​គ្នា​ថា ភ្នំ​ជើង​លាង ជា​ភ្នំ​មួយ​ដែល​មាន​បារមី​កាន់​និង​អ្នក​សច្ចំ​ថែរក្សា​ផង​ដែរ រាល់​ការ​បន់ស្រន់​សុំ​សេចក្តីសុខ​សប្បាយ​ជាដើម ។

កាល​ដើម​ឡើយ ប្រជាពលរដ្ឋ​ត្រូវការ​ចាន ឆ្នាំង កែវ ស្លាបព្រា សម្រាប់​ប្រើប្រាស់​ក្នុង​ពិធីបុណ្យ​ទាន​ផ្សេង​ៗ គ្រាន់តែ​ទៅ​បន់ស្រន់​សុំ​ខ្ចី​របស់​ទាំងនោះ ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី ឬ​អ្នក​សច្ចំ ដែល​ថែរក្សា​នៅ​ទីនោះ​នឹង​បាន​ដូច​បំណង យក​មក​ប្រើប្រាស់​បាន​ហើយ ។

ជា​រៀង​រាល់​ឆ្នាំ អ្នកស្រុក​តែងតែ​ទៅ​ធ្វើ​ពិធីបុណ្យ​លាង​អារក្ខ​អ្នកតា​នៅ​ទីនោះ ទើប​ក្រោយមក​បាន​ក្លាយទៅជា​ឈ្មោះ​ភ្នំ​ជើង​លាង ។ ប៉ុន្តែ​ដោយ​ការ​លោភលន់​របស់​មនុស្ស ក្រោយមក​បារមី​ទាំងនោះ​ចេះ​តែ​សាបរលាប​បន្តិច​ម្តង​ៗ ដល់​បច្ចុប្បន្ន​នេះ ដោយសារ​តែ​អ្នក​ដែល​បាន​យក​របស់​មក​ប្រើប្រាស់​ហើយ​ពេល​យក​ទៅ​សង​វិញ​មិន​គ្រប់​ចំនួន ឬ​បែកបាក់​មិន​ព្រម​ទិញ​ដាក់​សង​វិញ ។

ស្រុក​ទឹកផុស​មាន​ភ្នំ​ជា​ច្រើន​ទៀត ដែល​រៀបរាប់​មិន​អស់ តែ​តាម​អាជ្ញាធរ​ស្រុក​ប្រាប់​ថា បាន​ស្គាល់ឈ្មោះ​ភ្នំ​មួយ​ចំនួន​ដែរ​ដូច​ជា ភ្នំ​របង ភ្នំ​កញ្ជើ​បាយ ភ្នំ​ពាម​លោក ភ្នំ​តា​សាំ ភ្នំ​អង្គ ភ្នំ​គ្រេច ភ្នំ​សូ​រិ​យា ភ្នំ​ក្បាល​ខ្លា និង​ភ្នំ​រលាប​គុយ​ជាដើម ។ ភ្នំ​ទាំងនេះ​សុទ្ធតែ​ជា​ភ្នំ​ធំ​ៗ ដែល​អម​ដោយ​ឈ្មោះ​ភ្នំ​តូច​ៗ​ជា​ច្រើន​ទៀត​រាប់​មិន​អស់ ។

ស្រុក​ជល​គិរី
នៅ​ស្រុក​នេះ​មិនសូវ​មាន​ភ្នំ​ច្រើន​ប៉ុន្មាន​ទេ តែ​ក៏​មានឈ្មោះ​ភ្នំ​មួយ​ដែល​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​ដែរ គឺ ភ្នំ​គិរីវង្កត ឬ​ភ្នំ​ស្តេច​ស៊ី​ដោះ ។

ភ្នំ​គិរីវង្កត ឬ ភ្នំ​ស្ដេច​សុ​ី​ដោះ​-​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​មាន​ជំនឿ​ធ្វើ​ពិធីបួងសួង​ជា​រៀង​រាល់​ឆ្នាំ និង​ពិសេស​ពេល​អត់​ទឹកភ្លៀង​ជាដើម ។ ទាក់ទង​ដល់​ប្រវត្តិ​ឈ្មោះ «​ភ្នំ​គិរីវង្កត​» មក​ជា «​ភ្នំ​ស្តេច​ស៊ី​ដោះ​» នេះ យោង​តាម​ឯកសារ​ចងក្រង​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ក៏​ដូច​ជា​ការ​និទាន​ត​ៗ​គ្នា​នៅ​ក្នុងស្រុក​ជល​គិរី​បាន​លើក​ឡើង​ថា កាលពីដើម​ឡើយ មាន​ស្ដេច​មួយ​អង្គ​ព្រះ​នាម ព្រះ​ពោធិ៍​សោម បាន​ភៀស​ព្រះ​អង្គ​ពី​អង្គរវត្ត មក​លាក់ខ្លួន​នៅ​លើ​ភ្នំ គិរីវង្កត ក្នុងស្រុក​ជល
គិរី​នេះ ។ កាលនោះ​ព្រះ​អង្គ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​នេះ​ឲ្យ​ជីក​រូងដី​ចំនួន​២​នៅ​លើ​កំពូលភ្នំ ដើម្បី​សាងសង់​ប្រាសាទ​ពីលើ​រូង​ទាំង​២​នេះ សម្រាប់​លាក់​ព្រះ​កាយ ដោយ​រូង​ប្រាសាទ​ខាងកើត​ឈ្មោះ «​ប្រាសាទ​ប្រុស​» និង​រូង​ប្រាសាទ​ខាងលិច​ឈ្មោះ​«​ប្រាសាទ​ស្រី​» ។

ស្តេច​ព្រះ​ពោធិ៍​សោម មាន​ព្រានព្រៃ​ម្នាក់​ឈ្មោះ ស៊ី​កា ជា​អ្នក​បរបាញ់​សត្វព្រៃ​យក​សាច់​ធ្វើ​ព្រះ​ក្រយា​ថ្វាយ​ស្ដេច​សោយ​ជា​រៀងរាល់ថ្ងៃ ដោយ​ពុំដែល​អាក់ខាន​ម្តងណា​ឡើយ ។ នៅ​ថ្ងៃមួយ​នោះ នៅ​ពេល​ដែល​ព្រានព្រៃ​បាញ់​បាន​សត្វ​១​ក្បាល​ទុក​ប្រហែស ក៏​ត្រូវ​ឆ្កែ​លួច​អូស​យក​ទៅ​ស៊ី​បាត់ ។ ពេល​នោះ​ព្រានព្រៃ​ឈ្មោះ ស៊ី​កា ភ័យ​ខ្លាច​មានទោស​ក៏​ចេញ​បរបាញ់​សត្វ​មួយសា​ទៀត​តែ​រក​មិន​បាន​សោះ ហើយ​ក៏​ប្រទះឃើញ​សព​ស្ត្រី​ក្រមុំ​ម្នាក់​ដែល​ទើបនឹង​ស្លាប់​ហើយត្រូវ​សត្វ​សាហាវ​ក្នុង​ព្រៃ​ខាំ​ហែក​ស៊ី​ស្ទើរ​គ្មាន​សល់ ។

កាល​ណោះ ព្រានព្រៃ​សម្លឹង​ឃើញ​ត្រង់​សុដន់​សព​ស្ត្រី​នោះ​នៅ​មាន​សាច់​ល្អ ក៏​សម្រេច​ចិត្តចៀរ​កន្សោម​ដោះ​របស់​សព​ស្ត្រី​នោះ​យក​ទៅ​ធ្វើ​ជា​ព្រះ​ក្រយា​ថ្វាយ​ស្ដេច​សោយ​តែ​ម្តង ។ ក្រោយ​ពី​បាន​សោយ​ព្រះ​ក្រយា​នោះ​ហើយ ក៏​មាន​អារម្មណ៍​ងឿងឆ្ងល់​ថា វា​ជា​សាច់​អ្វី ? ហេតុ​អ្វី​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ម្ល៉េះ ? ហើយ​ទ្រង់​ក៏​បាន​សួរ​ទៅ​ព្រាន​ឈ្មោះ ស៊ី​កា នោះ​ថា «​តើ​សាច់សត្វ​អ្វី​បានជា​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​សាច់សត្វ​រាល់ដង​» ?

ដោយសារ​ការ​គំរាម​ចង់​សម្លាប់ ព្រាន ស៊ី​កា ក៏​ទូល​ថ្វាយ​ការ​ពិត​ពី​ដើម​ដល់​ចប់ ។ ស្តេច​ព្រះ​ពោធិ៍​សោម បានដឹង​ការ​ពិត​ហើយ​ក៏​បញ្ជា​ឱ្យដោះ​លែង​ព្រាន ស៊ី​កា ដោយ​ប្រាប់​ថា បើ​ថ្ងៃក្រោយ​បាញ់​សត្វព្រៃ​មិន​បាន​ទេ សូម​ចាប់​កូនក្រមុំ​ចៀរ​យក​ដោះ​មក​ធ្វើ​ព្រះ​ក្រយា​ឱ្យ​យើង​សោយ ។

ចាប់តាំងពី​ពេល​នោះ​មក នៅ​ពេល​ព្រាន​ដើរ​រក​បរបាញ់​សត្វ​ពុំ​បាន ក៏​នាំ​អាមាត្យ​ចុះ​ពីលើ​ភ្នំ​ទៅ​រក​ចាប់​មនុស្ស​ស្រី​នៅ​ច្រក​មួយ​ដែល​ជា​ច្រក​របស់​ប្រជាពលរដ្ឋ​ដើរ​ឡើង​ទៅ​លើ​ភ្នំ​ស្វែងរក​ជីក​ដំឡូង ដើម្បី​ចៀរ​យក​ដោះ​ធ្វើ​ក្រយា​ថ្វាយ​ស្តេច​សោយ ។ សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ហៅ​ច្រក​នោះ​ថា «​អ្នកតា​ច្រក​» ។

ចាប់តាំងពី​ពេល​នោះ​មក មនុស្ស​ស្រី​ដែល​រស់នៅ​ក្នុងភូមិ​នេះ​ចេះ​តែ​ស្លាប់​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ស្ងាត់​មនុស្ស​អស់ពី​ភូមិ ។ ថ្ងៃមួយ មាន​ចាស់ព្រឹទ្ធាចារ្យ​៤​នាក់ រស់នៅ​ក្នុងភូមិ​ព្រៃ​គ្រី បាន​នាំ​គ្នា​ទៅ​ប្ដឹង​ស្ដេច​ផែនដី ដែល​គង់នៅ​អង្គរវត្ត រឿង​ព្រះ​ពោធិ៍​សោម​បញ្ជា​ឱ្យ​ពួក​ព្រាននិង​អាមាត្យ​ចាប់​ស្ត្រី​ដែល​រស់នៅ​ក្នុងភូមិ​សម្លាប់ វះ​យក​កន្សោមដោះ​ទៅ​ធ្វើ​ព្រះ​ក្រយា​ជា​រៀង​រាល់ថ្ងៃ​បែប​នេះ ។

ក្រោយ​ពី​បាន​ស្ដាប់​ការ​ទូល​ថ្វាយ​របស់​ចាស់ព្រឹទ្ធាចារ្យ​ទាំង​៤​រូប​រួច​មក ស្ដេច​ផែនដី​ក៏​បាន​ត្រាស់​បញ្ជា​ឱ្យ​ចាស់ព្រឹទ្ធាចារ្យ​ប្រើ​ល្បិច​ដោយ​នាំប្រជាពលរដ្ឋ​ដែល​នៅ​សល់ នាំ​គ្នា​ជីករណ្ដៅ​ឱ្យ​ជ្រៅ ហើយ​ថែម​ទាំង​ធ្វើ​គន្លឹះ​យន្ត​ដាក់​នៅ​ក្នុងរណ្ដៅ​នោះ ។ បន្ទាប់​មក នាំ​គ្នា​ទៅ​យាង​ព្រះពោធិ៍​សោម​ឱ្យមក​មើល​ការ​ច្រៀង​រាំ​កម្សាន្ត​របស់ប្រជាពលរដ្ឋ ព្រមទាំង​មានការ​អមដំណើរ​ដោយមាន​ពួក​ភីលៀង និង​សេនា អាមាត្យ​ជា​ច្រើន​នាក់ ។

បន្ទាប់​មក ពួក​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ចុច​គន្លឹះយន្ត​ដើម្បី​ទម្លាក់​ស្ដេច​អង្គ​នោះ​ចូល​ក្នុង​រណ្ដៅ ព្រមទាំង​ទម្លាក់​ដុំ​ថ្ម​តូច​ធំ​ជា​ច្រើន​ចូល​ទៅ​ក្នុង​រណ្ដៅ​នោះ ធ្វើ​ឱ្យ​ស្ដេច​ព្រះ​ពោធិ៍​សោម​សុគត​នៅ​ក្នុង​រណ្ដៅ​គន្លឹះ​យន្ត​នោះ​ទៅ ។ ក្រោយ​ពី​សេ្ត​ច​ព្រះ​ពោធិ៍​សោម​សុគត​ទៅ ប្រជាពលរដ្ឋ​ក៏​បាន​រស់នៅ​សុខក្សេមក្សាន្ត ហើយ​បាន​ប្រែ​ឈ្មោះ«​ភ្នំ​គិរីវង្កត​»​ទៅ​ជា «​ភ្នំ​ស្តេច​ស៊ី​ដោះ​»​តាំងពី​ពេល​នោះ​មក ។ ក្រៅពី​ភ្នំ​ស្តេច​ស៊ី​ដោះ ស្រុក​ជល​គី​រី​មាន​ភ្នំ​ជា​ច្រើន​ទៀត​ដែរ ដូច​ជា ភ្នំ​ដោះ​ក្រមុំ ភ្នំ​ដង ភ្នំ​ក្ងោកមាស ភ្នំ​ព្រៃ​គ្រី​ជើង និង​ភ្នំ​ព្រៃ​គ្រី​ត្បូង​ជាដើម ។

ស្រុក​សាមគ្គី​មាន​ជ័យ
ស្រុក​នេះ​មាន​ភ្នំ​មិន​ច្រើន​ប៉ុន្មាន​ទេ គឺ​មាន​ភ្នំ​មួយ​ដែល​ធំ​ជាងគេ គឺ​ភ្នំ​ជំ​រាយ ។
ភ្នំ​ជំ​រាយ​-​ភ្នំ​នេះ​មាន​ព្រំប្រទល់​ច្រើន​ឃុំ និង​ជាប់​ជាមួយ​ស្រុក​ទឹកផុស​ទៀត​ផង ។ បច្ចុប្បន្ន​មួយ​ផ្នែក​នៃ​ជើងភ្នំ​ជំ​រាយ បាន​ក្លាយជា​សាលា​ហ្វឹកហាត់​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តែ​បច្ចុប្បន្ន​នេះ​បាន​ក្លាយជា​ភ្នំ​សែន​រីករាយ ដែល​ជាទី​តាំង​ហ្វឹកហាត់​ផ្នែក​យោធា រហូត​ទីតាំង​ភ្នំ​នេះ​បាន​ក្លាយជា​កន្លែង​ធ្វើ​សមយុទ្ធ​ផ្នែក​យោធា​កម្ពុជា​-​ចិន ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ។

នៅ​មិន​ឆ្ងាយ​ពី​ទីនោះ ក៏​មាន​ផ្ទៃដី​សម្បទាន​សង្គមកិច្ច និង​បាន​សង់ផ្ទះ​រាប់​ពាន់​ខ្នង​ជូន​ដល់​អតីត​យុទ្ធ​ជន ។ ក្រៅពី​ភ្នំ​ជំ​រាយ ស្រុក​ដាច់​ស្រយាល​មួយ​នេះ នៅ​មាន​ភ្នំ​ផ្សេង​ទៀត​ដូច​ជា ភ្នំ​ព្រះ​ធាតុ​ក្រោម ភ្នំ​ព្រះ​ធាតុ​លើ ភ្នំ​រមៀត​តូច ភ្នំរមៀត​ធំ និង​ភ្នំ​មួយ​ចំនួន​ទៀត ។

ក្រុង​កំពង់ឆ្នាំង​មាន​ភ្នំ​តែ​មួយ​ទេ
ភ្នំយោង​-​ភ្នំ​នេះ​គ្រាន់តែ​ជាទី​ទួល​តូច​មួយប៉ុណ្ណោះ ។ ប្រជាពលរដ្ឋ​ដាក់​ឈ្មោះ​ភ្នំយោង ដោយ​មាន​វត្ត​មួយ​ដែល​ទើប​កសាង​ថ្មី​ៗ ក្រោយ​ពី​មា​នប​ម្លា​ស់​ទី​អ្នក​រស់នៅ​ក្នុង​ទឹក​ឱ្យ​ឡើង​លើគោក ហើយ​បាន​កកើត​វត្ត​ថ្មី​ឈ្មោះ​វត្ត​ភ្នំយោង​ដល់​បច្ចុប្បន្ន ។

ដោយឡែក សម្រាប់​ស្រុក​កំពង់ត្រឡាច និង​ស្រុក​បរិបូណ៌ មិន​មាន​ភ្នំ​ទេ ។

ការ​រៀបរាប់​ខាងលើ គ្រាន់តែ​ជា​ឈ្មោះ​ភ្នំ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប៉ុណ្ណោះ និង​គ្រាន់តែ​រៀបរាប់​ត្រួស​ៗ ក្នុង​គោលបំណង​ជា​ការ​ផ្តល់​ចំណេះដឹង​ខ្លះ​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​អាន​ដែល​តែងតែ​គាំទ្រ​សារព័ត៌មាន​កោះសន្តិភាព​រហូត​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ