ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់កម្លាំង! នាយករដ្ឋមន្ត្រីហ្វីជី អាយុ៧៥ឆ្នាំ ឈ្នះមេដាយការប្រកួតអត្តពលកម្មអន្តរជាតិ

2 អាទិត្យ មុន

ប្រទេសហ្វីជី ៖ នាយករដ្ឋមន្ត្រីប្រទេសហ្វីជី លោក Sitiveni Rabuka ដែលមានអាយុ៧៥ឆ្នាំទៅហើយនោះ

ប្រទេសហ្វីជី ៖ នាយករដ្ឋមន្ត្រីប្រទេសហ្វីជី លោក Sitiveni Rabuka ដែលមានអាយុ៧៥ឆ្នាំទៅហើយនោះ កាលពីពេលថ្មីៗនេះ បានឈ្នះមេដាយសំរឹទ្ធ១គ្រឿង លើការប្រកួតវិញ្ញាសាកីឡាចោលដុំដែក ព្រឹត្តិការណ៍ជើងឯកអត្តពលកម្មអន្តរជាតិទ្វីបអូសេអានី (Oceania Championships) យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និងកាសែត The Guardian កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី Sitiveni Rabuka គឺជាអតីតទាហាន និងអត្តពលិក ដែលធ្លាប់តំណាងហ្វីជីចូលរួមប្រកួតកីឡាអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍ Commonwealth Games ឆ្នាំ ១៩៧៤។ មិនតែប៉ុណ្ណោះ លោកក៏ជាកីឡាករបាល់ឱបនៅក្នុងប្រទេសកំណើតរបស់លោកផងដែរ។

ទោះយ៉ាងណាក៏ដោយ ការភ្ញាក់ផ្អើលបានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយលោក Rabuka បានឈ្នះមេដាយសំរឹទ្ធ១គ្រឿង ក្រោយបញ្ចប់នៅចំណាត់ថ្នាក់ទី ៣ នៅក្នុងការប្រកួតប្រភេទកីឡាអាយុលើស៦៥ឆ្នាំ នៃព្រឹត្តិការណ៍ Oceania Championships ដែលធ្វើឡើងនៅក្នុងទីក្រុងស៊ូវ៉ា (Suva) ប្រទេសហ្វីជី។

មេដឹកនាំគណបក្សសម្ព័ន្ធប្រជាជន (People’s Alliance) រូបនេះ បញ្ចប់ការចោលដុំដែករបស់លោកនៅចម្ងាយ ៧.០៩ម៉ែត្រ ខណៈមេដាយមាស និងប្រាក់ បានទៅលើកីឡាករជនជាតិអូស្ត្រាលី។ លោកនាយករដ្ឋមន្ត្រីហ្វីជីរូបនេះ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «សូម្បីតែអាយុ៧៥ឆ្នាំក៏ដោយ ក៏ខ្ញុំសង្ឃឹមថានឹងជំរុញទឹកចិត្តក្មេងៗជំនាន់ក្រោយ បង្កើតទម្លាប់រក្សាកាយសម្បទា និងមានសុខភាពល្អ»។

គួរបញ្ជាក់ថា លោក Sitiveni Rabuka ដែលជាអតីតទាហាន ក៏ដូចជាអត្តពលិក បានកាន់តំណែងនាយករដ្ឋមន្ត្រីប្រទេសដែនកោះហ្វីជីចំនួន ២ លើក ដោយលើកទី១ នៅឆ្នាំ ១៩៩២ ដល់ឆ្នាំ ១៩៩៩ និងលើកទី ២ ឆ្នាំ ២០១៨ រហូតដល់សព្វថ្ងៃ៕ (ប្រភព ៖ Reuters និង The Guardian)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ