ទីក្រុងហាណូយ៖ តើនេះជារឿងចៃដន្យ ឬក៏ជាអព្ភូតហេតុចម្លែកនៅលើទឹកដីនៃទីក្រុងហាណូយដែលជាបេះដូងរបស់ប្រទេសវៀតណាម? កាលពីព្រឹកថ្ងៃពុធមានផ្លេកបន្ទោរ និងរន្ទះជាង១ម៉ឺនករណី។ នេះបើតាមការសង្កេតរបស់ក្រសួងឧតុនិយមវៀតណាម។ ក្នុងនោះ បាតុភូតរន្ទះបាញ់កើតឡើង៧០០០ករណីបាញ់ពីលើមេឃមកលើដី។ ប៉ុន្តែហេតុការណ៍នេះមិនបានឆក់យកជីវិតមនុស្ស-សត្វសូម្បីតែម្នាក់ ឬ១ក្បាល។ ប៉ុន្តែនារីម្នាក់រងរបួសធ្ងន់ធ្ងរត្រូវគេបញ្ជូនទៅសង្គ្រាះបន្ទាន់។

លោកហង្សឌឹកកឿង (Hoàng Đức Cường) ជាអនុប្រធានការិយាល័យឧតុនិយមប្រាប់ថាចាប់ពីម៉ោង៦-៧ព្រឹកថ្ងៃពុធ មានបាតុភូតផ្លេកបន្ទោរ និងរន្ទះ៣៥០០ករណីនៅលើផ្ទៃមេឃនៃទីក្រុងហាណូយ។ ក្នុងនោះ រន្ទះបាញ់មកលើផ្ទៃដីមាន២៣០០ករណី។ មួយម៉ោងក្រោយមក រន្ទះបាញ់២៩០០ករណីទៀត។ ចាប់ពីម៉ោង៨-៩ព្រឹកថ្ងៃដដែល រន្ទះបាញ់១៨០០ករណីបន្ថែមទៀត។
លោកហង្សឌឹកកឿង (Hoàng Đức Cường) ដូច្នេះ គិតជាមធ្យមរៀងរាល់ដប់នាទីមានរន្ទះបាញ់៤៧០ដង។ នៅពេលនោះ ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងហាណូយ។ ដំណាក់កាលដែលមានផ្លេកបន្ទោរ និងរន្ទះខ្លាំងជាងគេចន្លោះពីម៉ោង៧:៤០-៨:៥០ព្រឹក។ លោកហង្សឌឹកកឿងប្រាប់ថាមិនមែនឱ្យតែរន្ទះដែលបាញ់ចុះពីលើមេឃសុទ្ធតែធ្លាក់ទៅលើដី១០០%ទេ។ វាអាស្រ័យទៅលើអាំងតង់ស៊ីតេ ឬកម្លាំងវ៉ុលរបស់អគ្គិសនីតិច ឬច្រើនកម្រិតណា។

រន្ទះបាញ់ពីលើមេឃមកដីមិនទៀងទាត់ទេ។ ជួនកាលបាញ់ត្រូវអគារ ដើមដូង ដើមត្នោត ដើមឈើ បាញ់ត្រូវចំមនុស្ស។ ជួនកាលបាញ់មិនចំទេ គ្រាន់តែបញ្ឆិតក៏អាចសម្លាប់មនុស្ស និងសត្វបានដែរដោយសារកម្លាំងអគ្គិសនី។

តាំងពីព្រឹកព្រលឹម នារីវ័យ៣០ឆ្នាំម្នាក់កំពុងដើរបេះបន្លែនៅក្នុងចម្ការសុខៗស្រាប់តែត្រូវរន្ទះបាញ់គាត់ បណ្ដាលឱ្យរងគ្រោះជាទម្ងន់។ ឥឡូវនេះ មិនទាន់ដឹងថាស្លាប់ ឬរស់នៅឡើយទេ។ បើប្រៀបធៀបជាមួយបាតុភូតភ្លៀងផ្គររន្ទះនៅវៀតណាមខាងជើងកាលពីពេលកន្លងមកឃើញថារន្ទះបាញ់យ៉ាងច្រើនកាលពីព្រឹកថ្ងៃពុធមិនមែនជារឿងថ្មីទេ។ នេះបើតាមលោកង្វៀនឌឹកហ្វឿង (Nguyễn Đức Phương) ជាប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធរ៉ាដានៃមជ្ឈមណ្ឌលជាតិឧតុនិយម និងធារាសាស្ត្រ។
លោកង្វៀនឌឹកហ្វឿង (Nguyễn Đức Phương)មិនមែនជារឿងថ្មីព្រោះកាលពីថ្ងៃទី១៩ ខែឧសភាដែលទើបតែកន្លងផុតទៅថ្មីៗនេះមានបាតុភូតផ្គររន្ទះជាង១០៧០០០ដង។ ក្នុងនោះត្រឹមតែរយៈពេលបីម៉ោង រន្ទះបាញ់មកលើដីចំនួន៤ម៉ឺនដងចាប់ពីម៉ោង៣-៦ល្ងាច។ លោកហង្សឌឹកកឿងថ្លែងថាវៀតណាមស្ថិតនៅលើទីតាំងដែលងាយនឹងរងគ្រោះដោយផ្លេកបន្ទោរ និងរន្ទះ។

ជារៀងរាល់ឆ្នាំ ប្រទេសនេះមានករណីផ្លេកបន្ទោរ និងរន្ទះបាញ់២លានដងក្នុង១ឆ្នាំៗ។ ទីតាំងដែលកើតមានបាតុភូតនេះខ្លាំងជាងគេគឺតំបន់ភ្នំ, តំបន់ភូមិកណ្ដាល , តំបន់ខាងជើង និងតំបន់ដីសណ្ដរទន្លេមេគង្គនៅវៀតណាមខាងត្បូង។ វៀតណាមខាងជើងនឹងមានភ្លៀងធ្លាក់ខ្លាំងជោគជាំរហូតដល់ថ្ងៃព្រហស្បតិ៍។ សូម្បីតែថ្ងៃសុក្រក៏មិនទាន់ដាច់គ្រាប់ភ្លៀងទាំងស្រុងដែរ គ្រាន់តែរាងស្បើយភ្លៀងបន្តិចវិញ៕

ចែករំលែកព័តមាននេះ