ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ ត្រូវបានគេស្គាល់ថា ជាខេត្តដែលសំបូរដោយដើមត្នោតច្រើនជាងគេ ក្នុងនោះផងដែរក៏មានជួរភ្នំជាច្រើន នៅខេត្តកំពង់ស្ពឺ ដែលភ្នំទាំងនោះ មានភាពស្រស់បស់ ដែលគួរឲ្យទាក់ទាញអារម្មណ៍អ្នកទស្សនា។ ចំណែកព្រៃឈើដ៏ខៀវស្រងាត់ នៅលើភ្នំមានភ្នំខ្លះទាប ខ្លះខ្ពស់ ហើយស្ថិតនៅក្រោមការគ្រប់គ្រងមួយផ្នែករបស់ប្រជាសហគមន៍នៅទីនេះ ខ្លះហើយដែរ ។
និយាយជារួម ក្រៅពីមានឈ្មោះជាខេត្តល្បីល្បាញ ក្នុងការផលិតស្ករត្នោត ដែលមានគុណភាពល្អបំផុត នៅក្នុងប្រទេសកម្ពុជាមកនោះ ខេត្តនេះក៏ផលិតទឹកត្នោតជូរ និងស្រាទឹកត្នោតជាច្រើនផងដែរ ។ ជាពិសេស គឺភ្នំឱរ៉ាល់តែម្តង ហើយក៏ជាភ្នំខ្ពស់ជាងគេបំផុតក្នុងខេត្ត ដែលភ្នំនេះ មានទីតាំងនៅស្រុកឱរ៉ាល់ និងមានព្រំដែនខណ្ឌខេត្តដូចជា កោះកុង ពោធិ៍សាត់ និងកំពង់ឆ្នាំង ។
បើនិយាយពីកំពង់ស្ពឺ គេអាចនិយាយបានថា ជាខេត្ត ដែលងាយស្គាល់បំផុត ព្រោះខេត្តនេះ ស្ថិតនៅភាគខាងលិច នៃរាជធានីភ្នំពេញ និងជាខេត្តសម្បូរទៅដោយជួរភ្នំជាច្រើន មិនចាញ់ខេត្តនានានោះឡើយ តែក្នុងចំណោមភ្នំទាំងនោះ នៅមានភ្នំ ដែលជាកន្លែងរមណីយដ្ឋានប្រវិត្តសាស្ត្រផង និងបូរាណវិទ្យាផងហើយ មានកន្លែងកម្សាន្តចំនួនទៀត ដែលមានប្រជាប្រិយភាពខ្លាំង គឺឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ ឬគិរីរម្យ ទឹកធ្លាក់ចំបក់ អំពែភ្នំ និងភ្នំព្រៃខ្មែរ ទឹកធ្លាក់ជ្រាវ និងភ្នំចាស់ ហើយភ្នំព្រះតែម្តង ដោយឡែកភ្នំស្រង់ជាភ្នំ ដែលមានវត្តអារាមច្រើនជាងភ្នំនានា ក្នុងខេត្តកំពង់ស្ពឺ ។
ស្រុកភ្នំស្រួច ជាស្រុកមួយ ដែលសម្បូរទៅដោយជួរភ្នំជាច្រើនផងដែរ ក្នុងនោះមានភ្នំធំ ភ្នំយាយម៉ៅពេជ្រនិល ភ្នំខ្នុរ ភ្នំលាក់ ភ្នំជ្រោះដំបង ភ្នំ៥៥៣ (ជាបណ្តុំភ្នំជាច្រើនស្អេកស្កះ) ភ្នំក្រឡាបឹង ភ្នំពោធិ ភ្នំដីច្រាំ ភ្នំត្រពាំងក្រឡឹង (បច្ចុប្បន្នប្រជាពលរដ្ឋហៅថា ភ្នំឥនត្រពាំងក្រឡឹងមានក្រុមហ៊ុនកិនថ្មគ្រប់គ្រងផងដែរ) ដែលភ្នំមួយនេះ មានប្រវត្តិទាក់ទងទៅនឹងការបាញ់សម្លា.ប់ក្រុមជនក្បត់ជាតិទៀតផង កាលពីជំនាន់សង្គមរាស្ត្រនិយម ទើបភ្ជាប់ឈ្មោះមកថា ភ្នំអិនត្រពាំងក្រឡឹង ដោយសារតែគេចាប់យកលោក ព្រាប ឥន្ទ ជីវិតនៅទីនេះ ។
នៅមានតំបន់ទេសចរណ៍មួយចំនួនទៀត នៅស្រុកនេះ តែយើងសូមទុកលើកយកមកបង្ហាញនៅពេលបន្ទាប់ ។ ដោយឡែកក្រុងច្បារមន ជាបេះដូងរបស់ខេត្ត មិនមានភ្នំដូចបណ្តាស្រុកដទៃនោះទេ តែមានរមណីយដ្ឋានជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រមួយកន្លែងនោះ គឺវត្តអំពែភ្នំ ។
លក្ខណៈពិសេស នៃតំបន់ រមណីយដ្ឋានទេសចរណ៍នេះ ពិតជាស្រស់ត្រកាលណាស់ បើនិយាយអំពីទីរមណីយដ្ឋានអំពែភ្នំនោះនរណាក៏គេស្គាល់កន្លែង កម្សាន្តប្រកប ដោយខ្យល់ជំនោរត្រជាក់ ផុសចេញពីទឹកស្ទឹងហូរបត់បែនវែងអន្លាយនេះដែរ ជាពិសេសក្រុមយុវជនយុវនារីតែម្តង ។
អំពែភ្នំនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញនោះឡើយ គឺមានចម្ងាយផ្លូវត្រឹមតែ៤៦គីឡូម៉ែត្រតែប៉ុណ្ណោះ រួចបត់ឆ្វេងដៃចូលតាមផ្លូវក្រួសក្រហមប្រហែលជា ២គីឡូម៉ែត្រ នោះនឹងបានឃើញប្រទះស្លាកសញ្ញារមណីយដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអំពែភ្នំ ឃុំសុពណ៌ទេព និងឃុំស្វាយ ក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តំបន់នេះមានទេសភាព នៃទឹកស្ទឹងហូរឆ្លងកាត់រួមផ្សំលំអ ដោយដើមឈើធំៗ ប្រឹងដុះប្រជ្រៀតគ្នាតាមមាត់ស្ទឹង និងជើងភ្នំដែលមានស្ពានយោលឆ្លងកាត់ពីភូមិតាំងទន្លេតភ្ជាប់ឆ្លងទៅភូមិអំពែភ្នំ។ ក្រៅពីនេះ យើងនៅសង្កេតឃើញមានវត្តអារាមចាស់មួយបណ្តែតខ្លួន នៅលើកូនភ្នំ ដែលជាទីសក្ការៈ របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទៅធ្វើបុណ្យទានតាមលក្ខណៈទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ ។
ស្រុកឧដុង្គ (បច្ចុប្បន្នជាក្រុងទៅឪដុង្គម៉ែជ័យ) ជាស្រុកមួយឋិតនៅភាគខាងជើងខេត្ត តែមានភ្នំតែ២ប៉ុណោះ ដែលភ្នំទី១ គេហៅភ្នំពាំងល្វា និងទី២ គេហៅថាភ្នំតូច ចំណែកឯស្រុកសាមគ្គីមុន្នីជ័យ ដែលជាស្រុកទើបបង្កើតថ្មី គឺពុំមានភ្នំនោះទេ ។
ស្រុកបន្តមកស្រុកសំរោងទង ៖ មានភ្នំម្រះព្រៅ, ភ្នំជាល, ភ្នំលិចទឹក, ថ្មពូក, ប្រជាវបាតភ្នំ និងនៅមានជាច្រើនទៀត ដែលនៅមិនទាន់បានស្រាវជ្រាវស្គាល់នៅឡើយ ។
ចំណែកស្រុកបរសេដ្ឋ ស្ថិតនៅភាគខាងត្បូងទីរួមខេត្ត មានភ្នំស្រែព្រីង (ជាប់ជើងភ្នំស្រង់ភ្នំស្រួច) ភ្នំតាកឹម ឱតូច ឱធំ ភ្នំកូប ភ្នំកក់ ភ្នំភក្តី និងភ្នំឳស្មៅខ្ចីជាដើម ។
ស្រុកគងពិសី ក៏មានភ្នំមិនចាញ់ខាងស្រុកបសេដ្ឋដែរ ក្នុងនោះមានភ្នំស្រង់ ភ្នំតាមោក ភ្នំបាក់ខែង ភ្នំកគោ ភ្នំអាចម៍ទីទុយ ភ្នំស្រួច ភ្នំពេជ្រមុនី(បច្ចុប្បន្នត្រូវបានក្រុមហ៊ុនឧកញ៉ា អ៊ុតធី កិនថ្មគ្រប់គ្រង) ភ្នំស្រែមាន់ ភ្នំក្អែកទុំ និងភ្នំជាច្រើនទៀតដូចជាចង្អោរតូចទាំងអោរធំ ភ្នំវាលបារាំងនឹងនៅមានភ្នំជាច្រើនទៀត ដែលមិនមានអ្នកស្គាល់ឈ្មោះអស់ជាពិសេសក្នុងស្រុកថ្ពងក៏ពុំមានអ្នកស្គាល់ឈ្មោះភ្នំដែរ ។
ស្រុកឱរ៉ាល់ ៖ ជាស្រុកមួយស្ថិតនៅភាគខាងលិចខេត្ត មានភ្នំជាច្រើនផងដែរ ដូចជាភ្នំឱរ៉ាល់ដែលភ្នំនេះ មានកម្ពស់១៨១៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ បើតាមការប្រៀបធៀបរបស់អាជ្ញារពាក់ព័ន្ធ ។ ជួរភ្នំឱរ៉ាល់នេះ មានភ្នំដូចជា ភ្នំជ្រាវភ្នំដូនពេញ ភ្នំប្រាក់ ភ្នំដង្កៀបក្តាម ភ្នំក្រោលស្វា ភ្នំដោះក្រមុំភ្នំរមាំងសជាដើម ។
បើសិនប្រិយ៍មិត្តបានស្គាល់លើសពីអ្វី ដែលអង្គភាពយើងផ្សាយសូមជួយប្រាប់បន្ថែមផង ៕














ចែករំលែកព័តមាននេះ