ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករជិះស្គីទឹកកកដ៏ឆ្នើមម្នាក់ និងមិត្តស្រី ស្លា.ប់ឱបគ្នា ក្នុងឧបទ្ទវហេតុធ្លា.ក់ពីលើភ្នំដ៏រន្ធ.ត់

2 អាទិត្យ មុន

ប្រទេសអ៊ីតាលី ៖ ពិភពកីឡារដូវរងារ ឬ Winter Sports បានធ្វើការកាន់ទុក្ខចំពោះមរណភាពរបស់

ប្រទេសអ៊ីតាលី ៖ ពិភពកីឡារដូវរងារ ឬ Winter Sports បានធ្វើការកាន់ទុក្ខចំពោះមរណភាពរបស់លោក Jean Daniel Pession កីឡាករជិះស្គីទឹកកកនៃព្រឹត្តិការណ៍ World Cup រួមនឹងមិត្តស្រី Elisa Arlian នៅក្នុងឧបទ្ទវហេតុធ្លាក់ពីលើភ្នំ Zerbion នៅក្នុងប្រទេសអ៊ីតាលី។

យោងតាមប្រភពពីសារព័ត៌មានធំៗនៅជុំវិញពិភពលោក កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ បានរាយការណ៍ថា កីឡាករ Jean Daniel Pession អាយុ២៨ឆ្នាំ និងមិត្តស្រី Elisa Arlian អាយុ​២៧ឆ្នាំ បានធ្លាក់ពីលើភ្នំ Zerbion រយៈកម្ពស់ ៧០១ម៉ែត្រ នៅអំឡុងពេលអ្នកទាំងពីរធ្វើដំណើរផ្សងព្រេងកម្សាន្ត កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ អ្នកទាំងពីរបានស្លាប់ភ្លាមៗ បន្ទាប់ពីការធ្លាក់ចុះដ៏រន្ធត់។

សហព័ន្ធកីឡារដូវរងាប្រទេសអ៊ីតាលី បានបញ្ជាក់អំពីឧប្បត្តិហេតុដ៏រន្ធត់នេះ ដោយបង្ហាញពីគ្រោះថ្នាក់មើលមិនឃើញ សូម្បីតែអ្នកជិះស្គីអាជីព និងអ្នកចូលចិត្តដើរផ្សងព្រេងព្រៃភ្នំដ៏មានបទពិសោធន៍យ៉ាងណាក៏ដោយ។ សហព័ន្ធបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «កីឡាករ Jean Daniel Pession អាយុ២៨ឆ្នាំ ដែលជាសមាជិកក្រុមអ៊ីតាលីនៃការប្រកួតព្រឹត្តិការណ៍ពិភពលោក World Cup រួមនឹងមិត្តស្រីបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុធ្លាក់ពីលើភ្នំដ៏រន្ធត់។ លោក Flavio Roda ដែលជាប្រធានសហព័ន្ធ រួមនឹងសហព័ន្ធទាំងមូល សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ Pession សម្រាប់សោកនាដកម្មដ៏សោកសៅនេះ»។

សហព័ន្ធបានបន្ថែមថា «ស្ថិតនៅក្នុងរយៈពេលនៃអាជីពរបស់ Pession ដែលកើតនៅតំបន់ជ្រលងភ្នំ Aosta បានទទួលលទ្ធផលល្អបំផុតនៅឆ្នាំ ២០២១ ដោយបានជាប់ចំណាត់ថ្នាក់ទី ១៥ ការប្រកួតព្រឹត្តិការណ៍ World Cup ខណៈនៅព្រឹត្តិការណ៍ World Championships ឆ្នាំ ២០២២ នៅប្រទេសបារាំង Pession បានមកដល់ទីនៅចំណាត់ថ្នាក់ទី ២២។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអះអាងថា ក្រុមគ្រួសារ Pession និង Arlian មានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលមិនឃើញពួកគេត្រលប់មកផ្ទះវិញ ក្រោយមកក៏បានរាយការណ៍ទៅកាន់អាជ្ញាធរ ឧទ្ធម្ភាគចក្រចំនួន៣គ្រឿង រួមទាំងប៉ូលិស ក្រុមសង្គ្រោះជំនាញឡើងភ្នំ និងក្រុមពន្លត់អគ្គីភ័យបានចាប់ផ្តើមបេសកកម្មភ្លាមៗតែម្តង។ ក្រោយមកអ្នកទាំងពីរត្រូវបានប្រទះឃើញស្លាប់ ហើយនៅតែឱបគ្នាជាប់ បន្ទាប់ពីការធ្លាក់ចុះនៅរយៈកម្ពស់ដែលគេជឿថាប្រហែល ២,៣០០ហ្វីត ឬ ៧០១ម៉ែត្រ។

គួរបញ្ជាក់ថា Zerbion គឺជាកំពូលភ្នំដ៏ល្បីមួយនៅជ្រលងភ្នំ Aosta ដែលពេញនិយមសម្រាប់បណ្តាអ្នកឡើងភ្នំ និងអ្នកជិះស្គី។ ប៉ុន្តែទោះយ៉ាងណា ទីដ៏ពេញនិយមមួយនេះ បានប្រែក្លាយទៅជាកន្លែងនៃគ្រោះថ្នាក់ដ៏អកុសលរបស់កីឡាករ Pession និងមិត្តស្រីទៅវិញ៕ (ប្រភព ៖ Marca, The Mirror, The Sun និង Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ