ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បានជា​ប្រធាន​ក្រុមប្រឹក្សា រាជធានី ខេត្ត ទូ​ទាំងប្រទេស

6 ខែ មុន

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​បាន​បញ្ជាក់​ថា ​សម្រាប់​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គជ​ប​) ​បាន​បញ្ជាក់​ថា ​សម្រាប់​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួលបាន​ប្រធាន​ក្រុមប្រឹក្សា​គ្រប់​រាជធានី​-​ខេត្ត​ ។

​ឯកឧត្តម ហង្ស ពុទ្ធា​ សមាជិក ​និង​ជា​អ្នកនាំពាក្យ​ គ​.​ជ​.​ប ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅរសៀ​ល​ថ្ងៃ​ទី​៤ ខែមិថុនា ​ឆ្នាំ​២០២៤​នេះថា​ លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត ​ជ្រើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ​មានភាព​ដូច​គ្នា ​នឹង​លទ្ធផល​បណ្តោះអាសន្ន​ ដែល​បាន​ប្រកាស​នា​ពេល​កន្លង​មក ​។

​ឯកឧត្តម ​អ្នកនាំពាក្យ​ បាន​បញ្ជាក់​ថា​ ៖ «​ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត ​មាន​អាសនៈ សរុប​ចំនួន ​៥៥៩​អាសនៈ​ ក្នុង​នោះ គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បាន​៥០៤​អាសនៈ គណបក្ស​ឆន្ទៈ​ខ្មែរ​ ទទួល​បាន​៤៧​អាសនៈ គណបក្ស​កម្លាំង​ជាតិ​ ទទួល​បាន ៨​អាសនៈ​។ ក្នុង​នោះ គណបក្ស​ប្រជាជន​ ទទួល​បាន​ប្រធាន​ក្រុមប្រឹក្សា​គ្រប់​រាជធានី-​ខេត្ត ទាំង​២៥» ​។

​ឯកឧត្តម​ ក៏​បាន​ឲ្យ​ដឹង​ថា ​ចំពោះ​អាសនៈ​ ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ​សរុប​ចំ​នួន ​៣,៦៤១​អាសនៈ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​៣,២៥៧​អាសនៈ គណបក្ស​ឆន្ទៈ​ខ្មែរ ៣១២​អាសនៈ​ គណបក្ស ​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ​បាន​២​អាសនៈ គណបក្ស​កម្លាំង​ជាតិ បាន​៦៩​អាសនៈ​ និងគណបក្ស​ខ្មែរ​រួបរួម​ជាតិ ​បាន​១​អាសនៈ ។

ឯកឧត្តម​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​ ៖ «អ៊ីចឹង​តួលេខ​នេះ​ ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ​ទទួល​បានជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ទាំងអស់​នៅ​ទូ​ទាំងប្រទេស​»​ ។

សូម​ជម្រាប​ថា ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤ ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៤​ កន្លង​មកនេះ​ មាន​គណបក្ស​ នយោបាយ​ ចំនួន​៥​ បាន​ចូល​រួ ម​ប្រកួតប្រជែង​គឺ​ ៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្លាំង​ជាតិ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ