ផ្សិតប៉ក់ចាប់ផ្ដើមមានពីខែ៥ដល់ពាក់កណ្ដាលខែ៦ យកទៅលក់នៅថៃបានតម្លៃខ្ពស់
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ បើយើងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ទៅស្រុកវាល
ខេត្តពោធិ៍សាត់៖ បើយើងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ទៅស្រុកវាល
ខេត្តពោធិ៍សាត់៖ បើយើងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥៥ ពីទីរួមខេត្តពោធិ៍សាត់ទៅស្រុកវាលវែង យើងនឹងបានឃើញការធ្វើចរាចរណ៍ដោយម៉ូតូជាហូរហែ របស់បងប្អូនប្រជាពលរដ្ឋចេញដំណើរទៅរកផ្សិតភ្នំម្យ៉ាង ដែលអ្នកស្រុកគេឲ្យឈ្មោះថា ផ្សិតប៉ក់ឬផ្សិតផូងផាង។
តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ប្រភេទផ្សិតនេះគឺកើតចេញពីផេះផង់នៃភ្លើងឆេះព្រៃកន្លងមក។ លុះចាប់ផ្ដើមមានទឹកភ្លៀងនិងទឹកសន្សើម ក៍កើតចេញជាផ្សិតនេះឡើង។
ផ្សិតប្រភេទនេះគឺខុសពីផ្សិតធម្មតា ត្រង់ផ្សិតប៉ក់ឬផ្សិតផូងផាងនេះ ដុះនៅក្នុងដីផេះផង់និងដីខ្សាច់ ដែលមានរាងមូលៗដូចពងគ្រួច ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រេះឡើងលើ នៅទីកន្លែងដែលមានភ្លើងឆេះព្រៃកន្លងមក។ បើយើងមិនធ្លាប់បានការបង្ហាញពីអ្នកធ្លាប់រកទេ គឺយើងមិនអាចរកឃើញនោះទេ។ ផ្សិតនេះចាប់ផ្ដើមដុះពីខែឧសភា ដល់ពាក់កណ្ដាលខែមិថុនាអស់ហើយ។
ប្រជាពលរដ្ឋដែលមករកផ្សិតនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ ក្នុងស្រុកភ្នំក្រវាញនិងបងប្អូនដែលរស់នៅតាមព្រំដែនស្រុកវាលវែង។ បងប្អូនទាំងអស់នេះបានវេចបាយម្ហូប ទឹកបំពង់ ចេញទៅរកផ្សិតនេះតាំងពីព្រលឹម រហូតដល់ម៉ោង៣ទៅម៉ោង៤រសៀល ទើបពួកគាត់ត្រឡប់មកវិញ។ នៅតាមដងផ្លូវ មានក្រុមឈ្មួញកណ្ដាលឈប់រថយន្ដដាក់ជញ្ជីងស្ទាក់ចាំទិញ ដែលមួយគីឡូក្រាមតម្លៃប្រមាណ២០.០០០រៀលឯណោះ។
ក្រុមឈ្មួញកណ្ដាលបានប្រាប់ឲ្យដឹងថា ពួកគាត់ម្នាក់ៗបានចំណាយលុយទិញពី២០លានទៅ៣០លានរៀលក្នុងមួយថ្ងៃ អ្នកខ្លះទិញយកទៅលក់បន្តឲ្យម៉ូយមកពីស្រុកភ្នំក្រវាញ អ្នកខ្លះទៀតទិញយកទៅលក់ផ្ទាល់ នៅច្រកព្រំដែនខ្មែរថៃ ក្នុងខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារជាដើម។ ផ្សិតនេះលក់បានតម្លៃខ្ពស់ មានតែនៅប្រទេសថៃទេ ក្រុមឈ្មួញតែងតែនាំយកទៅលក់នៅប្រទេសថៃ ហើយពួកគាត់ក៍មិនបានដឹងថា គេយកទៅធ្វើអ្វីដែរ មានប៉ុន្មានគេយកទាំងអស់។ តាមដឹង ផ្សិតប៉ក់ឬផ្សិតផូងផាងនេះ បងប្អូនប្រជាពលរដ្ឋខ្មែរ គេនិយមយកមកធ្វើម្ហូប ស្ងោរឬឆាជាមួយសាច់សត្វផ្សេងៗ ដែលមានរស់ជាតិឆ្ងាញ់ខុសប្លែកពីផ្សិតដទៃ។
សូមបញ្ជាក់ថា ផ្សិតប៉ក់ឬផ្សិតផូងផាងនេះ នៅខេត្តពោធិ៍សាត់មានដុះតែពីរស្រុកទេ គឺស្រុកភ្នំក្រវាញនិងស្រុកវាលវែង ចំណែកខេត្តជាប់ព្រំដែនមួយចំនួន ក៍មានដុះដោយកន្លែងដែរ ប៉ុន្តែមិនសំបូរដូចខេត្តពោធិ៍សាត់ទេ ៕
ចែករំលែកព័តមាននេះ