ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់គ្រូ គូ សុភាព បានបកស្រាយចម្ងល់ដែលថា «ចាញ់ជា​ព្រះ ឈ្នះជាមារ»

6 ខែ មុន

«ចាញ់ជា​ព្រះ ឈ្នះជាមារ» ពាក្យនេះតែងឮបងប្អូន​ប្រជា​ពលរដ្ឋខ្មែរ​យើងលើកឡើង ក្នុងពេលមាន

«ចាញ់ជា​ព្រះ ឈ្នះជាមារ» ពាក្យនេះតែងឮបងប្អូន​ប្រជា​ពលរដ្ឋខ្មែរ​យើងលើកឡើង ក្នុងពេលមានជម្លោះរឿងអ្វី​មួយ​កើតឡើង ។​

ជាក់ស្តែងនៅក្នុងវីដេអូ​គតិអប់រំខ្លីមួយ​កាលពីពេលថ្មីៗកន្លងទៅនេះ​ បន្ទាប់ពីមានក្មេងស្រីម្នាក់សួរសំណួរទៅកាន់លោកម្ចាស់គ្រូគូ សុភាពថា ធ្លាប់តែ​មានគេលើកឡើងថា ចាញ់ជាព្រះ ឈ្នះជាមារ ត្រង់ចំណុចដែលព្រះពុទ្ធយកឈ្នះមារ​មានន័យយ៉ាងណា​ដែរ?

ភិក្ខុវជិរប្បញ្ញោ គូ សុភាព បានមានថេរដីកាបកស្រាយថា ខ្មែរយើងអ្នកថា ចាញ់ជា​ព្រះ ឈ្នះជាមារ ប៉ុន្តែព្រះមិនដែលចាញ់មារឯណា ព្រះឈ្នះមាររហូត​ហ្នឹង ។ ប៉ុន្តែនៅក្នុងន័យខ្មែរយើង ចង់និយាយថា មិនចាំបាច់ទៅឈ្លោះ ទៅជេរបញ្ចោរ ទៅតវ៉ាអីអ៊ីចឹង​ទៅ ។ យើងមិនចាំបាច់យកអំពើអាក្រក់ ទៅឈ្នះអំពើអាក្រក់​របស់គេទេ បើគេអាក្រក់ហើយ បើគេប្រឡាក់លាមកហើយ យើងទៅប្រឡាក់ជាមួយដែរ ហើយយើងមិនស្អុយដែរ មិន​អ៊ីចឹង?

ប៉ុន្តែព្រះពុទ្ធជាម្ចាស់ ព្រះអង្គ​ឈ្នះមារខាងក្នុង គឺអកុសល ភាពសៅហ្មងក្នុងចិត្តព្រះអង្គ ព្រះអង្គ​ឈ្នះខ្លួនឯងហើយ មារខាងក្រៅអត់មកយាយីព្រះអង្គ​បានទេ គឺអានុភាពនៃបញ្ញានឹងធ្វើ​ឱ្យមារខ្លបខ្លាច ចាញ់ព្រះអង្គតែម្តង ។​

​អ៊ីចឹង​​ក្នុងន័យធម៌ បើយើងបកស្រាយចាញ់ជាព្រះ ឈ្នះជាមារហ្នឹង​ ក្នុងន័យថា យើងមិនទៅប្រកួត ប្រកាន់ ជេរបញ្ចោរគ្នា ឱ្យ​វាខ្លាំងជាងទៅ យើង​ឈ្នះ អា​ហ្នឹង​មិនឈ្មោះថាជាជ័យជម្នះទេ នៅក្នុងធម៌ ។ ជ័យជម្នះដែលខ្លាំង ហើយពូកែស័ក្តិសិទ្ធិមែនទែន ជ័យជម្នះដែលពិតប្រាកដមែនទែន ឈ្នះលើ​ខ្លួនឯង ឈ្នះលើកំហឹង អាហ្នឹង​ជាជ័យជម្នះដ៏ធំធេង ។

បើយើងដឹងថាគេខឹងហើយ យើងខឹងដែរ ទាំង២នាក់​ហ្នឹង​​ដូចបាចភ្លើងដាក់គ្នា​អ៊ីចឹង ។ ទាំង២នាក់ទទួលការក្តៅក្រហាយហ្នឹង​ដូចគ្នា ។ ប៉ុន្តែក្នុងន័យព្រះធម៌ ព្រះអង្គ​ថា បើយើងដឹងថាគេខឹងហើយ យើងអាចរក្សាចិត្តបាន​ មិនខឹងបាន ​បុគ្គល​ហ្នឹង​ឈ្មោះថាជាអ្នកឈ្នះ ក្នុងសង្គ្រាម ដែលគេយកឈ្នះបានដោយលំបាក ហើយយើងអត់មានពារវេរាទៅមុខវែងឆ្ងាយអីទេ ។ ប៉ុន្តែយើងបកស្រាយនៅតែបកស្រាយ ប៉ុន្តែ​យើងរៀបចំចិត្តគំនិតរបស់យើងឱ្យល្អ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ