ក្រៅពីផ្លែឈើហូបផ្លែដែលអ្នកស្រុកដាំតាមភូមិ និងហុចផលជាផ្លែតាមរដូវជាច្រើនប្រភេទ កម្ពុជានៅមានពពួកផ្លែឈើដែលដុះនៅក្នុងព្រៃ ហើយគេអាចហូបបានជាច្រើនប្រភេទថែមទៀត ។
ពពួកផ្លែឈើទាំងនេះវាក៏ផ្តល់ផលដល់អ្នកស្រុកជាប្រជាសហគមន៍នៅតាមតំបន់នានាបេះទទួលទាន និងលក់នៅលើទីផ្សារជាបន្តបន្ទាប់ដែរ ហើយផ្លែឈើទាំងនេះមានដូចជា ផ្លែព្រូស ឬមង្ឃុតព្រៃ, កន្ទួតព្រែ, ផ្លែក្រៀល ឬផ្លែត្រៀល, ផ្លែគុយ, និងផ្លែសំព័រ ជាដើម ។ ផ្លែឈើព្រៃហូបផ្លែទាំងនេះ ត្រូវគេប្រមូលផលពីព្រៃ ហើយចងលក់ដោយថ្លឹងជាគីឡូក្រាម ឬក៏ចងជាចង្កោម ដោយមានតម្លៃយ៉ាងហោចណាស់ក៏៣០.០០០រៀលឡើងដែរ នៅក្នុងមួយគីឡូក្រាម ។

ផ្លែព្រូស ជាប្រភេទផ្លែឈើព្រៃ ដែលមិនសូវមានអ្នកស្គាល់ និងធ្លាប់បរិភោគឡើយ ។ នៅពេលនេះអ្នកខ្លះគេហៅវាថា មង្ឃុតព្រៃ ដែលដើមរបស់វាច្រើនដុះខ្ពស់ៗនៅតាមព្រៃស្រោង និងព្រៃរបោះ ។ ព្រូសវាមានរសជាតិជូអែមលាយចត់តិចៗដោយសារតែជ័ររបស់វា ។ នៅក្នុងខែមិថុនា នេះវាជិតដល់ចុងរដូវហើយ ។
កន្ទួតព្រៃ គឺជាផ្លែឈើព្រៃ ដែលមានប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព ហើយវាត្រូវបានគេប្រើប្រាស់ជា ឱសថធម្មជាតិ ដើម្បីព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព ដូចជា ព្យាបាលការឈឺបំពង់ក ប្រឆាំងនឹងជំងឺបេះដូង ពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងការរលាក ទប់ស្កាត់គ្រោះក្នុងថង់ទឹកប្រមាត់ ហើយជាពិសេស គឺបង្កើនសកម្មភាពបញ្ចុះទឹកនោមអោយក្មេងជាងវ័យ និងជំនួយសក់អោយលូតលាស់ល្អ ។ វាមានរសជាតិចត់ខ្លាំង ប៉ុន្តែក្រោយ ពេលបរិភោគគេអាចលេបទឹកមាត់មានរសជាតិផ្អែមជាប់មាត់ ។

ផ្លែទ្រៀលឬផ្លែក្រៀល ឬ ផ្លែត្រៀល ជាប្រភេទផ្លែឈើព្រៃទុំព៌ណក្រហម មានរសជាតិជូរអែម និងរកបេះបាននៅតាមព្រៃក្នុងទឹកដីកម្ពុជាយើង ។ វាអាចមាននៅសឹងគ្រប់កន្លែង សូម្បីតែ នៅតាមវាលស្រែនៅតំបន់ខ្លះ ។

ផ្លែគុយ គឺជាប្រភេទផ្លែឈើដែលផ្លែពីដើមមានលក្ខណៈជាវល្លិ៍ តែវាតោងឡើងដើមឈើខ្ពស់ៗ ។ វាមានលក់ នៅរាជធានីភ្នំពេញជាហូរហែរ ដោយគេអាចយកផ្លែដែលទុំមកចុចអំបិល បុកម្ទេស មានរសជាតិឆ្ងាញ់ជាពិសេសសម្រាប់សុភាពនារី ហើយគេក៏អាចត្រាំ វាជាជ្រក់ទុកហូបបានយូរផងដែរ ។ អ្នកដែលចូលចិត្តទទួលទានម្ជូរ គឺភាគច្រើនសុទ្ធតែបានស្គាល់វា ។
ផ្លែសំព័រ ជាផ្លែឈើព្រៃមួយប្រភេទដែលមានរស់ជាតិជូរអែម ឆ្ងាញ់មិនចាញ់ផ្លែគុយប៉ុន្មានទេ ។ វា គឺជាផ្លែឈើព្រៃ ដែលគេអាចទទួលទានបានទាំងខ្ចី និងពេលទុំ ប៉ុន្តែគ្រាន់តែពេលខ្ចីវាជូរខ្លាំង ហើយគេនិយមយកមកជ្រក់ ហើយនៅពេលទុំវាមានរសជាតិជូអែម ស្រដៀងគ្នា ផ្លែគុយដែរ ៕




ចែករំលែកព័តមាននេះ